BREAKING NEWS
Search

ប្រជា​សហគមន៍​កសិកម្ម​ចំនួន​០៨​ ​ចុះ​កិច្ចសន្យា​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​ឲ្យទៅ​ក្រុមហ៊ុន​(AMRU Rice)

បាត់ដំបង​ ៖ នៅក្នុង​ពិធី​ចុះកិច្ចសន្យា​លើ​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ក្នុង​ការ​ផលិត​និង​ផ្គត់ផ្គង់​ស្រូវ​ក្រអូប​(SRP)​ជាមួយ​ក្រុមហ៊ុន​AMRURice​និង​សហគមន៍​កសិកម្ម​ខេត្តបាត់ដំបង​។

កាលពី​ថ្ងៃទី​១០ ​ខែកក្កដា​ ឆ្នាំ​២០២០​នេះ​ លោក​ឈឹម វ​ជិ​រា​ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាត់ដំបង​បានលើកឡើង​ថា អង្ករ​ពូជ​សែន​ក្រអូប​ដាំ​ដុះ​នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង​មាន​លក្ខណៈ​អំណោយផល​ល្អ​ប្រកបដោយ​ឱជារស​ឈ្ងុយឆ្ងាញ់​តាម​បែប​ធម្មជាតិ​ដែល​តំណាង​ឲ្យ​ស្រូវ​ក្រអូប​របស់​កម្ពុជា​។

លោក​បាន​បន្ត​ថា ដើម្បី​បង្កើន​គុណភាព​ស្រូវ​ប្រភេទ​នេះ​ក្នុង​ខេត្តបាត់ដំបង​ឆ្នាំនេះ​មន្ទីរជំនាញ​សហការ​ជាមួយ​រដ្ឋបាល​មូលដ្ឋាន​បាន​ជំរុញ​ឲ្យ​កសិករ​ផលិត​ស្រូវ​ត្រូវ​សម្រិតសម្រាំង​ប្រកបដោយ​គុណភាព​ខ្ពស់​និង​មានលទ្ធភាព​កាន់​តែ​ច្រើន​តម្រូវ​តាម​ទីផ្សារ​។

ដោយ​ចំពោះ​មុន​នេះ​ ក្រុមហ៊ុន​បាន​ចុះ​អនុវត្ត​ក្នុង​ការ​ចុះ​ផលិតកម្ម​កសិកម្ម​កិច្ចសន្យា​មាន​រហូតដល់​ចំនួន​៦២​គម្រោង​ដែល​ក្នុង​នោះ​មាន​ដូច​ជា កិច្ចសន្យា​ទិញ​ស្រូវ​SRP,​មាន់​ស្រែ​និង​កិច្ចសន្យា​ទទួល​ទិញ​បន្លែ​សុវត្ថិភាព​ទូទៅ​ពី​កសិករ​ជាដើម​។

លោក​ឈឹម​ វ​ជិ​រា​ បញ្ជាក់​បន្ថែម​ថា តំបន់​ដែល​អំណោយផល​សម្រាប់​ដាំ​ដុះ​ពូជស្រូវ​សែន​ក្រអូប​ក្នុង​ទឹកដី​ខេត្តបាត់ដំបង​មាន​ដូចជា​ចាប់ពី​ចំណុច​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​ប៉ែក​ខាងលើ​ផ្លូវជាតិ​លេខ​៥​រហូតដល់​ព្រំប្រទល់​ស្រុក​មោង​ឫស្សី​ ខេត្តបាត់ដំបង​ ដែល​ជា​ប្រភេទ​ដី​មាស​សម្រាប់​ផលិត​អង្ករ​ក្រអូប​មាន​សារធាតុចិញ្ចឹម​យ៉ាង​សំបូរ​តាមបែប​ធម្មជាតិ​។

លោក​គង់ ភា​ជ ​ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានលើកឡើង​ដែរ​ថា តាម​រយៈ​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​នេះ​គឺជា​ស្ពាន​សម្រាប់​ចាប់ផ្តើម​ការ​កសាង​ទំនុកចិត្ត​រវាង​សហគមន៍​កសិកម្ម​និង​រោង​ម៉ាស៊ីនកិនស្រូវ​ដើម្បី​បង្កើន​ទីផ្សារ​មួយ​មាន​និរន្ត​ភាព​ពិតប្រាកដ​របស់​កសិករ​រួមទាំង​ម្ចាស់​រោង​ម៉ាស៊ីន​ទទួលបាន​នូវ​ប្រភេទ​ស្រូវ​មានគុណ​ភាព​ខ្ពស់​ជំរុញ​ដល់​ការនាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​ឲ្យ​បាន​កាន់​តែ​មាន​កំណើន​ខ្ពស់​។

លោក​បន្តថា បច្ចុប្បន្ន​ខេត្តបាត់ដំបង​មាន​សហគមន៍​ចំនួន​៦២​ បាន​បំពេញ​លក្ខន្តិក​ជាមួយ​វិស័យ​ឯកជន​ដែល​វា​ពិត​ជា​មាន​សក្តានុពល​ខ្ពស់​សម្រាប់​រោង​ម៉ាស៊ីនកិនស្រូវ​ផ្សេងៗ​ទៀត​ចាប់​ដៃគូ​ផលិតកម្ម​ផ្គត់ផ្គង់​និង​ការទិញ​ស្រូវ​ពី​សហគមន៍​កសិកម្ម​ទាំងអស់​។ ​លោក​ក៏បាន​សំណូមពរ​ដល់​អង្គការ​CIRD​និង​អង្គការ​FAEC​បន្ត​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដើម្បី​ជ្រើសរើស​រោង​ម៉ាស៊ីនកិនស្រូវ​សហគមន៍​កសិកម្ម​បង្កើន​ឲ្យ​មាន​កិច្ចសន្យា​កសិកម្ម​កាន់​តែ​ច្រើន​ហើយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ប្រចាំ​តំបន់​រង់ចាំ​សហការ​សម្របសម្រួល​ជួយ​ជានិច្ច​ជាមួយ​ប្រជាកសិករ​៕
សៅ សារិទ្ធ

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114