ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ សល់​ពី​សង្គ្រាម​ជាង​៥០០​គ្រាប់
BREAKING NEWS
Search

ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​ សល់​ពី​សង្គ្រាម​ជាង​៥០០​គ្រាប់

ពោធិ៍សាត់ ​៖ ​កម្លាំង​អាវុធហត្ថ​ស្រុក​វាលវែង​ ​សហការ​ ជាមួយ​​កម្លាំង​ចម្រុះ ​​បាន​ចុះ​ពិនិត្យ​គ្រាប់​មិនទាន់​ផ្ទុះ ​ដែល​លាក់​ទុក ​សល់​​​ពី​អតីត​សម័យ​សង្គ្រាម​ក្នុង​ព្រៃ​មួយ​កន្លែង ​សុទ្ធតែ​គ្រាប់​ធុន​ធ្ងន់​ប្រមាណ​ជាជាង​៥០០​គ្រាប់។

គ្រាប់​ទាំង​នោះ ​ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ ​នៅ​ចំណុច​ភូមិ ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

បើ​តាម​លោក​ឆន ឈាន ​អាវុធហត្ថ​ខេត្ត​ បាន​ឲ្យ​ដឹង​ថា ​៖ ក្រោយ​ពេល​មាន​សេចក្ដី​រាយការណ៍​ពី​​ពលរដ្ឋ​រួច​មក​ កម្លាំង​អាវុធហត្ថ​ទី​បញ្ជាការ​ស្រុក​វាលវែង​ពីរ​នាក់​ បាន​ចុះទៅ​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ស្រុក ​ដើម្បី​ពិនិត្យ​ត្រង់​ចំណុច​លេខ​(77132.65469) ក្បាល​ស្ទឹង​៧០ ភូមិសាស្ត្រ​ខាងលើ​ នៅ​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ​ក៏​ប្រទះឃើញ​គ្រាប់​ដ៏​ច្រើន​នេះ​តែម្ដង។ គ្រាប់​ទាំង​នេះ ​នៅ​មាន​គុណភាព​ប្រើប្រាស់​បាន ​អាច​បង្ក​​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ពលរដ្ឋ​បាន​គ្រប់​ពេល​វេលា។ ក្រោយ​ការ​ត្រួត​ពិនិត្យ​ឃើញ​ថា ​គ្រាប់​លាក់​ទុក​សល់​ពី​សម័យ​សង្គ្រាម​នោះ​រួម​​មាន៖ ​គ្រាប់​120 អុក​ គ្រាប់ 100 លី​ គ្រាប់​ដេ​ការ​៨២ ​គ្រាប់ 80 គ្រាប់60 ​គ្រាប់​បេ40 សរុប​ទាំងអស់​ជាង​៥០០​ គ្រាប់​ ​ត្រូវ​បាន​​​​​រក្សាទុក​នៅ​កន្លែង​កើតហេតុ ​ដោយ​ហ៊ុមព័ទ្ធ​ត្រឹមត្រូវ​ រង់ចាំ​ហៅ​មន្ត្រី​ជំនាញ​ដុត​កម្ទេច​ចោល។

សូម​រំលឹក​ថា ​​តំបន់​នេះ​ គឺ​ជា​សមរភូមិ​យុត្តិសាស្ត្រ​បន្ទាយ​ចាស់ៗ​អតីត​លាក់​ខ្លួន​របស់​សត្រូវ ដែល​ជា​ទីតាំង​ប្រយុទ្ធ​គ្នា​កន្លងមក៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114