BREAKING NEWS
Search

ប្រគល់​គ្រាប់បែកដៃ និង​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ ទៅ​ឲ្យ​អង្គភាព CMAC

បាត់ដំបង ៖ គ្រាប់បែកដៃ​ដែល​នៅមាន​គុណភាព​១០០% និង​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ ដែល​កប់​នៅ​ក្នុង​ដី ហើយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ទៅ​ឲ្យ​អង្គភាព ស៊ីម៉ាក់ ដើម្បី​យកទៅ​កម្ទេច​ចោល ។​

គួរ​បញ្ជាក់ថា ការប្រទះឃើញ​គ្រាប់​នេះ គឺ​ស្ថិតនៅ​ចំណុច​ផ្សេងគ្នា គឺ​នៅ​ថ្ងៃទី​២៨ វេលា​ម៉ោង៨​និង ១០​នាទី​ព្រឹក មាន​ប្រជាពលរដ្ឋ​ឈ្មោះ អ៊ិន អ៊ាង ភេទ​ប្រុស​ អាយុ៥១​ឆ្នាំ រស់នៅ​ភូមិ​បាយ​ដំរាំ ឃុំ​បាយ​ដំរាំ ស្រុក​បាណន់ ​ខេត្ត​បាត់ដំបង បាន​ទៅ​ភ្ជួរ​ដីស្រែ នៅ​ចំណុច​វាល​បឹង​ស្នោ ក៏បាន​ប្រទះ​ឃើញ​គ្រាប់បែក១គ្រាប់​ ម៉ាក​ទឹក​ដោះ​គោ បាក់​ស្លាបព្រា​អស់ គឺ​នៅក្នុង​ស្រែ ( ជា​ប្រភេទ​គ្រាប់បែកដៃ​ផលិត​នៅ​ប្រទេស​អាមេរិក ) ទើប​ប្រជាពលរដ្ឋ​រូប​នោះបាន​រាយការណ៍​ទៅ​សមត្ថកិច្ច ដើម្បី​ទាក់ទង​ទៅ​អង្គភាព ស៊ីម៉ាក់ មក​យកទៅ​កម្ទេចចោល។​

ដោយឡែក​នៅ​ថ្ងៃ​ដដែល​នោះដែរ វេលា​ម៉ោង៨និង៥០នាទី​ព្រឹក កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ សហការ​ជាមួយ​ក្រុម​ប្រចាំការ​Dw #2​ស៊ីម៉ាក​ខេត្ត​បាត់ដំបង បាន​ចុះ​ទៅយក​គ្រាប់​ប្រភេទ Mk 81 ជា​ប្រភេទ​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ របស់​អាមេរិក នៅ​ចំណុច​បឹង​កាច ក្នុង ភូមិ​បា​សែត ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្ត​បាត់ដំបង។​

គេ​មិនបាន​ដឹងថា គ្រាប់បែក​យន្ត​ហោះ​ប្រភេទ​នេះ អាច​នៅមាន​គុណភាព​ និង​អាច​សម្លាប់​ជីវិត​មនុស្ស​បានដែរ​ឬ​យ៉ាងណា​នោះទេ ដោយ​គ្រាន់តែ​ជា​នាទី​របស់​សមត្ថកិច្ច ដូច្នេះ​ទើប​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​​ក្រុមការងារ​របស់​អង្គភាព ស៊ីម៉ាក់ ដើម្បី​មក​ទទួលយក​ក្នុង​កាត​ចាត់វិធានការ​តាម​នីតិ​វិធី របស់​

​អង្គភាព​ជំនាញ៕

ដោយ ៖ សោ និយម​រ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114