ប្រធានាធិបតីអាមេរិក​ផ្ញើសារអរគុណកម្ពុជា​លើបណ្តាញសង្គមFacebook និង​ Twitter

លោក​ ដូណាល់ ត្រាំ​ ប្រធានាធិបតី​អាមេរិក​បាន​ផ្ញើ​សារអរគុណ​កម្ពុជា​​ ដែល​បាន​អនុញ្ញាតឱ្យ​កាប៉ាល់​ Westerdam  ចូល​ចត​​ ខណៈ​ប្រទេស និងកោះមួយចំនួន​បដិសេធ​​មិន​ឱ្យចូល​ចត​កន្លង​មក​នោះ​។ កម្ពុជា​បា​ន​ប្រកាសអនុញ្ញាតឱ្យកាប៉ាល់ទេសចរ​ដ៏ធំមួយ​ផ្ទុក​អ្នក​ដំណើរ​ជាង ២០០០នាក់​ ចូលចត​នៅ​កំពង់​ផែ ខេត្តព្រះសីហនុ កាលពីយប់​ថ្ងៃទី ១២ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

លោក​ ដូ ណាល់​ត្រាំ​​ ទាំង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​បុក​ និង Twitter បានសរសេរក្នុង​អត្ថន័យដូចគ្នា​ថា ” សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក ” ។

ថ្លែង​​ក្នុងឱកាសទទួលស្វាគមន៍អ្នក​ទេសចរចុះ​ពីលើ​កាប៉ាល់​កាលពីម្សិល​មិញ​នៅខេត្តព្រះសីហនុ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​លើក​​ឡើង​ថា​ បើទោះ​ជាក្នុង​​កាប៉ាល់ WESTERDAM មា​នផ្ទុក​អ្នក​ជំងឺ​​កូរ៉ូណា​ ក៏ត្រូវអនុញ្ញាតឱ្យ​ចូល​​ចតក្នុងកំពុងផែ ខេត្តព្រះសីហនុដែរ ឬអាចចូលចតលឿនជាងនេះ​ទៅទៀត ព្រោះគេចាំបាច់​ព្យាបាល និង​ជួយសង្រ្គោះដល់អាយុជីវិតមនុស្ស​។

សម្តេចបានបន្ថែម​ថា កម្ពុជា​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការគោរពសិទ្ធិមនុស្ស ​បើ​គេនិយាយ​ដល់សិទ្ធិមនុស្ស​ ត្រូវ​គិត​ដល់​​សិទ្ធិ​រស់​រាន​មាន​ជីវិត​ជា​មុន​សិន​។ សិទ្ធិ​មិន​ត្រូវ​បាន​គេ​រើស​អើង ហើយអ្នក​ទេសចរលើកាប៉ាល់ទាំងអស់​អាច​វិល​ទៅ​កាន់​មាន​តុប្រទេស​វិញ ដោយសុវត្ថិភាព។ សូម​អរគុណ​ដែល​​​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​របស់​សម្តេច​ ក្នុងការអនុញ្ញាតឱ្យ​កាប៉ាល់​ចូល​ចិត្ត។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យនាវាទេសចរអាមេរិក ចូលចតនៅកម្ពុជានេះ ព្រោះចង់លុបបំបាត់ជំងឺភ័យខ្លាចជំងឺរលាកសួតនៃវីរុសកូរ៉ូណា (Covid-19) នៅទូទាំងពិភពលោក។ សម្ដេច ហ៊ុន សែន បាននិយាយថា ការផ្ដល់ទីតាំងឱ្យនាវាអាមេរិកចតនេះ គឺដើម្បីជួយសង្រ្គោះមនុស្សនៅជាប់លើនាវាដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ។ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ទង្វើរបែបនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ៖«ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»៕