BREAKING NEWS
Search

ប្រតិបត្តិការដឹកភ្ញៀវទេសចរ ដែល​ជាប់គាំង​នៅ​កោះរ៉ុងជាង​១០០០នាក់​បាន​បិទ​បញ្ចប់​ ដោយជោគជ័យ​

ប្រតិបត្តិការដឹក​ជញ្ជូន​ភ្ញៀវទេសចរ​ ដែល​​ជាប់​គាំង​នៅ​កោះរ៉ុង​ ដោយសារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) ​បាន​បិទ​បញ្ចប់​​ហើយ​​កាល​​ពីរសៀល​ថ្ងៃទី២០ ខែ​កញ្ញា​នេះ។ ​កិច្ចអន្តរាគមន៍នេះ​ដឹក​​នាំ​ដោយ​លោ​ក​ គួច ចំរើន អភិបាល​ខេត្តព្រះសីហនុ ។ ភ្ញៀវទេសចរជាច្រើន​នាក់​បាន​ជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុរយៈពេល០៣ថ្ងៃកន្លងមក ដោយសារឥទ្ធិពលព្យុះទី១១ ឈ្មោះ (នូល) មានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។

ប្រតិបត្តិការនេះបានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក រហូតដល់ម៉ោង១៥ និង៣០នាទីរសៀលថ្ងៃដដែល ដោយប្រើប្រាស់កាណូតល្បឿនលឿនចំនួន១៨គ្រឿង ចេញដឹកជញ្ជូនចំនួន២៦ជើង។ ក្នុងនោះភ្ញៀវទេសចរ មានចំនួនសរុប ១៣៩១នាក់ ស្រី៥៩៥នាក់ ក្មេងអាយុក្រោមអាយុ១៥ឆ្នាំមានចំនួន១០៩នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន៣៧៣នាក់ ស្រី១៥៤នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ និងត្រូវបានដឹកជញ្ជូនតាមកាណូតល្បឿនលឿន មកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង រដ្ឋបាលក្រុងព្រះសីហនុ កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុផងដែរ៕