ប្រជុំ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចៀសវាង​ការ​បកស្រាយ​ខុស

ភ្នំពេញ ៖ លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដឹកនាំ​កិច្ចប្រជុំ​វិសោធនកម្ម​ច្បាប់ ស្ដីពីចរាចរណ៍​ផ្លូវគោក ជំពូក​ទី​២ និង​ទី​៣ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​រូប​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​កែសម្រួល​ពាក្យពេចន៍ ឃ្លាឃ្លោង ខ្លឹមសារ និង​ការកំណត់​និយម ន័យ​ពាក្យ​គន្លឹះ​ឲ្យ​មាន​ន័យ​កាន់តែ​ច្បាស់លាស់ ជាក់លាក់​ទៅតាម​បរិបទ​ច្បាប់ សំដៅ​ការពារ​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ងាយស្រួល​អនុវត្ត និង​ជៀសវាង​ការ​បក​ស្រាយ​ខុស​។ ជា​លទ្ធផល យោង​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​នេះ អង្គប្រជុំ​បាន​កំណត់​និយមន័យ​តាម​ប្រភេទ​យានយន្ត​ឲ្យ​កាន់តែ​ជាក់លាក់ ការកំណត់​និយមន័យ នៃ​ការប្រើប្រាស់​ទូរ​សព្ទ​ពេល​កំពុង​បើកបរ ការកំណត់​ឲ្យ​មាន​ជំនួយការ​បើកបរ​ម្នាក់​ចំពោះ​រថយន្ត​ដឹកទំនិញ ដែល​មាន​ទម្ងន់​សរុប​លើស​ពី ១៦​តោន ឬ​រថយន្ត​ដឹក​អ្នកដំណើរ​ដែល​ផ្ទុក​អ្នកដំណើរ​ចាប់ពី ៣៥​នាក់​ឡើង​ទៅ និង​ចំណុច​ផ្សេងៗ​ទៀត​ក្នុង​ជំពូក​ទី​២ និង​ជំពូក​ទី​៣​។​

នា​កិច្ចប្រជុំ កាលពី​ថ្ងៃ​សុក្រ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ នៅ ទីស្ដីការក្រសួង លោក តូច ចាន់​កុសល រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សាធារណការ និង​ដឹក ជញ្ជូន បាន​មានប្រសាសន៍ថា ការ​កែ​សម្រួល​ពាក្យពេចន៍ ឃ្លាឃ្លោង អត្ថន័យ និង​ការកំណត់​និយមន័យ​នៃ​ច្បាប់​នេះ​នឹង​បន្ត​ធ្វើ​ការពិភាក្សា​យ៉ាងហោចណាស់​ឲ្យ​បាន​មួយ​សប្ដាហ៍​ម្ដង រហូតដល់​ចប់ ដើម្បី​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ និង​កែសម្រួល​បន្ត ក៏ដូចជា​ដើម្បី​ឲ្យ​ច្បាប់​នេះ​ អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព និង​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

លោក​រដ្ឋលេខាធិការ​ប្រចាំការ បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គប្រជុំ​ដែល​បាន​ចូលរួម​យ៉ាង​ផុលផុស​ក្នុង​ការ​ផ្ដល់​មតិយោបល់​ប្រកបដោយ​ខ្លឹមសារ ក៏ដូចជា​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​ក្នុង​កែសម្រួល​ច្បាប់​នេះ​ឲ្យ​កាន់តែ​មានន័យ​ច្បាស់លាស់ ជៀសវាង​ការ​បក​ស្រាយ​ខុស និង​បម្រើ​ប្រយោជន៍​ជាតិ​។ ជា​មួយ​គ្នា​នេះ​ផង​ដែរ លោក​រដ្ឋលេខាធិការ​ប្រចាំការ បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​នូវ​ជំពូក​ជា​បន្តបន្ទាប់ មុន​កិច្ចប្រជុំ​ចាប់ផ្ដើម ដើម្បី​ឲ្យ​ការ​ធ្វើ​វិសោធនកម្ម​នេះ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​លឿន​៕
​អត្ថបទ៖ រ៉ា​វុ​ទ្ធ
សូមចុចអាន៖ រដ្ឋាភិបាល​កម្ពុជា ​គ្រោង​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​នៅ​ខេត្ត​ ៤​ បន្ថែម​ទៀត​