ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​​ស្រុក​បាភ្នំ​ ប្រតិកម្ម​ ចំពោះ​ទីតាំង​​ចិញ្ចឹម ​ក្រពើ​អត់​ច្បាប់​១​កន្លែង

ព្រៃវែង ​៖ ​ប្រជាពលរដ្ឋ​​រាប់​រយ​គ្រួសារ​ ដែល​រស់នៅ​ក្នុងស្រុក​បាភ្នំ​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ក្តី​ដូង ឃុំ​រោងដំរី​ ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​ បាន​ប្រតិកម្ម ​និង​កើត​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ទីតាំង​អាង​ចិញ្ចឹម​​ក្រពើ​១​កន្លែង​ ដែល​មាន​ទីតាំង​ខាង​លើ។

យោង​តាម​ប្រភព ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ ជិត​កន្លែង​អាង​ចិញ្ចឹម​ក្រពើ នៅ​ជិត​របង​វត្ត​នាគ​រង្សី​ដែល​ស្ថិត​ក្នុង​ភូមិ​ឃុំ​ខាង​លើ ​បាន​រៀបរាប់ ប្រាប់​អ្នក​យក​ព័ត៌មាន​​យើង​ថា អាង​ចិញ្ចឹម​ក្រពើ​ខាង​​ល​នេះ​ មាន​ចិញ្ចឹម​ក្រពើ​យ៉ាង​ច្រើន មាន​តូច​មាន​ធំ សរុបទៅ​ប្រហែល​៥០០​ទៅ​៦០០​ក្បាល ហើយ​រាល់ថ្ងៃ​ ពួកគាត់​ពិបាកចិត្ត​ខ្លាំង​ណាស់ ចំពោះ​អាង​ចិញ្ចឹម​ក្រពើ​មួយ​នេះ ដោយ​ពួកគាត់​ភ័យ​ខ្លាច​កូនចៅ​តូចៗ​ ដើរ​លេង​ ហើយ​ធ្លាក់​ចូល​ក្នុង​ទ្រុង​ក្រពើ​នោះ ​គឺ​ប្រាកដ​ជា​ក្រពើ​ស៊ី​ម៉ត់ ហើយ។

ពួក​គាត់​ បាន​បន្ត​ទៀត​ថា ការ​ចិញ្ចឹម​ក្រពើ​នេះ ​គឺ​គ្មាន​លក្ខណៈ​ស្តង់ដារ​ត្រឹមត្រូវ​នោះ​ទេ ព្រោះ​កន្លងមក​ធ្លាប់​មាន​សត្វ​ក្រពើ​រួច​ចេញពី​ទ្រុង​២/៣​ដង រួច​មក​ហើយៗ ​អ្នកភូមិ​ដើរ​ឆ្លុះ​សត្វ​ពេល​យប់​ធ្លាប់​ចាប់​បាន និង​ប្រគល់​ឲ្យ​ម្ចាស់​វិញ ជាច្រើនលើក​ច្រើន​សា​​ទៀត​ផង។

ជាមួយ​គ្នា​នេះ ​ក៏មាន​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​គាត់​រអ៊ូរទាំ​ថា មាន​ក្លិនស្អុយ​ជះ​ភាយ​ចេញពី​កន្លែង​អាង​ចិញ្ចឹម​ក្រពើ រកតែ​ពួកគាត់​ហូបបាយ​មិនកើត​ផង និង​​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​ពួកគាត់​ទៀតផង គឺ​ដេក​ពួន​ពុំបាន​នោះ​ទេ។

ចំពោះ​រឿង​អាង​ចិញ្ចឹម​ក្រពើ​ខាងលើ​ លោក​ទេព ភា​រុណ​ អភិបាលស្រុក​បាភ្នំ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​​កម្ពុជា​ថ្មី​ថា លោក​ទើប​បាន​ដឹង​នៅ​ពេល​ថ្មីៗ​នេះ​ទេ រឿង​កន្លែង​ចិញ្ចឹម​ក្រពើ​មួយ​នេះ ហើយ​ការ​ចិញ្ចឹម​នេះ ​គឺ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ ចាំ​លោក​បញ្ជា កម្លាំង​ឲ្យ​ចុះទៅ​មើល ហើយ​មិន​ដឹង​រឿង​ច្បាប់​ទម្លាប់ អី​ទេ​ ព្រោះ​នៅ​ស្រុក​យើង​មិនដែល​មាន​ការ​ចិញ្ចឹម​ក្រពើ​ទេ​! ចាំ​សួរ​ទៅ​ជំនាញ។

ពាក់ព័ន្ធ​នឹង​រឿង អាង​ចិញ្ចឹម​ក្រពើ​ខាងលើ​ ប្រជាពលរដ្ឋ សំណូមពរ​ដល់​លោក​អភិបាលខេត្ត ជា សុ​មេធី​ និង​លោក​អភិបាលស្រុក បាភ្នំ ទេព​ភា​រុណ ជួយ​មើល​ទីតាំង​ចិញ្ចឹម​ក្រពើ​មួយ​កន្លែង​នេះ​ផង ព្រោះ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ និង​ជះ​ក្លិន​ស្អុយ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគាត់​​​ខ្លាំង​ណាស់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114