ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​សង្កាត់​ព្រែកប្រា ​ទទួល​បាន​ផ្លូវ​ចាក់​ក្រាល​បេតុង​១​ខ្សែ ​មុន​ឆ្លង​ឆ្នាំ​សកល​

ភ្នំពេញ ៖ ប្រជាពលរដ្ឋ​សង្កាត់​ព្រែកប្រា ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ ​នៅមុន​ឆ្លង​ឆ្នាំ​សកល​នេះ​ទទួលបាន​ផ្លូវ​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​មួយ​ខ្សែ​ពី​សាលា​រាជធានី​ភ្នំពេញ​ ដែល​ពីមុនមក​ផ្លូវ​នេះ​រង​ការខូចខាត​សឹង​ក្លាយជា​ថ្លុក​ត្រពាំង​។​

យោង​តាម​ប្រភព​ពី​ លោក​ សំ សុធា​រី ប្រធាន​ការិយាល័យ​ផែនការ​ និង​អភិវឌ្ឍន៍​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​នៅ​ថ្ងៃទី​៣​ធ្នូ​នេះ​ថា​ ផ្លូវ​មួយ​ខ្សែ​នេះ​ ត​ភ្ជាប់​ពី​ផ្លូវ​៣៦៩ ​ឆ្ពោះទៅ​ផ្សា​របឹង​ព្រលឹត​ មាន​ចម្ងាយ​ប្រមាណ​១៤៤៥​ម៉ែត្រ​។ ​ផ្លូវ​នេះ​ ស្ថាបនា​ឡើង​នា​ដើមខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​ ដែល​នឹង​រួចរាល់​មុន​ឆ្លង​ឆ្នាំ​២០១៩។

លោក​ប្រធាន​ការិយាល័យ​បន្តថា​ ការស្ថាបនា​ផ្លូវ​នេះ​ គឺជា​ថវិកា​របស់​សាលា​រាជធានី​ភ្នំពេញ ​ដែល​ត្រូវ​ស្ថាបនា​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក​កម្រាស់​២​តឹក​កន្លះ ​ទទឹង​៨​ម៉ែត្រ​ ដោយ​ក្រុមហ៊ុន ​រស់ ថែ​​ទទួល​បាន​សិទ្ធិ​ស្ថាបនា​។​ បន្ទាប់ពី​ស្ថាបនា​រួច​ តាម​គម្រោង​របស់​ លោក​ ចេង មុនី​រ៉ា អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ លោក​បាន​ស្នើសុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ថែម​ទៀត​ផង។

លោក​សំ សុធា​រី បាន​បញ្ជាក់​ទៀត​ថា ​កាលពី​ឆ្នាំ​២០១១ ​ផ្លូវ​នេះ ​បាន​ស្ថាបនា​ម្តង​រួចមកហើយ​ ប៉ុន្តែ​ពុំ​បាន​ដាក់​ឆ្អឹង​ដែក​ទេ​ គឺ​ឆ្អឹង​ឫស្សី​ ហើយ​ដោយសារ​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ ធ្វើ​ឲ្យ​លិចលង់​ផ្លូវ​នេះ​រាល់​រដូវវស្សា ​បណ្តាល​ឲ្យ​ខូចខាត​ទៅវិញ​នា​ឆ្នាំ​២០១៦​។​ ប៉ុន្តែ​ពេលនេះ ​រឹងមាំ​ណាស់​ ដោយសារ​ចាក់​ក្រាល​បេតុង​ឆ្អឹង​ដែក ​និង​មាន​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ត្រឹមត្រូវ​តាម​ស្តង់ដារ​ដែល​មិន​ងាយ​ខូចខាត​នោះ​ឡើយ​៕​

អត្ថបទ ៖ ន​រា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114