ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ថៃ បង្ហាញ​ថ្នាំញៀន​រាប់​តោន ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​លើ​៤​ករណី ធំៗ

ប្រទេស​ថៃ ៖ ម៉ា​ទឹកកក​រាប់​តោន និង​យ៉ាម៉ា រាប់លាន​គ្រាប់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ថៃ បង្ហាញ​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន​ក្នុងស្រុក ដែល​ថ្នាំញៀន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទាំងនេះ គឺ​បានមកពី​ការបង្ក្រាប​ក្នុង​កិច្ចប្រតិបត្តិការលើ៤ករណីធំៗ នៅក្នុង​ប្រទេស​ថៃ ។​

​យោងតាម​ការផ្សាយ​រប​ស់កា​សែត ថៃ​រ៉ាត់ និង ទូរទស្សន៍ប៉ុស្តិ៍​លេខ ៨ របស់​ថៃ បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ កម្លាំង​តម្រួត​ប្រឆាំង​គ្រឿងញៀន ខេត្ត​ណាក់​ខន​ភ្នំ បានដាក់​បង្ហាញ​នូវ​ប្រភេទ​ថ្នាំញៀន​ជាច្រើន ដែល​បង្ក្រាបបាន​ពីមុខ​សញ្ញា​លើ​៤ ករណី ព្រមទាំង​បាន​ចាប់ខ្លួន​មុខសញ្ញា​ទាំងនោះ​យកមក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់​ផងដែរ។​

កាសែត​ដដែល​បានលើកឡើង​នូវ​របាយការណ៍​របស់​សមត្ថកិច្ច ដែល​បាន​រៀបរាប់​ពី​កិច្ចប្រតិបត្តិការ​របស់​កម្លាំង​ជំនាញ ទៅលើ​មុខសញ្ញា​ទាំងនោះ ដោយ​ករណី​ទី ១ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ១៣ វេលា​ម៉ោង ១០និង ៤៥ នាទី ព្រឹក នៅខាងមុខ​ផ្សារ ខៅ​សាយ ក្នុង​ឃុំ​ខៅ​សាយ ស្រុក​ថាប់​ខ្ល ខេត្ត​ភី​ជី​ត ប្រទេស​ថៃ​ព្រមទាំង​មុខសញ្ញា​សង្ស័យ​ចំនួន ៣ នាក់ និង​រថយន្ត​អ៊ីស៊ុយ​ស៊ុយ ១ គ្រឿង។​

នៅក្នុង​កិច្ចប្រតិបត្តិការ​នោះដែរ សមត្ថកិច្ច​ជំនាញ​បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ១ លាន​គ្រាប់ ថ្នាំញៀន​ប្រ​ភេទ ខេ​តា​មីន ( ថ្នាំ​គ្រវី ) ទម្ងន់ ១០ គីឡូក្រាម។ សមត្ថកិច្ច​ក៏បាន​បញ្ជាក់ថា នៅក្នុង​ថ្ងៃបុណ្យ​បណ្តែតប្រទីប​កន្លងមក ជន​ទុច្ចរិត​បាន​ឆ្លៀតឱកាស​នាំ​គ្រឿងញៀន ចេញពី​តំបន់​មួយចំនួន នៅក្នុង​ប្រទេស​ថៃ សម្រុក​ចេញ​ទៅ​ភាគខាងត្បូង​នៃ​ប្រទេស ដើម្បី​ឆ្លងដែន​ចូលទៅ​ប្រទេស​ក្បែរ​ខាង ប៉ុន្តែ សមត្ថកិច្ច​ក៏បាន​ពង្រឹង​យ៉ាងខ្លាំង​ព្រមទាំង​បាន​បង្ក្រាប​ជាច្រើន​ករណី​ផងដែរ។

កិច្ចប្រតិបត្តិការ​លើក​ទី២ គឺ​ឃាត់ខ្លួន​មុខសញ្ញា​បាន៤ នាក់ រួម​ជាមួយនិង​ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា ៤ ម៉ឺន​គ្រាប់​ ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ២ ក្រាម និង​កញ្ឆា ១ គីឡូក្រាម នៅខាងមុខ ផ្សារ​អាវ​ណ​យ ក្នុងស្រុក​មឿង ប្រា​ជួប​សេរី​ខាន់ ខេត្ត​ប្រា​ជួប។ ឯ​កិច្ច​ប្រតិបត្តិការ​លើក​ទី ៣ គឺ​នៅ​អាកាសយានដ្ឋាន ដន​មឿង ដោយបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ក្នុងចំណោម​បក្ខពួក ២ នាក់ ( ម្នាក់​ បាន​ចេញទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ផុត ) នេះ​ដោយមាន​សេចក្តីរាយការណ៍​ពី​តម្រួត​ជប៉ុន​ផងដែរ ពាក់ព័ន្ធ​នឹង​ការជួញដូរ​ថ្នាំញៀន​នេះ ដោយ​កម្លាំង​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៨ គីឡូក្រាម ដែល​មុខសញ្ញា​នេះ​បាន​លាក់ទុក​នៅក្នុង​នាឡិកា​ព្យួរ​ជញ្ជាំង។​

នៅក្នុង​ថ្ងៃ​ដដែល​នោះដែរ​តម្រួត​ខេត្ត ណាក់​ខន​បាន បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ក្នុងនោះ​ថៃ​ម្នាក់ និង ជនជាតិ ភូមា ២ នាក់ រួម​ជាមួយនឹង​ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក ដែល​គេ​ច្រក​ក្នុងការុង​ជី ចំនួន​៨០ការុង ដោយ​ក្នុង ១ ការុង មាន​ទម្ងន់ ៨០ គីឡូក្រាម។

នៅក្នុង​ចំណោម​មុខសញ្ញា​ទាំងអស់នេះ ក៏មាន​មួយចំនួន​បាន​សារភាពថា ពួកគេ​ត្រូវបាន​ឈ្មួញ​ជួល​ឲ្យ​នាំ​ថ្នាំញៀន​ចេញពី​ស្រុក ម៉ែ​សត ក្នុង ខេត្ត​តាក ឆ្ពោះទៅកាន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ ដោយ​ក្នុង​មួយ​លើកៗ​ទទួលបាន​ប្រាក់​ឈ្នួល ១ សែន​បាត ឯមុខ​សញ្ញា​ខ្លះទៀត​បាន​និយាយថា ខ្លួន​បានតែ ២ម៉ឺ​ន បាត​តែប៉ុណ្ណោះ​ក្នុង​មួយ​លើកៗ ដោយ​គ្រាន់តែ​នាំ​ថ្នាំញៀន​ពី​ព្រំដែន​ប្រទេស​ឡាវ យកទៅ​លាក់ទុក​នៅ ឃុំ​ហាត​ផែង ស្រុក​សេរី​សុង​ក្រាម ក្នុង​ខេត្ត​ណ​ក់​ខន​ភ្នំ ដើម្បី​ឲ្យ​គេ​ដឹក​បន្ត​ទៅកាន់​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​ដូចគ្នា។ សរុប​រួម​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​របស់​សមត្ថកិច្ច​ទាំង​ប៉ុន្មាន​លើក​ខាង​លើ​នេះ​ គឺ​ទទួល​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន ១ តោន ព្រមទាំង​យ៉ាម៉ា​ចំនួន ៥ លាន គ្រាប់៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114