ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាកសិករ​ខេត្ត​ប៉ៃលិន ​កំពុង​ត្រូវប៉ាន់​ផ្លែ​ស្វាយកែវ​ល្មៀត ព្រោះ​មាន​ហាងឆេង​ជាង​ឆ្នាំមុន

ប៉ៃលិន ​៖​ បច្ចុប្បន្ន​តម្លៃ​ផ្លែ​ស្វាយកែវ​ល្មៀត ហាក់​កំពុង​មាន​ទីផ្សារ​ល្អ​ប្រសើរ​ជាង​ឆ្នាំមុនៗ បើ​គិត​រយៈពេល នៃ​ការប្រមូល​ផល ក្នុង​រដូវ​កាល​នា​ដើមឆ្នាំ​ដូចគ្នា នេះ​បើ​តាម​ការអះអាង របស់​ប្រជាកសិករ​មួយ​ចំនួន និង​ក្រុម​ឈ្មួញ​ ដែល​ចុះ​ទិញ​ផ្លែ​ស្វាយកែវ​ល្មៀត​ដល់​ចម្ការ នៅ​ខេត្ត​ប៉ៃលិន។

ប្រជាកសិករ​ម្នាក់​ឈ្មោះ ពេញ ណន អាយុ​៤៩​ឆ្នាំ រស់នៅ​ចំណុច​ខក​មូស សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​ឲ្យ​ដឹងថា ​៖ គាត់​ដាំស្វាយកែវ​ល្មៀត​ចំនួន​៣០០​ដើម ក្នុង​នោះ បាន​ទទួល​ផល​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​មិនជា​ច្រើន​នេះ​ទេ ព្រោះ​ស្វាយកែវ​ល្មៀត​របស់​គាត់ ទើបតែ​ចាប់ផ្តើម​ដាំ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ ចំពោះ​ការ​ដាំ​ស្វាយកែវ​ល្មៀត​នេះ គឺ​ដោយសារតែ​ហាងឆេង​ស្វាយ វា​មិន​ធ្លាក់ ហើយ​ក៏​មិន​ឡើង​ដែរ គឺអាច​ទទួលយកបាន ប៉ុន្តែ​នៅ​ឆ្នាំមុន​ផ្លែស្វាយ បាន​ធ្លាក់​តម្លៃ​ខ្លាំង រហូត​អ្នកចំការ​ខ្លះ រកលុយ​បង់​ធនាគារ​មិនបាន ខ្លះ​ទៀត​ទុក​ផ្លែ​ស្វាយ​ឲ្យ​ទុំ​លើ​ដើម​ក៏​មាន​ដែរ​។​គាត់ ក៏បាន​បញ្ជាក់ដែរថា ​៖ នៅ​ដើម​ប្រមូល​ផល​ឆ្នាំនេះ ផ្លែ​ស្វាយកែវ​ល្មៀត ហាក់​មាន​តម្លៃ​គ្រាន់បើ​គឺជា​ង​១០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​ក៏​វា​យោងទៅតាម​ប្រភេទ ពណ៌​សម្បុរ​ផ្លែស្វាយ​ដែរ ប្រសិនជា​យើង​ថែទាំ ដោយ​ច្រក​កញ្ចប់ នៅលើ​ដើម​បានល្អ វាក៏​អាចមាន​តម្លៃ​ខ្ពស់ជាង​នេះ​ផងដែរ​។

ចំណែក​កសិករ​ម្នាក់ទៀត រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ក៏បាន​រៀបរាប់​មិន​ខុសគ្នា​ដែរ ប៉ុន្តែ​នៅ​ដើម​ប្រមូល​ផល​ផ្លែស្វាយ ឆ្នាំមុន គាត់ បាន​ខូច​ផ្លែស្វាយ​អស់​ជាច្រើន ដោយសារតែ​មិន​មាន​ទីផ្សារ​ទិញ​ត្រឹមត្រូវ ទីផ្សារ​នៅលើ​បបូរមាត់​របស់​ឈ្មួញកណ្តាល​ជា​អ្នកសម្រេច​តែម្តង​។​ គាត់ ​​បញ្ជាក់ដែរថា ​៖ បើ​ផ្លែស្វាយ​តាម​ចម្ការ ចាប់ផ្តើម​មាន​ច្រើន គឺ​តម្លៃ​ប្រហែលជា​ធ្លាក់ចុះ ដូច្នោះ​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត មេត្តាជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង ធ្វើ​យ៉ាងណា​សូម​ឲ្យ​ទីផ្សារ​នាំចេញ​ផ្លែស្វាយ មាន​តម្លៃ ដែល​អាច​ឲ្យ​ពួកគាត់​ទទួល​យកបាន​ផងដែរ។

បើតាម​បងស្រី​ម្នាក់​ជា​អ្នកដើរ​ប្រមូល​ទិញ​ផ្លែ​ស្វាយកែវ​ល្មៀត រស់នៅ​ខេត្តបាត់ដំបង បាន​ឲ្យ​អ្នកយកព័ត៌មាន​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា​នេះ​ថា ​៖ តម្លៃ​ផ្លែស្វាយ​នាពេលនេះ ពិតជា​ល្អ​ជាង​ឆ្នាំមុនៗ​មែន បើ​ប្រៀប​ធៀប​ក្នុង​រយៈពេល​ដូចគ្នា ហើយ​បងស្រី​តែងតែ​ដើរ​ទិញ​ផ្លែ​ស្វាយ​តាម​ចម្ការ យក​ទៅ​លក់​នៅ​ប្រទេស​ថៃ ដោយ​ជួនកាល​ម៉ៅ​តាម​ចម្ការ ជួនកាល​ម៉ៅ​តែ​គីឡូ​​ប៉ុណ្ណោះ ចំពោះ​ការចាប់ផ្តើម​ប្រមូល​ផល​ផ្លែស្វាយ​រដូវ​នេះ​គឺមាន​ហាងឆេង​គ្រាន់​បើ​ ដោយ​មួយ​គីឡូ​១២០០​រៀល ខុសពី​ឆ្នាំមុន​បានតែ​៥០០​ទៅ​៧០០​រៀល​ប៉ុណ្ណោះ។
បងស្រី​បន្តថា​៖ កាលពី​ឆ្នាំមុន​ហាងឆេង​ផ្លែស្វាយ​មិនសូវ​ល្អ​នោះទេ ពេលខ្លះ​ទីផ្សារ​ខាងក្រៅ​មិន​ទិញ បណ្តាល​ឲ្យ​អ្នកចម្ការ​(​ម្ចាស់​ស្វាយ​)​ខាតបង់​ច្រើន ដោយសារ​ទុក​ស្វាយ​ឲ្យ​ទុំ​ជ្រុះ​ពេញ​ចំកាង​តែម្តង។​ជាមួយគ្នានេះ​បងស្រី​ក៏​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់ សូម​មេត្តា​ជួយ​រក​ទីផ្សារ​តម្លៃ​ផ្លែ​ស្វាយ​ឲ្យ​ប្រជាកសិករ ដែល​ប្រកបរបរ​ដាំ​ស្វាយកែវ​ល្មៀត​នេះ​ផង​ដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114