ប្រជាពលរដ្ឋ​នៅ​ជាប់​ព្រំដែន​គួរ​ចៀសវាង​ឆ្លងដែន​ដើម្បី​ការពារ​ខ្លួន​ពី​កូ​វីដ​-១៩

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​លិខិត​ផ្ញើ​ជូន​អភិបាលខេត្ត​ជាប់​ព្រំដែន កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០២០​នេះ ដោយ​បាន​ដាក់​ចេញ​វិធានការ​ស្ដីពី​ការទប់ស្កាត់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​ឆ្លងដែន​ដោយ​ខុសច្បាប់ ទៅ​ប្រទេសជិតខាង​តាម​ច្រក​របៀង​នានា​។

​សម្ដេច​ក្រឡាហោម ស ខេង បាន​លើក​ឡើង​ថា កន្លងទៅ​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ត្រូវ​បាន​មេខ្យល់​នាំ​ឆ្លងដែន ​ដោយ​ខុសច្បាប់​ចូល​ទៅ​ប្រទេសជិតខាង ​ក្នុង​ខណៈ​ពេល​ដែល​ប្រទេសជិតខាង​ទាំងនោះ កំពុង​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​នោះ​។​

​ស្រប​ពេល​ជា​មួយ​គ្នា​នេះ សម្ដេច​ក្រឡាហោម ស ខេង បាន​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន ទៅកាន់​អភិបាល​ខេត្ដ​ជាប់​ព្រំដែន ដើម្បី​ពង្រឹង​នូវ​ការគ្រប់គ្រង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ចេញចូល​ប្រទេសជិតខាង ការ​ថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ការពារ​នូវ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​។​

ជា​ការ​ពិត​ណាស់ កាសែត​កម្ពុ​ជាថ្មី សូម​ឯកភាព​ចំពោះ​វិធានការ​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​សារលិខិត​ផ្ញើ​ជូន​អភិបាល​ខេត្ដ​ជាប់​ព្រំដែន​នេះ ហើយ​យើង​សង្ឃឹមថា​វិធានការ​នេះ​នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។​

​ទន្ទឹម​នឹង​នេះ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២០​នេះ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អំពាវនាវ​ជាថ្មី​ម្តង​ទៀត​ ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ការពារ​កុំ​ឲ្យ​មាន​រលក​ទី​ពីរ​នៃ​ការ​ចម្លង​ជំងឺ​កូ​វីដ​-១៩​ នៅ​កម្ពុជា​។

​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដូច​ខាង​ក្រោម​៖

«​សូម​ធ្វើការ​ក្រើនរំលឹក និង​បន្ត​អំពាវនាវ​ដល់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ថា ទោះបីជា​ប្រទេស​កម្ពុជា មិន​មាន​រក​ឃើញ​ករ​ជំងឺ​កូ​វីដ​-១៩ ថ្មី​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​មក​នេះ​ក្ដី ក៏ប៉ុន្តែ​បុគ្គល​គ្រប់រូប ត្រូវ​មាន​ការប្រុងប្រយ័ត្ន និង​អនុវត្ត​វិធានការ​ការពារ​ការ​ចម្លង​ឲ្យ បាន​ជាប់​ជានិច្ច ដោយ​ត្រូវ​ចេះ​កែប្រែ​ទម្លាប់ និង​ឥរិយាបថ​នៃ​ការរស់នៅ​របស់​ខ្លួន​ឲ្យ​ស្រប​ទៅតាម​សភាព​ធម្មតា តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ជា​ចាំបាច់ ដូចជា​ការ​ប្រកាន់​យក​នូវ​ការ អនុវត្ត​អនាម័យ​ដៃ​ស្អាត ពាក់​ម៉ាស់ (​ក្នុងករណី​ចាំបាច់​) ប្រើ​ក្រមា កន្សែង ឬ​ក្រដាស​ជូត​មាត់ ខ្ទប់​មាត់​ពេល​មាន ក្អក​កណ្ដាស់ បន្ត​អនុវត្តន៍​គម្លាត​សុវត្ថិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល មិនត្រូវ​មានការ​ជួប​ជុំ ឬ​រៀបចំ​ពិធី​ណាមួយ​ដែល​មាន​គ្នា​ច្រើន​កុះករ​ពេក ដូចជា​ការ​ជួបជុំ​ស៊ីផឹក ​ដែល​មាន​គ្នា​ច្រើន ឬ​ការ​ជួបជុំ​តាម​បែប​សាសនា​ជាដើម​»​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ឲ្យ​ម្ចាស់​ភោជនីយដ្ឋាន និង​អាហារដ្ឋាន ព្រមទាំង​កន្លែង​លក់ដូរ​ផ្សេងៗ បន្ត​អនុវត្តន៍​វិធានការ​ការពារ​ឲ្យ​ទៅ​តាម​បែប​នៃ​ការ​រស់ «​សភាព​ធម្មតា​តាម​បែប​គន្លង​ថ្មី ក្នុង​បរិបទ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩» នៅ​កម្ពុជា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវ​ធានា​ថា​ទីតាំង​ធុរកិច្ច​របស់​ខ្លួន​មិន​ត្រូវ​ក្លាយ​ជា​ទីកន្លែង​ចម្លង​វីរុស​កូ​វីដ​-១៩ ដល់​អតិថិជន ឬ​អ្នក​បម្រើការ​នៅ​ទី​នោះ​ឡើយ​។​

