BREAKING NEWS
Search

ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ក្នុង​ឃុំ​ភូមិ​ថ្មី ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ បាន​ទទួល​អំណោយកាកបាទក្រហមកម្ពុជា សាខា​ខេត្ត​បន្ទា​មានជ័យ

បន្ទាយមានជ័យ​៖ ព្រឹកថ្ងៃទី​៣០ ខែមេសា ឆ្នាំ​ ២០១៨​ នេះ​ប្រជា​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ចំនួន ​១៥ ​គ្រួសារ រស់នៅ​ភូមិ​ថ្មី ឃុំ​ភូមិថ្មី ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ​បាន​ទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ​តាមរយៈ​លោក​ សួន​ បវរ អភិបាលខេត្តបន្ទាយមានជ័យ​។

ពិ​ធី​ចែក​អំណោយ​ដល់​ជនរងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នោះ​ មានការ​ចូលរួម​លោក ​លី សារី អភិបាលរង​ខេត្ត​ និង​ជាប្រធាន​គណៈកម្មាធិកា​សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ ​តំណាងឲ្យ​លោក ​សួន​ បវរ​ អភិបាលខេត្ត លោក​អនុសេនីយ៍ឯក អ៊ុក សូរ​ផុន មេបញ្ជាការរងមូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ថ្មពួក និង​មន្ត្រី​អមដំណើរ​កាកបាតក្រហម​ជាច្រើន​នាក់​ទៀត។

​អំណោយ​ដែល​ជនរងគ្រោះ​ទទួល​រួមមាន អង្ករ១​កា​រុង មី២​កេះ មុង១ សា​រុង២ ភួយ១ សាប៊ូ១​កញ្ចប់ ត្រីខ១០​កំប៉ុង ទឹកត្រី៣​ដប​ទឹក​សុ​ី​អុ​ី​វ​៣​ដ ទឹកបរិសុទ្ធ២​ដប និង​ថវិកា ៣០.០០០​ រៀល​ ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន ​ប្រធាន​កាកបាទក្រហមកម្ពុជា ​តា​មរ​យៈលោក​ សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ​និង​ជា​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមខេត្ត។

​ក្នុងនោះ​លោក​ លី សារី ក៏បាន​សំដែង​ការសោកស្ដាយយ៉ាងខ្លាំង​ ដោយលោក​បាន​ចូល​រួម​រំលែកទុក្ខលំបាក​ និង​ការខូចខាត​នេះ ហើយ​បានផ្តល់​កម្លាំងចិត្ត​ឲ្យ​បងប្អូន​តស៊ូ ខិតខំ​ងើប​កសាងជីវភាព​ឡើងវិញ​។ ​លោក​ លី ​សារី​ បាន​មានប្រសាសន៍​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ការបង្កើតកាកបាតក្រហមកម្ពុជា​នេះ​ឡើង ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​វិស័យ​មនុស្សធម៌ ដែលដឹកនាំ​ដោយលោកជំទាវ ប៊ុន រ៉ានី ហ៊ុនសែន ​ជា​ប្រធាន​សាខា​កាកបាតក្រហមកម្ពុជា​សម្រាប់ឆ្លើយតប​សង្គ្រោះបន្ទាន់​ដល់​គ្រប់​គ្រួសារ​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេ​ងៗ​ដូចជា​ ជួយដល់ប្រជាពលរដ្ឋ​មានការ​ខ្វះខាតក្នុង​គ្រា​មាន​អាសន្ន ផលវិបាក​នៃ​គ្រោះ​មហន្តរាយ អ្នក​ផ្ទុក​មេរោគ​អេដស៍ ជនពិការ កុមារកំព្រា ចាស់ជរា​ឥត​ទីពឹង​ជាដើម មិន​ប្រកាន់​និន្នាការ​នយោបាយ​ថាបក្ស​នេះ​បក្ស​នោះឡើយ។

​ឆ្លៀត​ក្នុង​ឱ​កាស​នោះ លោក​ លី​ សារី​ បានធ្វើការ​ផ្ដាំផ្ញើ​ដល់​គ្រួសារ​រងគ្រោះដោយ​ខ្យល់​កន្ត្រាក់​ទាំង ​១៥ ​គ្រួសារ​នោះ ​ដែល​បានទទួល​អំណោយ​ពីសា​ខាកាកបាទក្រហមកម្ពុជា​រួចហើយ ត្រូវ​ចេះ​ថែរក្សា​ខ្លួន​ជាម​នុស្ស​ល្អ​ ពលរដ្ឋ​ល្អ​ ត្រូវ​ប្រព្រឹត្តិ​តែ​អំពើ​ល្អ សុចរិត និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ទៀតផង​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114