បើក​​ម៉ូតូ​លឿន​ស្លេវពេល​យប់​មិន​ប្រយ័ត្ន បុក​គោយន្ត​កន្ត្រៃ ពីក្រោយ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​

​ឧ​ត្ត​រ​មានជ័យ ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ បាន​កើត​ឡើង កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦៧ ចំណុច​ភូមិ​អូរ​គគី​លើ ឃុំលំទង ស្រុក​អន្លង់វែង ដោយ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ពីក្រោយ​បណ្តាល​ឲ្យ​ស្លាប់។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ ឈ្មោះ ញូ​ន ញ៉​ន ភេទ​ប្រុស អាយុ​២៦ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ ថ្មី ឃុំ​-​ស្រុក​អន្លង់វែង បើកបរ​ម៉ូតូ​ម៉ាក់​សង់​ហុងដា​ឌ្រី​ម C១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៨ ពាក់​ស្លាក​លេខ ភ្នំពេញ1FU-0267 បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ខូច​ម៉ូតូ។

រីឯ​អ្នកបើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ ផន ធាន់ ភេទ​ប្រុស អាយុ​៣២ ឆ្នាំ រស់នៅ ភូមិ​អូរ​តា​ម៉ែង ឃុំ​-​ស្រុក​អន្លង់វែង មិន​មាន​រងរបួស​ទេ។

សមត្ថកិច្ច​បាន​បន្ត​ថា មូលហេតុ​នៃ​ការ​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ បណ្តាល​មក​ពី​ម៉ូតូ​បើកបរ​លឿន ពេក។

បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន អធិការ​នគរបាល​ស្រុក បាន​ចាត់​កម្លាំង​ជំនាញ និង​ប៉ុស្តិ៍​រដ្ឋបាល​ចុះទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាមៗ ធ្វើ​កំណាត់​ហេតុ​វាស់វែង និង​ដកហូត​វត្ថុ​តាង​យកមក​រក្សាទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ចាត់ការ​តាម​នីតិ​វិធី រីឯ​ចំណែក​សាកសព បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
ចាន់ ធី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114