BREAKING NEWS
Search

ប្រធានាធិបតីប៉េរូដែលជាប់សង្ស័យពីបទពុករលួយ បានរួចផុតពីការបោះឆ្នោតចោទប្រកាន់

លោក Pedro Pablo Kuczynski ប្រធានាធិបតីប្រទេសប៉េរូ បានរួចផុតពីការបោះឆ្នោតមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសមាជិកសភា ដែលបានចោទប្រកាន់គាត់អំពីអំពើពុករលួយ ទាក់ទងទៅនឹងក្រុមហ៊ុនសាងសង់ Odebrecht របស់ប្រទេសប្រេស៊ីល។

ញត្តិនេះ គឺខ្វះសំឡេងឆ្នោតចំនួន៨សំឡេង ខណៈដែលសំឡេងឆ្នោតយ៉ាងតិចណាស់៨៧សំឡេង គឺត្រូវការជាចាំបាច់ ដើម្បីអនុម័តការចោទប្រកាន់។

លោក Kuczynski បានសរសេរនៅលើគណនី Twitter របស់គាត់ថា “ប្រជាជនប៉េរូ ថ្ងៃស្អែកនឹងចាប់ផ្តើមជំពូកថ្មីមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់យើង។ ការផ្សះផ្សានិងការកសាងប្រទេសរបស់យើងឡើងវិញ។ កម្លាំងតែមួយ ប្រទេសប៉េរូតែមួយ”។

មនុស្សរាប់សិបនាក់បានធ្វើដំណើរទៅវិមានប្រធានាធិបតី ដើម្បីអបអរសាទរគាត់ចំពោះលទ្ធផលនេះ។ ញតិ្តនេះ ត្រូវបានដាក់ទៅសមាជិកសភាបន្ទាប់ពីសម័យប្រជុំរយៈពេល១៤ម៉ោងមួយ ដែលបានចាប់ផ្តើមជាមួយនឹងការបង្ហាញខ្លួនរយៈពេល២ម៉ោង ដោយលោក Kuczynski ដើម្បីការពារតំណែងរបស់គាត់។

គាត់បានហៅញតិ្តប្រឆាំងនឹងគាត់នេះថា “រដ្ឋប្រហារ” និង “ការវាយប្រហារ” លើលទ្ធិប្រជាធិបតេយ្យ។

ក្រុមអ្នកវិភាគបានព្យាករណ៍ថា លោក Kuczynski នឹងត្រូវបានគេចោទប្រកាន់ជាពិសេស នៅពេលដែលសមាជិកសភា ចំនួន៩៣រូប បានបោះឆ្នោតកាលពីសប្តាហ៍មុនឲ្យញត្តិចោទប្រកាន់ត្រូវដាក់ទៅសភា។

ប្រធានាធិបតីអាយុ៧៩ឆ្នាំរូបនេះ ត្រូវបានគេចោទប្រកាន់ថា បាននិយាយកុហកដើម្បីបិទបាំងលើប្រាក់ ចំនួន៥លានដុល្លារអាមេរិក ដែលបានទទួលពីក្រុមហ៊ុន Odebrecht ដែលទាំងគាត់និងក្រុមហ៊ុនបានអះអាងថា ជាថ្លៃពិគ្រោះយោបល់ផ្នែកច្បាប់។

ប្រាក់នេះត្រូវបានទទួលនៅចន្លោះឆ្នាំ២០០៤ដល់ឆ្នាំ២០១៣ដែលចន្លោះពេលនោះគឺជាផ្នែកមួយដែលលោក Kuczynski កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងជាប្រមុខគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតី Alejandro Toledo ។

ក្រុមហ៊ុន Odebrecht បានសារភាពថាចំណាយសំណូករាប់លានដុល្លារដល់មន្ដ្រីនៅប្រទេសមួយចំនួន នៅតំបន់អាមេរិកឡាទីន ដើម្បីធានាកិច្ចសន្យាការងារសាធារណៈ។ ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានចំណាយ ប្រាក់ទឹកតែចំនួន២០លានដុល្លាអាមេរិកដល់លោក Toledo ដែលប្រទេសប៉េរូចង់ ធ្វើបត្យាប័នពីអាមេរិក ដើម្បីប្រឈមនឹងការចោទប្រកាន់។

អតីតប្រធានាធិបតីប៉េរូម្នាក់ទៀតឈ្មោះ Ollanta Humala ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសប៉េរូ ក៏ត្រូវបានគេសង្ស័យ ផងដែរថា បានទទួលប្រាក់រាប់លានដុល្លារពីក្រុមហ៊ុន Odebrecht នៅក្នុងមូលនិធិយុទ្ធនាការ៕ AFP

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114