ប្រទះ​ឃើញ​បុរស​ម្នាក់ ដេក​ស្លាប់​នៅ​លើ​តុ​លក់​នំប៉័ង ​ជាប់​ថ្នល់​ជាតិ​

បន្ទាយមានជ័យ​ ៖ ជនពនេចរ​ម្នាក់ ​ផឹក​ខ្លាំង​ ដើរ​ដេក​គ្រប់​ច្រកល្ហក ​ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​ដេក​ស្លាប់​នៅលើ​តុល​ក់​នំប៉័ង​ នៅជាប់​ថ្នល់ជាតិ​ ចំណុច​ខាងលិច​វត្ត​សមាធិ​ផល ក្នុង​ភូមិ​៤ សង្កាត់ ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២០​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​បើតាម​ការ​អះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​សព​ស្លាប់​បាន​និយាយ​ថា​ បុរស​វ័យ​ចំណាស់​នេះ​មក​រស់នៅ​កន្លែងដេក​ស្លាប់​ ជិត​១​ខែ​ហើយ ​តែងតែ​ទៅ​ទិញ​ស្រា​នៅ​ជិត​នោះ​ផឹក​ជាប្រចាំ​ ហើយ​បាន​និយាយប្រាប់​អ្នកលក់​ស្រា​ថា​ គាត់​រស់នៅ​សៀមរាប មាន​កូន​២​នាក់​ មាន​ប្តី​ប្រពន្ធ​ហើយ គាត់​ទើបតែ​មកពី​ស្រុក​ថៃ ដោយ​ដើររក​កូន​មិនឃើញ ​ចេះតែ​ដើរ​ត្រាច់ចរ​គ្រប់​ច្រកល្ហក យប់​ត្រង់ណា​ដេក​ត្រង់​ហ្នឹង​។​ លុះ​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើ​ញ​ស​ព​ដេកស្លាប់​នៅលើ​តុ​លក់​នំប៉័ង បុរស​នោះ​មាន​វ័យ​ចំណាស់ អាយុ​ប្រហែល​៥០​ឆ្នាំ ភិនភាគ អត់​អាវ ស្លៀក​ខោជើងវែង ពណ៌​ខ្មៅ កម្ពស់​ប្រហែល​១.៥៥​ម៉ែត្រ ជា​ជនពនេចរ​ ដើរ​ហូប​ចល័ត​នៅ​តាម​ទី​សាធារណៈ និង​តាម​បេនឡាន​។​

សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ​សព​នេះ​ ប្រហែល​ស្លាប់​ដោយសារ​ខ្យល់គរ ក្រោយពី​ធ្វើ​កោសល្យ​វិច័យ​រួចរាល់​ហើយ ក្នុង​នោះ​គេ​ឃើញ​មាន​វត្តមាន​លោក​មេ​ប៉ុស្តិ៍​ព្រះ​ពន្លា និង​មេ​ប៉ុស្តិ៍​អូរ​អំបិល ព្រមទាំង​អាជ្ញាធរ​ភូមិ/សង្កាត់ បាន​នាំគ្នា​ចាត់ចែង​យក​សព​ទៅ​បូជា​នៅ​វត្ត​សមាធិ​ផល​បញ្ចប់​រឿង​តែម្ដង​៕


អត្ថបទ ៖ ​គង្គា​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114