ប្រធាន​ផ្សារ​នានា​នៅ​ភ្នំពេញ ប្រឈម​នឹង​ការ​ដក​តំណែង បើ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ល្បែង​ស៊ីសង នៅ​តាម​ផ្សារ

ភ្នំពេញ ៖ អភិបាល នៃ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បាន​ធ្វើ​ការណែនាំ​ និង​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ សង្កាត់ ប៉ុស្តិ៍ ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​មូល​ដ្ឋាន ពិសេស​លោក​ប្រធាន​ផ្សារ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ បើ​បណ្ដោយ​ឲ្យ​មាន​ល្បែងស៊ីសង​នៅ​ក្នុង​ផ្សារ លោក​ប្រធាន​ផ្សារ​ នឹង​ប្រឈម​នឹង​ការ​ដក​តំណែង​ចេញ​តែម្តង។​

ការជំរុញ​ និង​ដាក់ចេញ​ជា​វិធានការ​បែបនេះ​របស់​ លោក​ឃួ​ង ស្រេង ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​កុម្ភៈ ​ឆ្នាំ​២០២០ ក្នុង​ឱកាស​ដែល លោក​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រកាស​ឲ្យ​ដំណើរ​ការ​រចនាសម្ព័ន្ធ​ថ្មី ​នៃ​រដ្ឋបាល​ខណ្ឌ​ដូនពេញ នៅ​សាលា​ខណ្ឌ​ដូនពេញ។​

លោក​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើកឡើងថា ប៉ុស្តិ៍​រដ្ឋបាល​មិនមែនជា​មេ​របស់​ចៅសង្កាត់​នោះ​ទេ តែ​ជា​ថ្នាក់ក្រោម​របស់​ចៅសង្កាត់ ដូច្នេះ​ត្រូវតែ​ស្ដាប់​ការណែនាំ​ពី​លោក​ចៅសង្កាត់ ពិសេស​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បទល្មើស​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ ពិសេស​គឺ​បទល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ។​ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ប្រធាន​ផ្សារ​នៅក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ បើសិនជា​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​ល្បែងស៊ីសង​នៅក្នុង​ផ្សារ ពិសេស​ល្បែង​កន្ទុយលេខ ប្រធាន​ផ្សារ​ ត្រូវ​ប្រឈម​នឹង​ការ​ដក​តំណែង ​ទោះបីជា​ថ្ងៃ​សៅរ៍ ​ឬ​ថ្ងៃអាទិត្យ​ក៏ដោយ ក៏​លោ​ក​ស៊ីញេ​ដក​តំណែង​ពី​ប្រធាន​ផ្សារ​បាន​ដែរ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី ក្នុងឱកាស​នោះ​ដែរ លោក ​ឃួ​ង ស្រេង ក៏បាន​លើក​ឡើង​ពី​ការ​កោតសរសើរ​ចំពោះ​អាជ្ញាធរ ក៏ដូចជា​មន្ត្រី​មាន​សមត្ថកិច្ច​មូលដ្ឋាន​ផង​ដែរ ដែល​បង្ការ​ និង​ទប់ស្កាត់បាន​នូវ​បទល្មើស​ផ្សេងៗ​ ពិសេស បទល្មើស​ចោរឆក់​នៅ​តាម​ដង​ផ្លូវ​សាធារណៈ ដែល​កាត់បន្ថយ​បាន​យ៉ាង​ច្រើន​ពី​ការរិះគន់​ពី​សំណាក់​មជ្ឈដ្ឋាន​នានា​។​

លោក​ឃួ​ង ស្រេង ​ក៏បាន​ជំរុញ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ បន្ត​ធ្វើ​យ៉ាងណា​ទប់ស្កាត់​ឲ្យ​បាន នូវ​បទល្មើស​ទាំងនេះ​ឲ្យ​កាន់តែ​ល្អ​បន្ថែម​ទៀត​ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ ក៏ដូចជា​ភ្ញៀវ​ជាតិ​អន្តរជាតិ​ទុក​ចិត្ត​មកលើ​រាជរដ្ឋាភិបាល ​និង​បញ្ជាក់​ឲ្យ​ឃើញ​ថា ​រាជធានី​ភ្នំពេញ​មាន​សន្តិសុខ​សុវត្ថិភាព​ល្អ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ជាតិ​អន្តរជាតិ​មក​ដើរលេង​កម្សាន្ត​ ក៏ដូចជា មករក​ស៊ី​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន​ឡើង​។​

គួរ​បញ្ជាក់ថា សម្រាប់​មន្ត្រី​ដែល​បម្រើ​ការងារ​នៅ​ក្នុង​រចនាសម្ព័ន្ធ​ថ្មី​ នៃ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ដែល​បាន​ប្រកាស​ឲ្យ​បម្រើ​ការងារ​ជា​ផ្លូវ​ការណ៍​នា​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ​នេះ មាន​ចំនួន​២៨៧​រូប៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114