ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​ ភ័យ​តក់ស្លុត​ ​ដោយសារ​ជើងភ្នំ​មាន​ដី​បាក់​លាន់​ដូច​រន្ទះ​ សំដៅ​មក​ផ្ទះ​ពួកគាត់

បន្ទាយមានជ័យ ​៖​ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ​រស់នៅ​ជើងភ្នំ​ភូមិ​ពិការ​ មាន​ការ​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​ ដោយសារតែ​ជើងភ្នំ​មាន​ដី​បាក់​លាន់​ដូច​រន្ទះ​ធ្លាក់​សំដៅ​មក​ផ្ទះ​ពួកគាត់​ កាលពី​វេលា​ម៉ោង​១១ ថ្ងៃត្រង់ ​ថ្ង​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​ នៅ​ចំណុច​ភ្នំ​ភូមិ​ពិការ ស្ថិត​ក្នុង​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ។

ប្រជាពលរដ្ឋ​ម្នាក់​មាន​ឈ្មោះ​ម៉ាង ស្រី​នាង ​ អាយុ​៤០ រស់នៅ​ចំណុច​កើតហេតុ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹងថា ​នៅ​វេលា​ម៉ោង​១១ ថ្ងៃត្រង់​នោះ​ គាត់​​កំពុង​ដេក​លេង​នៅ​ក្នុង​ផ្ទះ​ ស្រាប់​តែ​មាន​សំឡេង​ចេញពី​ជើងភ្នំ​យ៉ាង​ខ្លាំង ​រក​សំឡេង​អ្វី​មក​ប្រដូច​ពុំបាន​ ពេលនោះ​គាត់​បាន​ចេញពីផ្ទះ​មើលទៅ​ជើងភ្នំ​ ស្រាប់តែ​ឃើញ​មាន​ថ្ម​ផ្ទាំង​ធំៗ​បាក់​ពីលើ​កំពូលភ្នំ​ដូច​រញ្ជួយ​ផែនដី​ធ្លា​ក់មក​ទើរ​លើ​ចំរាក់​ក្រោម។ ឃើញ​ហេតុការណ៍​ដូច្នេះ​ ប្រជាពលរដ្ឋ ​នាំ​កូនចៅ​រត់​ចេញ​ពីផ្ទះ​យ៉ាង​ប្រញាប់ ​ព្រោះ​ខ្លាច​ផ្ទាំង​ថ្ម​ធ្លាក់​មកដល់​ផ្ទះ​ពួកគាត់ ​ធ្លាក់​ចំ​កូនចៅ​អាច​ស្លាប់។

ប្រជាពលរដ្ឋ​ដដែល​ បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ មាន​គ្រឿងចក្រ​គ្រប់​ប្រភេទ​ដូចជា ម៉ៃ​ខូ និង រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​ មក​ជីក​កកាយ​យក​អាចម៍ដី​លក់​យ៉ាង​អនាធិបតេយ្យ​មាន​ជម្រៅ​ជាច្រើន​ម៉ែត្រ​ពី​កំពូលភ្នំ​ដល់​ជើងភ្នំ ​គេ​ពុំ​ដឹង​ថា​ ការ​ជីក​កកាយ​ដី​លក់​មានការ​អនុញ្ញាត​ពី​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល​នោះ​ទេ​ ទើប​គេ​ឈប់​​​ឲ្យ​ជីក​ដី​នៅ​កន្លែង​នេះ​បន្ត​ទៀត ​ប្រហែល​២​ខែ​តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋ ​បាន​បញ្ជាក់​ប្រាប់​បន្ត​ទៀត​ថា ​ប្រជាពលរដ្ឋ​រស់នៅ​ចំណុច​នោះ ​សព្វថ្ងៃ​មានការ​ភិតភ័យ​យ៉ាងខ្លាំង ​ព្រោះ​ដី​នៅ​ចំណុច​ជើងភ្នំ​នោះ ​នៅ​បន្ត​បាក់​ថ្ម​ទាំង​ផ្ទាំងៗ​បន្ត​ទៀត​ បើសិន​អាជ្ញាធរ​ពុំ​មាន​ការ​ទប់ស្កាត់​នោះ។

គួរបញ្ជាក់​ផងដែរ​ថា ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​តាន់​គឹមអេង​កាយ​ភ្នំ​ដូងព្រះ​ ដើម្បី​កសាង​ពហុកីឡាដ្ឋាន​លើ​ផ្ទៃដី​៧​ហិកតា​ស្ថិតនៅ​ភ្នំ​ដូងព្រះ ​ស្ថិត​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​នៅជាប់​នឹង​ជើងភ្នំ ​ដែល​ដី​បាក់​នោះ​ដែរ។ ​សព្វ​ថ្ងៃនេះ​ គេ​ឃើញ​មាន​គ្រឿងចក្រ​ ប្រភេទ​អេ​ស្កា​៥​ទៅ​៦​គ្រឿង​ កំពុង​ធ្វើ​សកម្មភាព​កាយ​ដី​ភ្នំ​ផ្នែក​ខាងជើង ​ដែលមាន​សកម្មភាព​កាយ​ដី​យ៉ាង​សស្រាក់សស្រាំ ​ហើយ​​​មាន​រថយន្ត​ដឹក​ដី​ចេញចូល​មិន​តិច​ជាង​៣០​គ្រឿង​ទេ​។ ​គេ​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​តាន់​គឹមអេង​កាយ​ដីភ្នំ​ដួង​ព្រះ​សម្រាប់​កសាង​ពហុកីឡាដ្ឋាន​នេះ ​ឲ្យ​បាន​ឆាប់​រួចរាល់​ ទើប​មាន​រថយន្ត​ដឹក​ដី​សម្រុក​ដឹក​ដី​ដើម្បី​កសាង​សង់​ពហុកីឡាដ្ឋាន​លើ​ដី​៧​ហិក​តា​នៅ​ភ្នំ​ដូងព្រះ​ ឲ្យ​បានសម្រេច​នៅ​ថ្ងៃ​ខាងមុខនេះ សម្រាប់​ឲ្យ​ក្រុម​កីឡាករ​ចូល​ហាត់​កីឡា​គ្រប់​ប្រភេទ​ត្រៀម​​​ប្រកួត​នៅ​ឆ្នាំ​២០២៣​ជា​លក្ខណៈ​អន្តរជាតិ។

ក្រុមហ៊ុន​តាន់​គឹមអេង​ ទទួល​សិទ្ធិ​កាយ​ដី​ភ្នំ​ ពង្រាយ​ដី​ និង​លុប​រណ្តៅ​ចាស់ ​ដែល​អាច​ប្រើប្រាស់​ដី​រាប់​លាន​ម៉ែត្រ​គីប​ ហើយ​ត្រូវ​កាយ​ដី​ចេញ​ខ្លះ ​ព្រោះ​ដី​លើស​ ដើម្បី​គម្រោង​កសាង​ពហុកីឡាដ្ឋាន​ដែល​ខេត្ត​មួយ​​នេះ ​កំពុង​រក​ដៃគូ​វិនិយោគ​កសាង​ពហុកីឡាដ្ឋាន​​ តែ​រហូត​មក​ដល់​ពេល​នេះ​ គេ​ពុំ​ទាន់​ឃើញ​ចេញ​ជា​រូបរាង​ជា​ពហុកីឡាដ្ឋាន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​បន្តិច​នៅឡើយ​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114