ប៉ៃ​លិន​នាំ​ចេញ​ផ្លែ​​មៀន​ ឬ​តា​ង៉ែន​​ ទៅ​​​ក្រៅ​ប្រទេស​​​​បាន​​​​​៥៥០០ តោន​ទៅ​៦០០០​តោន ​ក្នុង​មួយ​ឆ្នាំ​

ផ្លែ​មៀន​​ ឬ​តាង៉ែន​ ក្នុង​ខេត្ត​ប៉ៃលិន ​​​​ត្រូវ​បាន​ចេញ​ទៅ​ក្រៅ​​ប្រមាណ​​៥៥០០ តោន​ទៅ​៦០០០​តោន​ ក្នុង​មួយ​ឆ្នាំ​។ នេះ​បើ​តាម​ប្រសាសន៍​លោក​ ធូ​ ភា អភិបាល​រង​ខេត្ត​ប៉ៃលិន​​បាន​ថ្លែង​ឱ្យ​ដឹង​ នៅ​ក្នុង​សន្និសីទ​​សារព័ត៌មាន​​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​​២០ ខែ​ឧសភា ឆ្នាំ​២០២០​នេះ។​

លោក​បាន​បន្ថែម​ថា​ ទីផ្សារ​ធំ​បំផុត​គឺ​នាំ​ចេញ​ទៅ​ប្រទេស​​ថៃ ខណៈ​បច្ចុប្បន្ន​ខេត្ត​ប៉ៃលិន​ ​​​មាន​​រោង​ចក្រ​សម្ងួត​​ អាច​សម្ងួត​បាន​​រាប់​​រយ​គីឡូ​ក្រាម ក្នុង​​​​មួយ​​ថ្ងៃ​​ ដែល​​អាច​ធានា​បាន​​​តាម​​បទដ្ឋាន​​ភូតគាម​អនាម័យ និង​​មាន​ការ​គាំទ្រ​​ពី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ។ ចំពោះ​​បញ្ហា​តម្លៃ​វិញ​​​បាន​​មាន​​ភាព​នឹងន​ ខណៈ​ម្ចាស់​ចម្ការ​មាន​ចេញ​វិញ្ញាបនបត្រ និង​​សមាគម ​​ទទួល​ស្គាល់​​មិន​ឱ្យ​ឈ្មួញ​​​ទម្លាក់​តម្លៃ​បាន​​ឡើយ​។

លោក​បាន​បន្ថែម​​ថា​ នៅ​​ពេល​​ឆាប់​ៗ​ខាង​មុខ​​​​ផ្លែ​មៀន​ ឬ​តាង៉ែន​ ខេត្ត​ប៉ៃលិន​ គ្រោង​នឹង​នាំ​ចេញ​​ទៅ​​ទីផ្សារ​ប្រទេស​ចិន​​បន្ថែម​ទៀត​ ប៉ុន្តែ​ដោយ​​សារ​បញ្ហា​ការ​​ឆ្លង​រីក​រាលដាល​​នៃ​កូវីដ១៩ ​​ការ​ចុះ MOU មិន​ទាន់​កំណត់​ពេល​នៅ​ឡើយ​។ ​ផ្លែ​មៀន​ ឬ​តា​ង៉ែន​ ខេត្ត​ប៉ៃលិន​មាន​​រសជាតិ​​ផ្អែម​ឆ្ងាញ់​​ជាប់​ចិត្ត​ខុស​ប្លែក​ពី​ផ្លែ​មាន​​​នៅ​តំបន់​ផ្សេង​៕

ចុចអាន៖ ការ​ផ្អាក​នាំ​អង្ក​រ​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ​នេះ​មិន​មាន​ផល​ប៉ះពាល់​នោះ​ទេ​ ខណៈ​​​​អង្ករ​​ក្រអូប​ រដ្ឋាភិបាល​នៅតែ​បន្ត​ឲ្យ​នាំ​ចេញ​ដដែល

​​​​​​​​​​​