ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​ទឹក នៅ​កោះដាច់ អាជ្ញាធរ និង ប៉ូលិស​ បញ្ជា​ឲ្យ​រុញ​ចេញ

ភ្នំពេញ ៖ សាកសព​បុរស​ម្នាក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ទន្លេ​មេគង្គ ហើយ​រសាត់​តាម​ខ្យល់​ចូល​ខាង និង​ត្រូវ​អាជ្ញាធរ សង្កាត់ និង​ ប៉ូលិស បញ្ជា​ឲ្យ​រុញ​ចេញ។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ១២និង​៣០​នាទី​ថ្ងៃត្រង់ ទី០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ​​ចំណុច​ដង​ទន្លេ​មេគង្គ ត្រង់​កំពង់ដ​កោះដាច់​ខ្ទរ ក្នុង​ភូមិ​ចុង​កោះ សង្កាត់​កោះដាច់​ ខណ្ឌ​ជ្រោយចង្វារ។

ចំណែក​ឯ​សាកសព​បុរស​នោះ មាន​ស្លៀក​ខោ​បារ៉ា​ជើង​ខ្លី ពាក់​អាវ​យឺត​ ពណ៌​ខ្មៅ មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើយ ហើយ​ក៏​ពុំ​ទាន់​ឃើញ​មាន​សមត្ថកិច្ច​ណា​ទៅ​ចុះ​ស្រង់​យក​មក​ពិនិត្យ ផង​ដែរ។

ក្នុង​នោះ​ដែរ បើ​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា សព​បុរស​ខាង​លើ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ អណ្ដែត​ទឹក​នៅ​តាម​ដងទន្លេ​មេគង្គ តាំងពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក  ហើយ​​ក៏​ចេះតែ​រសាត់​តាម​ខ្យល់ និង​ខ្សែ​ទឹកហូរ រហូត​ដល់​វេលាថ្ងៃត្រង់ ក៏បាន​រសាត់​ចូល​ខាង​ត្រង់​កំពង់ដ បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​តែម្ដង។

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់ពី​មាន​ការ​ភ្ញាក់ផ្អើល​ គេ​បាន​ឃើញ លោក ចៅសង្កាត់​កោះ​ដាច់ ចុះ​ទៅ​កន្លែង​កើតហេតុ ហើយ​ក៏បាន​បញ្ជា​ឲ្យ​ប្រជា​ការពារ​ច្រាន​ចេញ​បន្ត​ទៀត ​ដោយ​មិន​បាន​នាំ​គ្នា​ស្រង់​យក​មក​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​ឡើយ។ ទោះ​បីជា​យ៉ាង​ណា​ ពុំ​មាន​នរណា​ម្នាក់​ស្ដាប់​បញ្ជា​នោះ​ទេ។

ជា​មួយ​គ្នា​នោះ​ដែរ គេពុំដឹងថា សព​បុរស​រូប​នោះ​ស្លាប់​ដោយសារ​អ្វី​នោះ​ទេ រហូត​មក​ដល់​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល គេពុំទាន់ឃើញ សមត្ថកិច្ច ចុះមកស្រង់ឡើង ដើម្បី​ត្រួតពិនិត្យ​ឡើយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114