BREAKING NEWS
Search

ប្រធាន​គណបក្ស​យុវជនកម្ពុជា​ ដាក់ពាក្យ​ប្ដឹង​លោក កឹម សុខា

ភ្នំពេញ​ ៖​ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា បាន​មកដល់​តុលាការ​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៧ ​ដើម្បី​ដាក់​ដាក់ពាក្យ​ប្តឹង លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារតែ​ប្រធាន​គណបក្សប្រឆាំង​ បាន​ប្រើប្រាស់​សារ​នយោបាយ នាំ​ឲ្យ​មាន​ការរើសអើង​គណបក្ស​នយោបាយ​នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ។

លោក ពេជ្រ ស្រស់ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​នៅមុខ​តុលាការ​ថា គោលបំណង​នៃ​ការប្តឹង​របស់លោក គឺ​ចង់​ទាមទារ ស្វែងរក​សេចក្តី​ថ្លៃថ្នូរ​ជូន គណបក្ស​តូចៗ និង​គណបក្ស​យុវជន​កម្ពុជា ព្រមទាំង​ឲ្យ លោក កឹម សុខា ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​អ្វី​ដែល​លោក​បាន​និយាយ។

លោក​ពេជ្រ ស្រស់ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ទី​១ គាត់​កឹម សុខា បានចាត់ទុក​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ ​ដែល​បោះ​ជូន​គណបក្ស​ផ្សេង​ក្រៅពី​បក្ស​គាត់​ថា ជា​ការ​បង្ហិន​សន្លឹកឆ្នោត ដែល​ឆ្លុះបញ្ចាំង​ពី​ការរំលោភ​សិទ្ធិ​របស់ ពលរដ្ឋ​ខ្មែរ ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ស្រលាញ់​។ ទី​២ គាត់​បញ្ឆេះ​ឲ្យ​មានការ​រើសអើង​គណបក្ស​នយោបាយ ដោយ​គាត់​បាន​និយាយ​ថា​ស្រុក​ខ្មែរ គឺមាន​បក្ស​ធំៗ​តែ​ពីរ ដែល​អាច​បម្រើ​ពលរដ្ឋ​បាន ជាពិសេស​មានតែ គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង ស្រប​ពេល​មាន​គណបក្ស​១០​ទៀត ដែល​គេ​មាន​សិទ្ធិ ធ្វើ​នយោបាយ ដូច​បក្ស​សង្គ្រោះ​ជាតិ​ដែរ​។

អ្វី​ដែល​គាត់​បាន​និយាយ​ទាំងអស់​គឺ​រំលោភច្បាប់​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដែល​ធានា​ឲ្យ​មាន ភាពស្មើគ្នា របស់​គណបក្ស​នយោបាយ។

លោក​ពេជ្រ ស្រស់​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​អ្នកកាសែត​ទាល់តែ​ប៉ូលិស​យាម​របង​តុលាការ​មក​ដេញ​ទើប​ឈប់​និយាយ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114