ប៉ូលិស​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម កាប់​យុវជន​ម្នាក់​របួសធ្ងន់
BREAKING NEWS
Search

ប៉ូលិស​ឃាត់ខ្លួន​ក្មេង​ទំនើង​មួយ​ក្រុម កាប់​យុវជន​ម្នាក់​របួសធ្ងន់

រតនគិរី ​៖ ជនរងគ្រោះ​ម្នាក់​ត្រូវ​ក្មេង​ទំនើង​មួយ​ក្រុម​ពួនស្ទាក់​កាប់​បម្រុង​ឲ្យ​ស្លាប់ ប៉ុន្តែ​សំណាងល្អ​មិន​ស្លាប់​គ្រាន់តែ​រងរបួស​ធ្ងន់។

ហេតុការណ៍​បង្ក​ហិង្សា​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៣៥​នាទី នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្លូវលំ​មួយ​ខ្សែរ ស្ថិតនៅ​ក្នុងភូមិ​ផា​ក់ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។

​យោងតាម​របាយការណ៍​របស់​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ នាក ង៉ែវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ត្រង់​ដៃ​ខាងស្តាំ​។ ខណៈ​ពេល​ដែល​ជនរងគ្រោះ​កំពុង​ដើរ​តាមផ្លូវ​ស្រាប់តែ​ជនសង្ស័យ​ពួនស្ទាក់​ធ្វើ​សកម្មភាព​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​កាប់​មកលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​តែម្តង​។

ក្រោយ​ពេល​កើតហេតុ​ជនរងគ្រោះ​ ត្រូវ​បាន​គេ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ​។​

​របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ភ្លាម ក៏​ចាត់​កម្លាំង​ប្រចាំ​បញ្ជា​របស់​អធិការ​ចុះ​ស្រាវជ្រាវ​រកមុខ​សញ្ញា​បាន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​អំពើហិង្សា​ចំនួន​៦​នាក់ ក្នុងនោះ​រួមមាន ទី​១-​ឈ្មោះ កា​ចិ ហ៊ីម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ​។ ទី​២-​ឈ្មោះ កាន់ ដង ងឺ​យ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស​។ ទី​៣-​ឈ្មោះ ព្រា ប៊ុនធឿន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ​។

ទី​៤-​ឈ្មោះ ពាង សីក ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​សិស្ស អ្នក​ទាំង​៤​នាក់​ខាងលើ​មាន​ទីលំនៅ​ភូមិ​ឃួន ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ​។ ទី​៥-​ឈ្មោះ ប៉ែ​ម លុត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កា​ចូ​ន​ក្រោម​ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ​។

និង​ទី​៦-​ឈ្មោះ ថ្លៃ ញ៉ែ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​កា​ចូ​ន​លើ ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ​។ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ដកហូត​វត្ថុតាង​ដាវ​សាំ​ម៉ូ​រ៉ៃ ចំនួន​២​ដើម និង​ខ្សែក្រវាត់​ចំនួន​១​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ ​បាន​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114