ប្រទេស​ហត្ថលេខី​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ ប្ដេជ្ញា​អនុវត្ត​ផែនការ​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​អនុ​តំបន់​ទី​១១
BREAKING NEWS
Search

ប្រទេស​ហត្ថលេខី​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ ប្ដេជ្ញា​អនុវត្ត​ផែនការ​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​អនុ​តំបន់​ទី​១១

ភ្នំពេញ ៖ បើទោះបី​ជាមាន​បញ្ហា​Covid -19 ក៏ដោយ ​ក៏​ប្រទេស​ហត្ថលេខី​មហា​អនុតំបន់​ទន្លេមេគង្គ​ទាំងអស់​ប្ដេជ្ញា​អនុវត្ត​ផែនការ​សកម្មភាព​ត្រួតពិនិត្យ​គ្រឿងញៀន​អនុ​តំបន់​ទី​១១ តាម​ស្ថានភាព​ប្រទេស​និ​មួយៗដែរ​។​

លោក​ឧត្ដមសេនីយ៍​ឯក នាក់ យុ​ទ្ធា អគ្គលេខាធិការ​រង​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​តាម​ប្រព័ន្ធ​អន​ឡាញ​ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ ​នៃ​មន្ត្រី​សម្រប​សម្រួល​ប្រទេស​ហត្ថលេខី​អនុស្សារណៈ នៃ​ការយោគយល់​គ្នា​(MOU)​ ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿង​ញៀន​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ ដែលមាន​ប្រទេស​កម្ពុជា ចិន ភូមា ឡាវ ថៃ វៀតណាម និង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​UNODC។​

លោក​ឧត្ដមសេនីយ៍​ឯក នាក់ យុ​ទ្ធា បាន​ឲ្យ​ដឹងថា ​នៅ​ក្នុង​កិច្ចប្រជុំ​បាន​ជជែក​ពិភាក្សា​ពី​ស្ថានភាព និង​រក​ដំណោះស្រាយ​បញ្ហា​គ្រឿងញៀន​ក្នុង​តំបន់​ និង​ពិនិត្យ​ឡើង​វិញ​ពី​សកម្មភាព​ផែនការ​អនុ​តំបន់​លើក​ទី​១១ (Sub Reginal Plan,SAP XI ដែល​បាន​អនុម័ត​ក្នុង​កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​ និង​ថ្នាក់​រដ្ឋមន្ត្រី MOU Mekong កាលពី​ឆ្នាំ​២០១៩ នៅ​ប្រទេស ដោយ​ផ្តោត​សំខាន់​លើ​សកម្មភាព ​នៃ​វិស័យ​ចំនួន​៤ មាន​ ៖
ទី​១​-គ្រឿងញៀន និង​សុខភាព ការ​បង្ការ​ទប់ស្កាត់ និង​ការ​ព្យាបាល ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿង​ញៀន។
​ទី​២​-កិច្ច​សហ​ប្រតិបត្តិការ​អនុវត្ត​ច្បាប់​។
ទី​៣-​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ច្បាប់ និង​តុលាការ
ទី​៤-ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្ត​ភាព​ ដោយ​ជម្រើស​ផ្សេងៗ​ ក្រៅពី​ដំណាំ​គ្រឿងញៀន​។​

ជា​លទ្ធផល ​នៃ​កិច្ចប្រជុំ លោក​ឧត្ដមសេនីយ៍​ឯក នាក់ យុ​ទ្ធា ថា​តំណាង​ប្រទេស​ទាំងអស់​ នឹង​យក​ស្មារតី​ដែល​បាន​ជជែក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​នេះ​រាយការណ៍​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​រៀងខ្លួន​ធ្វើការ​សម្រេច​។ ​ជា​ឆន្ទៈ​រួមគ្នា ​ទោះបី​បញ្ហា​Covid-19 មិនទាន់​សញ្ញា​ថមថយ​ ក៏​ប្រទេស​ទាំង​៦ និង​ភាគី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន​ និង​ឧក្រិដ្ឋកម្ម​UNODC នៅតែ​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​សហប្រតិបត្តិការ​រួមគ្នា​អនុវត្ត​តាម​ផែនការ​អនុ​តំបន់​ទី​១១ (SAP XI )​ទៅតាម​សភាព​ជាក់ស្ដែង ​នៃ​ប្រទេស​និ​មួយៗ​សំដៅ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ទាំង​ក្នុង​ប្រទេស​រៀងខ្លួន និង​ក្នុង​តំបន់​៕
អត្ថបទ ៖ ​វ​ត្តី​

សូមចុចអាន ៖ ពាក់កណ្ដាល​​ឆ្នាំ​២០២០មក​នេះ សមត្ថកិច្ច​ប​ង្ក្រា​បគ្រឿង​ញៀន​ជាង​៤​ពាន់​ករណី ចាប់​យក​ថ្នាំញៀន​សរុប​ជិត​៣០០​គីឡូក្រាម



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114