ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាជន​អូស្ត្រាលី​ ត្រូវ​បញ្ជា​ឲ្យ​ជម្លៀសចេញ​ ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ​ព្យាយាម​ទប់​ទល់នឹង​ភ្លើង​ឆេះ​ព្រៃ

ក្រុមមន្ត្រី​អូស្ត្រាលី​បាន​បញ្ជា​ឲ្យ​ប្រជាជន​នៅក្នុង​សហគមន៍​មួយចំនួន​រួមទាំង​គោលដៅ​ទេសចរណ៍​សំខាន់​មួយ​ផងដែរ​ត្រូវ​ជម្លៀសចេញ​ជាបន្ទាន់​នៅ​ថ្ងៃ​ពុធ​ខណៈ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ព្យាយាម​ទប់ទល់​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​ទូទាំង​ឆ្នេរ​ភាគ​ខាងកើត​របស់​ប្រទេស​នេះ​។​

ខណៈពេលដែល​ភាព​ត្រជាក់​នៅពេល​យប់​បាន​ជួយ​សម្រួល​ដល់​ក្រុម​ពន្លត់​អគ្គិភ័យ​នៅក្នុង​រដ្ឋ New South Wales (NSW) នោះ​, ការយកចិត្តទុកដាក់​បាន​បង្វែរ​ទៅ​រដ្ឋ Queensland ដែល​នៅ​ជិតខាង​ភាគ​ខាងជើង​របស់ខ្លួន​វិញ​ដែល​នៅ​ទីនោះ​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ​ស្ងួត​និង​ខ្យល់​បក់​បាន​បង្កើត​គ្រោះថ្នាក់​អគ្គិភ័យ​ដ៏​ខ្លាំងក្លា​មួយ​។​

អាជ្ញាធរ​បានចេញ​ការព្រមាន​ឲ្យ “​ចាកចេញ​ជាបន្ទាន់​” ដែលជា​កម្រិត​ខ្ពស់បំផុត​សម្រាប់​តំបន់​ជាច្រើន​រួមទាំង​តំបន់ Noosa ផងដែរ​ដែលជា​គោលដៅ​លំហែកាយ​ដ៏​ពេញនិយម​មួយ​នៅ​ចម្ងាយ​១៥០​គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង Brisbane ដែលជា​រាជធានី​របស់​រដ្ឋ Queensland​។​

សេវា​ពន្លត់​អគ្គិភ័យ​និង​គ្រោះអាសន្ន​រដ្ឋ Queensland (QFES) បាន​និយាយ​នៅក្នុង​ការព្រមាន​គ្រាអាសន្ន​ថា “​ឥឡូវនេះ ស្ថានភាព​គឺមាន​គ្រោះថ្នាក់​ខ្លាំងណាស់​ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​ប្រហែលជា​មិនអាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​អគ្គិភ័យ​បានទេ​។ អគ្គិភ័យ​នេះ​អាច​បង្ក​ជាការ​គំរាមកំហែង​ដល់​ជីវិត​មនុស្ស​ទាំងអស់​ដែល​ស្ថិតនៅ​ដោយផ្ទាល់​ក្នុង​ផ្លូវ​របស់​វា​”​។​
QFES បាន​បញ្ជូន​យន្តហោះ​ទម្លាក់​ទឹក​មួយគ្រឿង​ដើម្បី​ជួយ​ដល់​ការ​ទប់​ទល់នឹង​អគ្គិភ័យ​។​

ភ្លើង​ឆេះ​ព្រៃ​គឺជា​ការគំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​រដូវក្តៅ​របស់​ប្រទេស​អូស្ត្រាលី​ប៉ុន្តែ​ភាព​សាហាវឃោរឃៅ​និង​ការកើតឡើង​មុនពេល​កំណត់​ក្នុងឆ្នាំនេះ​នៅ​អឌ្ឍគោល​ខាងត្បូង​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មានការ​ភ្ញាក់ផ្អើល​។​

រហូតមកដល់​ពេលនេះ អគ្គិភ័យ​បាន​ឆក់យក​ជីវិត​មនុស្ស​ចំនួន​៣​នាក់​និង​បំផ្លាញ​ដីស្រែ​និង​ព្រៃ​ប្រមាណ​២.៥​លាន​ហិកតា​។​

អគ្គិភ័យ​ប្រហែល​១៥០​កន្លែង​កំពុង​ឆាបឆេះ​ពាសពេញ​រដ្ឋ​ទាំងពីរ​។ ផ្ទៃដី​ជាង​១.១​លាន​ហិកតា​ត្រូវបាន​ដុតបំផ្លាញ​ឬ​កំពុង​ឆាបឆេះ​ហើយ​លក្ខខណ្ឌ​អាកាសធាតុ​ក្តៅ​និង​ខ្យល់​បក់​ខ្លាំង​នឹង​កើនឡើង​ជាថ្មី​ម្តងទៀត​នៅ​សប្តាហ៍​ក្រោយ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114