ប៉ូលិស​ស្រុក​អណ្តូង​មាស ​ចុះ​បង្ក្រាប​សង្វៀន​បញ្ជល់​មាន់​ខុសច្បាប់​

​រតនគិរី ៖ ទីតាំង​សង្វៀន​បញ្ជល់​មាន់​ខុសច្បាប់​មួយកន្លែង ​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស ​ធ្វើការ​ចុះ​បង្ក្រាប​។​

​ការចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ត្រង់​ចំណុច​ក្នុងព្រៃ​បុស​ចាស់ ស្ថិតនៅ​ក្នុងភូមិ​តា​ណង ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្ត​រតនគិរី​។

​អធិការនគរបាល​ស្រុក​អណ្តូង​មាស ​លោក សោម ចាន់ណា​រ៉ា បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ដោយមាន​បទបញ្ជា​ពី​ លោក ឃេ​ន សានិ​ត អភិបាលស្រុក និង ​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​បាន​ដឹក​នាំ​កម្លាំង​អធិការ​នគរបាល​ស្រុក​ចុះបង្ក្រាប​កន្លែង​បញ្ជល់​មាន់​លួចលាក់​ខុសច្បាប់​១​កន្លែង​។

​លោក​ថា អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំងនោះ​បានដឹងខ្លួន​ទាន់​នាំគ្នា​រត់គេចខ្លួន​បាត់អស់ ហើយ​កម្លាំង​បាន​ចុះ​រុះរើ​រោង​សង្វៀន​ជល់​មាន់​ដោយ​ដកហូត​សម្ភារៈ​ដូចជា​ ៖ តុ១ ស៊ុត​មាន់​១៥ ធុង​ទឹក​កក​ចំនួន​១។​

ក្រោយពី​រឹបអូស​វត្ថុតាង​ខាងលើនេះ ​សមត្ថកិច្ច​ បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្ដូង​មាស​ផង​ដែរ​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114