ប្រជាជននេប៉ាល់គោរពបូជាសត្វឆ្កែក្នុងពិធីបុណ្យប្រចាំឆ្នាំរបស់ប្រទេស

ប្រជាជាតិនីមួយៗមានជំនឿ និងការគោរពបែបផ្សេងៗពីគ្នាទៅតាមវប្បធម៌ និងតំបន់រៀងខ្លួន។ ក្នុងនោះប្រទេសនានាតែងមានពិធីបុណ្យប្រពៃណីប្រចាំឆ្នាំរបស់ពួកគេមិនដែលខាន។ ចំណែកឯប្រជាជននៅប្រទេសនេប៉ាល់នេះវិញ មានពិធីបុណ្យប្រចាំឆ្នាំមួយដែលតែងតែធ្វើឡើងដើម្បីបង្ហាញការដឹងគុណដល់សត្វឆ្កែ។ ចង់ដឹងថា ពិធីបុណ្យនោះយ៉ាងណា? តោះមកអាន!

រក្សា១ថ្ងៃសម្រាប់តែឧទ្ទិសដល់សត្វឆ្កែតែប៉ុណ្ណោះ

រៀងរាល់ឆ្នាំប្រជាជននេប៉ាល់តែងតែប្រារព្ធទិវាសត្វឆ្កែ ឬ Kukur Tihar ។ មនុស្សម្នានាំគ្នាគោរពសត្វឆ្កែ ដោយបំពាក់កម្រងផ្កានិងអាហារដល់ឆ្កែទាំងអស់។ ពិធីបុណ្យនេះសម្ដែងការគោរពចំពោះទំនាក់ទំនងពិសេសរវាងឆ្កែនិងមនុស្ស។ ការប្រារព្ធពិធីនេះធ្វើឡើងនៅថ្ងៃទី ២ នៃពិធីបុណ្យ Tihar ឬឈ្មោះមួយថា Diwali ដែលជាពិធីបុណ្យហិណ្ឌូធំជាងគេទី ២ នៅក្នុងប្រទេសនេប៉ាល់។

វាជាព្រឹត្តិការណ៍ពិសេសដែលត្រូវបានរៀបចំនៅទូទាំងទីក្រុងនេប៉ាល់

សត្វឆ្កែត្រូវបានប្រទានពរដោយផ្ដិតសញ្ញា Tika ពណ៌ក្រហមនៅលើថ្ងាសវា។ សញ្ញាពណ៌ក្រហមនេះ បង្ហាញពីកិត្តិយសរបស់ជំនឿហិណ្ឌូសាសនា។ ហិណ្ឌូជឿថា សត្វឆ្កែគឺជាអ្នកនាំសាររបស់ព្រះ Yamaraj ជាព្រះនៃសេចក្តីស្លាប់។  ពួកគេជឿថា ការធ្វើបែបនេះនឹងអាចផ្គាប់ចិត្តព្រះ Yamaraj ដោយរក្សាសត្វឆ្កែឲ្យមានសុខភាពល្អ។

សត្វឆ្កែទាំងអស់ត្រូវបាននាំចូលមកក្នុងការប្រារព្ធពិធីនេះ

មិនត្រឹមតែសត្វឆ្កែចិញ្ចឹមប៉ុណ្ណោះទេ ដែលត្រូវនាំចូលរួមក្នុងពិធីនេះ សូម្បីតែឆ្កែវង្វេងក៏ត្រូវនាំមកក្នុងថ្ងៃនេះដែរ។ ឆ្កែមានជំងឺត្រូវបានព្យាបាលក្នុងអំឡុងពិធីបុណ្យ Kukur Tihar ព្រមទាំងផ្ដល់អាហារផ្សេងៗដល់ឆ្កែទាំងអស់ដូចជា ស៊ុត ទឹកដោះគោ និងអាហារឆ្កែដែលមានគុណភាពល្អ។

ក្នុងអំឡុងពេលនៃពិធីបុណ្យនេះ ប្រជាជននៅទូទាំងប្រទេសនេប៉ាល់សម្អាតផ្ទះ បំភ្លឺអំពូលឲ្យភ្លឺ ហើយអធិស្ឋានដល់ព្រះ Lakshmi ជាព្រះនៃទ្រព្យសម្បត្តិ ដើម្បីអញ្ជើញអទិទេនេះមកលេងផ្ទះនិងប្រទានពរដល់ពួកគេ។

ទំនៀមទម្លាប់នេះកំពុងចាប់ផ្តើមធ្វើនៅក្នុងប្រទេសផ្សេងៗដែរ

ពិធីបុណ្យ Kukur Tihar ជាពិធីបុណ្យកំពុងតែរីករាលដាលនៅបណ្ដាប្រទេសមួយចំនួន។ នៅឆ្នាំ ២០១៦ ម៉ិកស៊ិកបានយកពិធី Kukur Tihar ប្រារព្ធនៅទីលានបដិវត្តក្នុងទីក្រុងម៉ិកស៊ិកូ។ ប្រជាជនក្នុងតំបន់បានបណ្ដើរសត្វចិញ្ចឹមទៅកាន់ទីលានប្រារព្ធពិធី ដោយបំពាក់ភួងផ្កាគ្រប់ប្រភេទដូចដែលប្រជាជននេប៉ាល់ធ្វើដែរ។

នៅឆ្នាំ ២០២០នេះ ទិវារសត្វឆ្កែ ឬ Kukur Tihar នឹងប្រារព្ធធ្វើឡើងនៅក្នុងខែវិច្ឆិកា ក្នុងប្រទេសនេប៉ាល់៕

 

ចុចអាន៖ រឿងចម្លែក ១២ យ៉ាងដែលមានតែនៅក្នុងប្រទេសឥណ្ឌាប៉ុណ្ណោះ

ចុចអាន៖ ឥណ្ឌា​ស្នើ​ឱ្យ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​​ ឈប់ទិញ​ប្រេងដូង​ពី​ម៉ាឡេស៊ី​បន្ទាប់​ពី​ជម្លោះ​នយោបាយ​

 

ប្រែសម្រួល៖ សន្យា