ប្រកាស​ផ្ទេរ​តែងតាំង​ និង​ចូលកាន់​មុខតំណែង​ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង

ស្វាយរៀង ​៖​ នា​ព្រឹក​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ​ ឆ្នាំ​២០២០​នេះ​ នៅ​ខេត្ត​ស្វាយរៀង ​មាន​ការ​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ និង​ តែងតាំង​ចូល​កាន់​មុខតំណែង​របស់​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង ក្រោម​អធិបតីភាព​លោក​ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌។

យោង​លិខិត​បង្គាប់​ដែល​ចេញ​ដោយ​មន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់​ថា ពិធី​នេះ​ ក៏មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិបតី​របស់​លោក​អភិបាលខេត្ត​ស្វាយរៀង, សមាជិក នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ នៃ​អង្គចៅក្រម,​​​ប្រធាន​មន្ទីរ​នានា​របស់​ខេត្ត​, កងកម្លាំងប្រដាប់អាវុធ​គ្រប់​ផ្នែក និង​ភ្ញៀវកិត្តិយស​ជា​ច្រើនរូប​ទៀត​ផង​ដែរ។

សូមបញ្ជាក់ថា លោក ខាំ សុ​ផា​រី វរ​ព្រះរាជអាជ្ញា​ថ្នាក់​លេខ​២ ត្រូវ​បាន​ ព្រះ​ករុណា​ ព្រះបាទ​ សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង ជា​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង តាមរយៈ​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ ជំនួស ​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ដែល​ត្រូវ​បាន​ផ្ទេរ​ទៅកាន់​ជា​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន៕

អត្ថបទ ៖ គឹម សេង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114