ប្រជាពលរដ្ឋ​ភូមិ​ហាង​ខូ​បាន រួម​គ្នា​រក្សា​អត្តសញ្ញាណ​ផលិតផល​មួយ ​ភូមិ​មួយ​

ស្ទឹងត្រែង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ហាង​ខូ​បាន សង្កាត់​សាមគ្គី ក្រុង​/ខេត្ត​ស្ទឹងត្រែង ជាង​២០​គ្រួសារ​ បានដាក់​វេន​ប​ន្ត​គ្នា​ប្រកប​របរ​ដុត​ក្រឡាន​ដើម្បី​រក្សា​អត្តសញ្ញាណ​ផលិតផល​មួយ ​ភូមិ​មួយ​ប្រយោជន៍​បង្ហាញ​ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តជាតិ​ឲ្យ​ចាប់អារម្មណ៍​មក​ទស្សនា​នៅ​ភូមិ​នេះ​។​

លោក​កែវ ​ប៊ុន​ឈឿន ​មេភូមិ​ហាង​ខូ​បាន បាន​បញ្ជាក់ថា ​៖​ តប​តាម​ការណែនាំ​របស់​គណៈកម្មាធិការ​ស្តារ ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​ បាន​បង្កើត​មុខរបរ​ដុត​ក្រឡាន​ទុក​ជា​អត្តសញ្ញាណ​មួយ​បង្ហាញ​ពី​ភាព​ប៉ិនប្រសព្វ ​និង​សម្រាប់​ឲ្យ​ភ្ញៀវ​ជាតិ​អន្តរជាតិ បាន​មក​ឃើញ​ថា​គ្មាន​អ្នកណា​ទំនេរ​ទេ ព្រោះ​ដំណាក់កាល​នេះ​ កំពុង​រក​បន្តបន្ទាប់​ជា​លក្ខណៈ​គ្រួសារ​និ​មួយៗ​។​

លោក​ចាន់ ​វាសនា​ ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​ដែរ បាន​បញ្ជាក់​ថា​ នេះ​ជា​ការ​ងារ​ប្រចាំថ្ងៃ​របស់​អ្នកភូមិ ដែល​មាន​ទម្លាប់​តាំងពី​ដូនតា​មក​ដូចជា​ ការ​ធ្វើ​នេសាទ ដុត​ក្រឡាន​លក់ និង​ដាំ​បន្លែបង្ការ​បន្ថែម​ទៀត ​ដើម្បី​ជីវភាព​រស់នៅ​។ លោក​យល់ថា ការងារ​នៅផ្ទះ​រក​បាន​ប្រាក់ចំណូល​តិចតួច​ តែ​វា​ប្រសើរ​ជាង​ទៅ​លក់​កម្លាំង​ពលកម្ម ​ឬ​ធ្វើ​ចំណាកស្រុក​គេ​ នាំ​ឲ្យ​ជួប​ហានិភ័យ​ផ្សេងៗ ចំពោះ​ខ្ញុំ​យល់ថា​ការងារ​នេះ​ នៅផ្ទះ ពិតជា​មិនសូវ​បាន​លុយ​ដូចជា​ការធ្វើ​ចំណាកស្រុក​មែន ក៏​ប៉ុន្តែ​ការងារ​នៅផ្ទះ​យើង​អាច​មើល​ក្រុម​គ្រួសារ​យើង​ក្នុង​ផ្ទះ​ផង ហើយ​យើង​បាន​ផល​នៅផ្ទះ ក៏​សមរម្យ​ដែរ​ យើង​មាន​បន្លែបង្ការ ​លក់ដូរ ​នៅ​ទីផ្សារ​យើង ​មិនបាច់​ចំណាកស្រុក​ទៅ​ស្រុក​ក្រៅ​ទេ។

លោកស្រី​ ឈាវ​ លីន​ ប្រជាពលរដ្ឋ​នៅ​ផូ​មិ​ហាង​ខូ​បាន បាន​បញ្ជាក់​ដែរ​ថា ​អ្នកភូមិ​នេះ​ បាន​គាំទ្រ​ចំពោះ​ការយល់​ឃើញបែបនេះ​ ព្រោះ​វា​ជា​គំរូ​ល្អ​មួយ​សម្រាប់​អ្នកភូមិ​ផ្សេងៗ​ទៀត​អនុវត្ត​តាម​ ហើយ​ក៏​ជា​ចំណែក​មួយ​អាចជួយ​កាត់បន្ថយ​បានការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​។​

លោកស្រី​បន្តថា ​មុខរបរ​នេះ​ បានចាប់ផ្ដើម​តាំងពី​ដូនតា​ និង​កេរដំណែល​រហូតដល់​ពេល​បច្ចុប្បន្ន​ហើយ​អាច​រកប្រាក់​ចំណូល​សន្សំ​បាន ​រហូត​​ធ្វើ​ផ្ទះ​រស់នៅ​សមរម្យ​ និង​មាន​ជីវភាព​ធូរធារ​ផង​ដែរ​។​

សូម​បញ្ជាក់​ថា ​របរ​ដុត​ក្រឡាន​ដូនតា​យើង​ ច្រើន​ធ្វើឡើង​នៅពេល​ច្រូតស្រូវ​ថ្មី​យក​មក​ដុត​ក្រឡាន ​ឬ​ដាល់​អំបុក ជា​រសជាតិ​ស្រូវ​ថ្មី​ តែ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​យើង​បាន​យក​មក​ធ្វើជា​អាជីព​សម្រាប់​ចិញ្ចឹម​ជីវិត​៕


អត្ថបទ ៖ ងិន​ លីម​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114