ប៉ូលិស​ស្នងការ​ខេត្តស្វាយរៀង​ម្នាក់ ត្រូវ​ឃាត់​ខ្លួន ក្រោយ​បង្ហោះ​សារ​ទាក់ទង​កូ​វីដ​១៩ ខុស​ពី​ការពិត​

​ស្វាយរៀង​ ៖ ឈ្មោះ សេម ឈិន នាយផ្នែក​ព្រហ្មទណ្ឌ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ស្វាយរៀង ត្រូវបាន​ចោទប្រកាន់​ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង តាម​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រោយពី​ឈ្មោះ​នោះ បាន​សរសេរ​បង្ហោះ​នៅ​លើ​បណ្តាញ​ព័ត៌មាន​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​សកម្មភាព​មួយចំនួន​របស់​នគរ​បាល​ក្រុង​ស្វាយរៀង ហើយ​ត្រូវបាន​អះអាង​ថា ជា​ការ​លើកឡើង​ខុស​ពី​ការពិត នាំ​ឲ្យ​មាន​រើសអើង នៅក្នុង​ជួរ​កងកម្លាំង នេះ​បើ​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ អ៊ូ វណ្ណា​រិ​ទ្ធិ ស្នងការ​រង​ទទួល​ផែនការ​ងារ​គ្រប់គ្រង​ធនធានមនុស្ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​។

ពាក្យ​បណ្តឹង​បាន​សរសេរ​ថា កាលពី​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០ ឈ្មោះ សេម ឈិន នាយផ្នែក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​សរសេរ​ព័ត៌មាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម តាមរយៈ​ផេ​ក​របស់​ខ្លួន​ដែលមាន​ឈ្មោះថា “​ទម្លាយ​រឿង​ពិត​” មាន​ខ្លឹមសារ​ថា នគរបាល​ខេត្តស្វាយរៀង​មានការ​ព្រួយបារម្ភ នូវ​ការឆ្លង​កូ​វីដ​១៩ ខណៈដែល​លោកស្នងការ​នៅតែ​បង្ខំ​ឲ្យ​កម្លាំង​រាប់រយ​នាក់ ហូបចុក មុជទឹក ដេក​នៅ​ជាមួយគ្នា​។ ផេ​ក​មួយទៀត​ឈ្មោះថា “​និស្សិត​ស្រី​” បាន​សរសេរ​ថា គេ​ថា ក្រោយ​ភ្លៀង​មេឃ​ស្រលះ មិន​ខុស​មែន ក្រោយ​សមត្ថកិច្ច​នគរ​បាល​ក្រុង​ស្វាយរៀង​ធ្វើការ​ចាប់​ឃាត់ បង្ក្រាប​យួន​លក់​ឆ្នោត​បាន​មួយ​ចម្អិន​កំពឹស​រួចមក យើង​បាន​ឃើញថា យួន​លក់​ឆ្នោត​នៅក្នុង​ក្រុង​ស្វាយរៀង​ទាំងមូល​បាន​កើនឡើង​ទ្វេដង​។

ករណីនេះ យើង​មិន​ដឹង​ថា អាជ្ញាធរ​កំពុងតែ​ដេកលក់ ឬក៏​ត្រូវ​គ្នា​យ៉ាងណា​ជាមួយ​យួន​លក់​ឆ្នោត​នោះទេ ប៉ុន្តែ​តាមច្បាប់​ស្រុក​ខ្មែរ គឺ​ជនបរទេស​មិនអាច​ប្រកប​រ​បរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​បែបនេះ​បានទេ រួមទាំង​ការឆ្លង​ដែន​ខុសច្បាប់​ផង​។

ពាក្យ​បណ្តឹង​បាន​បញ្ជាក់​ថា ដោយ​ពិនិត្យ​ឃើញ​ថា សំណេរ​ឈ្មោះ សេម ឈិន សរសេរ​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខុសពី​ការពិត មាន​ចេតនា​មួលបង្កាច់​អាជ្ញាធរ និង​សមត្ថកិច្ច​នគរបាល​នោះ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ចូល​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ជួយ​រក​យុត្តិធម៌ និង​ផ្ដន្ទាទោស​តាមច្បាប់​។

ទាក់ទង​បញ្ហា​នេះ កាល​ពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២០ កម្ពុ​ជាថ្មី បាន​សុំ​ការ​បញ្ជាក់​ពី​លោកឧត្ត​ម​សេនីយ៍​ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក​មិនអាច​អត្ថាធិប្បាយ​បានទេ និង​ឲ្យ​សួរ​ទៅ​តុលាការ​។ ចំណែក​តុលាការ​ការិយាល័យ​កម្ពុ​ជាថ្មី នៅ​មិនទាន់​ស្វែងរក​ការ​បញ្ជាក់​បានទេ នៅ​រសៀល​ថ្ងៃ​ដដែល ប៉ុន្តែ​បើតាម​លិខិត​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ចុះ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ ដាក់ចូល​ទៅកាន់​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង ឈ្មោះ សេម ឈិន បាន​សារភាព​ថា ខ្លួន​ពិតជា​មាន​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ​មែន ហើយ​ទទួល​ស្គាល់​ថា ពិតជា​បាន​ផុស​ប្រាកដ​មែន តែ​ការ​ផុស​នោះ​គ្មាន​ទទួល​បង្គាប់បញ្ជា​ពី​អ្នកណា​ទេ គឺ​គ្រាន់តែ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​បាន​មើលឃើញ និង​ជួយ​កែតម្រូវ​តែប៉ុណ្ណោះ៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114