BREAKING NEWS
Search

ប៉ូលិសនៅរដ្ឋផ្លរីដាហាមឃាត់មន្ត្រីរបស់ខ្លួនមិនឲ្យពាក់ម៉ាស់

ប៉ូលិសនៅរដ្ឋផ្លរីដាបានបញ្ជាឲ្យមន្រ្តីរបស់គាត់មិនឲ្យពាក់ម៉ាស់មុខ និងបានហាមឃាត់ឧបករណ៍ការពាសុវត្ថិភាពផ្សេងៗពីការិយាល័យរបស់គាត់ ខណៈរដ្ឋនៅភាគខាងត្បូងសហរដ្ឋអាមេរិកមួយនេះបានទទួលរងនូវចំនួនអ្នកស្លាប់ដោយសារកូវីដ ១៩ ជារៀងរាល់ថ្ងៃ ។

យោងតាមកាសែតក្នុងស្រុក Ocala Star Banner បានឲ្យដឹងថា លោក Billy Woods មេប៉ូលិសតំបន់ Marion County ភាគកណ្តាលនៃរដ្ឋផ្លរីដាបានផ្ញើអ៊ីម៉ែលទៅតំណាងរបស់គាត់អំពីការហាមឃាត់ការពាក់ម៉ាស់ ។

អ៊ីមែលនោះសរសេរថា “បទបញ្ជារបស់ខ្ញុំនឹងនៅដដែលនៅពេលដែលអ្នកមានកាតព្វកិច្ច ឬធ្វើការជាបុគ្គលិករបស់ខ្ញុំ និងតំណាងការិយាល័យរបស់ខ្ញុំ ម៉ាស់នឹងមិនត្រូវបានពាក់នោះទេ” ។

លោក Woods បានបន្ថែមទៀតថា បទបញ្ជារបស់គាត់កើតឡើងដោយសារតែព្រឹត្តិការណ៍បច្ចុប្បន្ន បន្ទាប់ពីការស្អប់ខ្ពើមចំពោះការអនុវត្តច្បាប់នៅក្នុងប្រទេសរបស់យើងសព្វថ្ងៃនេះ ។

លោកក៏បាននិយាយផងដែរថា ភ្ញៀវទេសចរទៅកាន់ការិយាល័យប៉ូលិសនឹងមិនត្រូវបានអនុញ្ញាតឲ្យពាក់ម៉ាស់មុខសម្រាប់ហេតុផលដូចគ្នានេះក៏ដូចជាគោលបំណងសម្គាល់អត្តសញ្ញាណរបស់បុគ្គលណាម្នាក់ដែលដើរចូលទៅក្នុងបន្ទប់រង់ចាំ ។

ការពាក់ម៉ាស់មុខមិនមែនជាកាតព្វកិច្ចនៅរដ្ឋផ្លរីដានោះទេ ប៉ុន្តែរដ្ឋនេះគឺជាចំណុចមួយក្នុងចំណោមចំណុចក្តៅបំផុតនៃរោគរាតត្បាតនៅសហរដ្ឋអាមេរិក ។ រដ្ឋនេះបានចុះបញ្ជីការស្លាប់ដោយសារកូវីដ ១៩ ចំនួន ២១២ នាក់កាលពីថ្ងៃពុធ ខណៈ ២៧៦ នាក់កាលពីថ្ងៃអង្គារ ។

ជារួមនៅក្នុងរដ្ឋផ្លរីដាមានមនុស្សចំនួន ៨,៧៦៥ នាក់បានស្លាប់ដោយសារកូវីដ ១៩ ខណៈមានករណីឆ្លងជាង ៥៥០,៩០១ ករណីក្នុងចំណោមប្រជាជនចំនួន ២១ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ AFP