BREAKING NEWS
Search

ប្រជាពលរដ្ឋ​គាំទ្រ ​ខណៈ​ដែល​អាជ្ញាធរ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​ខ្មែរឥស្លាម​ដែល​លក់​លើ​ទ្រូងផ្លូវ

ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកធ្វើដំណើ​ឆ្លងកាត់​ផ្លូវ​៣៦៩​បាន​សំដែង​នៅ​ការពេញចិត្ត​ ខណៈ​​ដែល​បានឃើញ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​ចុះ​រៀបចំ​សណ្តាប់​នៅ​ចំណុច​ទីតាំង​ផ្សារ​ស្ថិត​ក្នុង​ភូមិ​ព្រែ​កតា​ពៅ​ សង្កាត់​ព្រែកប្រា​ ដែល​តែង​បង្ក​ការ​ស្ទះ​ចរាចរណ៍​រាល់ថ្ងៃ​ដោយសារតែ​បងប្អូន​អាជីវករ​យក​អីវ៉ាន់​លក់​លើ​ទ្រូងផ្លូវ​។

ដោយមាន​ការណែនាំ​ពី​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ នៅ​ព្រឹក​ថ្ងៃទី​ព្រហស្បតិ៍ ៩​រោច ខែស្រាពរណ៍ ឆ្នាំ​ជូន ទោស័ក ព​.​ស​២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ លោក​រស់ សុភ័ក្ក​អភិបាលរងខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខណ្ឌ ព្រមទាំង​បាញ់​គំនូស​កំណត់​ព្រំ​ឲ្យ​ដាក់​លក់ទំនិញ នៅ​ចំនុច​ផ្សារ​ជនជាតិខ្មែរ​ឥស្លាម ផ្លូវ​លេខ​៣៦៩ ភូមិ​ព្រែ​កតា​ពៅ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។

យោង​តាម​ខ្លឹមសារ​នៅក្នុង​សេចក្តីជូនដំណឹង​មាន​២​ចំណុច ទី​១-​ហាម​ដាច់ខាត​ជះ​ឬ​បង្ហូរទឹក​មក​លើ​ចិញ្ចើមផ្លូវ ទ្រូងផ្លូវ សាធារណៈ និង​ទី​២-​ហាម​ដាច់ខាត​ការ​លក់​ដាក់តាំង​របស់​របរ​ផ្សេងៗ លើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ ដែល​អាច​ប៉ះពាល់​បង្ក​គ្រោះថ្នាក់ កើតឡើង​ជាយថាហេតុ​ដ​ល់​ធ្វើដំណើរ​ឆ្លងកាត់​។

ក្នុងករណី​មិន​អនុវត្តន៍​តាម​ខ្លឹមសារ​នេះ​សង្កាត់ និង​ចុះ​រឹបអូស​សម្ភារៈ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខាតបង់​ឬ​ខូចខាត​ឡើយ ដោយ​អនុវត្តន៍​ចាប់ពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នេះ​តទៅ សូម​បងប្អូន​អាជីវករ​ទាំងអស់ ចូលរួម​សហការ​រៀប​ចំ​សណ្តាប់ធ្នាប់​ជាមួយ​អាជ្ញាធរ។

ដោយឡែក​លោក រស់ សុភ័ក្ក អភិបាលរងខណ្ឌ​ដែល​ដឹកនាំ​កម្លាំងចម្រុះ ចុះ​រៀបចំ សណ្តាប់ធ្នាប់​បាន​ឲ្យ​ដឹងថា កន្លង​រដ្ឋបាល​ខណ្ឌ​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​ចែក​សេចក្តីជូនដំណឹង​៣​លើក​រួចមកហើយ​ដើម្បី​ឲ្យ​អាជីវករ​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ ។ ការខិតខំ​របស់​អាជ្ញា​ធរ​មិន​ទទួលបាន​លទ្ធផល​សម​ប្រកប​ទៅតាម​ខ្លឹមសារ ដែល​មានចែង​នៅក្នុង​សេចក្តីជូនដំណឹង​នោះឡើយ​។

​លោក​អភិបាលរង​បាន​បន្តថា នេះ​ជា​លើក​ចុង​ក្រោយ​ហើយ​បើ​អ្នកលក់ដូរ​នៅតែ​មិន​អនុវត្តន៍ តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ចុងក្រោយ​នេះ​ទេ គណៈ​បញ្ជា ការឯកភាព​ខណ្ឌ​-​សង្កាត់ និង​ចាត់វិធានការ​រដ្ឋបាល​រឹបអូស​សម្ភារៈ​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខាតបង់​ឬ​ខូចខាត​ឡើយ​។ យុទ្ធនា​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នេះ រដ្ឋបាល​ខណ្ឌ និង​ចុះ​ធ្វើ​គ្រប់​ផ្លូវ​ទាំងអស់ និង​សូម​អំពាវនាវ​ដល់​បង​ប្អូន​អាជីវករ​ទាំងអស់ ចូលរួម​សហការ​រៀប​ចំ​សណ្តាប់ធ្នាប់​ជាមួយ​អាជ្ញាធរ៕
ន​រា

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114