ប្រកាស​ដាក់​ឲ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី ​នៃ​រដ្ឋបាល​ស្រុក​កូន​មុំ​

រតនគិរី ៖ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ដំណើរការ ការ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ស្រុក​កូន​​មុំ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​អនុប្រធាន​មន្ទីរ​អង្ក​ភាព​ជុំវិញ​ខេត្ត​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​សាលាស្រុក​ជាច្រើនរូប​ទៀតផង​ដែរ​។

មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នេះ ​លោក​អភិបាលខេត្ត បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋបាល​ស្រុក​កូន​មុំ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​បម្រើ​ឲ្យ​សេចក្តីត្រូវការ របស់​ប្រជាពលរដ្ឋ​ស្រប​​តាម​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។ លោក​បាន​បន្តថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា​អនុវត្ត​គោលនយោបាយ​វិម្ឈការ និង​វិសហមជ្ឈការ​​រាជរដ្ឋាភិបាល​មាន​គោលបំណង​សំខាន់ៗ​ចំនួន​៣ ដើម្បី​ឲ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដំណើរការ​ទៅ​ប្រកបដោយ​ភាពរលូន ទី​១ គឺ​ការ​ពង្រីង​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​ឲ្យ​ចាក់​គ្រឹះ​នៅ​មូលដ្ឋាន​តាមរយៈ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ខេត្ត​- ក្រុង ស្រុក​- ខណ្ឌ​- ឃុំ -​សង្កាត់ ដែលជា​តំណាង​របស់​ប្រជាពលរដ្ឋ និង​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការគ្រប់គ្រង​រដ្ឋបាល​មូលដ្ឋាន តាមរយៈ​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ ទី​២ គឺ​លើក​​កម្ពស់​និង​ប្រសិទ្ធភាព​នៃ​ការអភិវឌ្ឍន៍ តាមរយៈ​ការ​នាំ​មក​នូវ​ការ​និង​រចនាសម្ព័ន្ធ​គ្រប់គ្រង ស្របតាម​នយោបាយ​កំណែ​ទម្រង់​វិ​ម្ឈ​ការ​និង​វិសហមជ្ឈការ​សំដៅ​ផ្ទេរ​មុខងារ និង​ធន​ធាន​ទៅ​ឲ្យ​ថ្នាក់ក្រោម​ជាតិ​ដែល​នៅ​មាន​លទ្ធភាព​មាន​ភាព​ម្ចាស់​និង​ការទទួលខុសត្រូវ​ក្នុង​ការផ្តល់សេវា​ និង ​ការអភិវឌ្ឍន៍​មូលដ្ឋាន ដើម្បី​និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាក់ស្តែង​នានា​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ឲ្យ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិ​យា​ប័ន្ន និង​សមធម៌​សង្គម​។ ទី​៣ លើកកម្ពស់​និង​ភាពជា​ម្ចាស់​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ពាក់ព័ន្ធ​នឹង​ការដឹកនាំ និង​អភិវឌ្ឍ​មូលដ្ឋាន​សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​និង​លើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ​។

សូម​បញ្ជាក់​ថា ​ក្នុង​ពិធី​នេះ​ក៏​មាន​ការប្រកាស​តែង​តាំង​លោក យីន យុទ្ធ ជា​នាយក​រដ្ឋបាល​ស្រុក​កូន​មុំ ហើយ​មន្ត្រី​ដែល​ប្រកាស​ចូលក្នុង​រចនាសម្ព័ន្ធ​ថ្មី​នៃ​សាលាស្រុក​កូន​មុំ​នាពេលនេះ​មាន​ចំនួន​២៧​រូប​។ បន្ទាប់ពី​ដាក់​ឲ្យ​ដំណើរ​ការ​នូវ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល ស្រុក ការិយាល័យ​មួយចំនួន នៅ​តាម​មន្ទីរ​ក្នុង​ខេត្ត នឹង​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ស្រុក​កូន​មុំ​ដោយ​មិន​ស្ថិត​នៅ​ក្រោម​មន្ទីរ​ដូច​មុន​ទេ​៕
វុ​ទ្ធ​ឦសាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114