​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ព្រមទាំង​បុគ្គលិក មន្ត្រី​សុខាភិបាល ជាពិសេស​ក្រុម​គ្រូពេទ្យ​នៅ​គ្រប់​លំដាប់ថ្នាក់ (​ទាំង​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​) បន្ត​ខិតខំ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ការ​ផ្តល់​ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ដោយ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ និង​បន្ត​ការងារ​ផ្តល់​សេវា​សុខាភិបាល​នានា ដូចជា​សកម្មភាព​ផ្តល់​សេវា​សុខភាព​មាតា កុមារ និង​ទារក ការងារ​ចាក់​ថ្នាំ​បង្ការ កិច្ចការពារ​ជំងឺគ្រុនឈាម ការងារ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺគ្រុនចាញ់ អេដស៍ និង​របេង ដែល​កម្មវិធី​គ្រុនចាញ់​នេះ ទាមទារ​នូវ​ការ​ខិតខំ​រួមគ្នា​ថែម ទៀត​ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​ជំងឺ​នេះ​ទាំងស្រុង ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល បាន​ដាក់​ចេញ​ឲ្យ​អនុវត្តន៍​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​គូស​បញ្ជាក់​ថា ការងារ​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ​ផ្សេងៗ និង​សេវា​សុខភាព​ផ្សេងៗ នៅ​តាម​បណ្ដា​មន្ទីរពេទ្យ​ជាតិ មន្ទីរ​ពេទ្យបង្អែក​តាម​ខេត្ត និង​ស្រុក និង​មណ្ឌល​សុខភាព​ទាំងអស់​នៅ​ទូទាំង​ប្រទេស ត្រូវតែ​ប្រព្រឹត្ត​ទៅ​ឲ្យ​កាន់តែ​សកម្ម​ថែមទៀត និង​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ឲ្យបាន​កាន់តែ​ល្អ​ប្រសើរ ដោយ​គោរព​ក្រម​សីល​ធំ​ម​វិជ្ជាជីវៈ​សុខាភិបាល​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ផង​ដែរ​។

​ដូចគ្នា​នឹង​វិធានការ​ដាក់​ចេញ​ដោយ​សម្តេច​ក្រឡាហោម ស ខេង កាសែត​កម្ពុ​ជាថ្មី សង្ឃឹមថា​ទាំង​ស្ថាប័នរដ្ឋ និង​ស្ថាប័ន​ឯកជន​នឹង​អនុវត្ត​តាម​យ៉ាង​ម៉ឺងម៉ាត់​នូវ​សេចក្តី​ណែនាំ​របស់​លោក​វេជ្ជ​បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ខណៈ​ពេល​ដែល​មន្ទីរ​ពេទ្យ​ជាតិ មន្ទីរ​ពេទ្យបង្អែក​តាម​ខេត្ត និង​ស្រុក និង​មណ្ឌល​សុខភាព​ទាំងអស់ បន្ត​ផ្តល់​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ និង​សេវា​សុខភាព​ផ្សេងៗ​នោះ​។​

​នៅ​ចុង​បញ្ចប់ កាសែត​កម្ពុ​ជាថ្មី សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​រក្សា​អនាម័យ​ខ្លួនប្រាណ ពាក់​ម៉ាស់​ការពារ​ពេល​ចេញ​ពី​ផ្ទះ ចៀសវាង​ជួបជុំគ្នា​ដែល​មាន​មនុស្ស​ច្រើន និង​អនុវត្ត​តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​បង្ក​ជា​ជំងឺ​ផ្លូវ​ដង្ហើម​ជំងឺ​កូ​វីដ​-១៩​នេះ​៕

សូមចុចអាន៖​ បទ​វិចារណកថា ​៖ សហរដ្ឋអាមេរិក​ គួរ​បន្ត​បិទ​ប្រទេស​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​