ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ព្រមាន​ប្រើ​ធម៌ក្ដៅ​ដល់​គ្រូ​បង្វឹក និង​ម្ចាស់​ក្លិប ដែល​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​សហព័ន្ធ

លោក​ឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង បន្ទាប់ពី​លេចឮ​រឿង​ក្លិប​ប្រដាល់​មួយ​ចំនួន លួចនាំ​អ្នក​ប្រដាល់​របស់ខ្លួនទៅ​ប្រកួតនៅ​ក្រៅប្រទេស​នោះ ស្រាប់​តែពេល​នេះ រឿងដដែល​នេះបានកម្រើក​ឡើងវិញ។

ការ​ប្រតិកម្ម​របស់​លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន ដែលជាប្រធានសហព័ន្ធប្រដាល់គុនខ្មែរនេះ ដោយសារ​តែរឿង​ក្លិបមួយចំនួន​ លួចនាំអ្នកប្រដាល់របស់​ខ្លួនទៅប្រកួតនៅក្រៅប្រទេស​ ដែល​បញ្ហា​នេះ ​បាន​ស្ងប់ស្ងាត់​មួយរយៈ​ទៅ​ហើយ ឥឡូវ​ស្រាប់តែ​រឿង​ដដែល​នេះ បាន​កម្រើក​ឡើង​វិញ ធ្វើឲ្យ​លោក​មាន​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង។

លោក​បន្ទោស​ថា លួចចេញទៅប្រកួតនៅក្រៅប្រទេស​ដោយ​មិនឲ្យ​សហព័ន្ធ​ដឹង​ហើយនោះ ពួកគេ​ថែមទាំង​ព្រហើន​ហ៊ាន​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម face​book សុំ​ថវិកា ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ទៀត។

លោក​បន្ទោស​ទៀត​ថា ការ​បង្ហោះ​សារ​តាម​បញ្ដាញ​ហ្វេសប៊ុក​បែប​នេះ មានន័យថា បន្ទាប់ពី​គេ
ជិត​ដល់​ថ្ងៃ​ចេញ​ទៅ​ប្រកួត​ហើយ តែ​គ្មាន​លុយ​ធ្វើ​លិខិត​ឆ្លង​ដែន ទើប​បង្ហើរ​សារ​ដើម្បី​ឲ្យ​ប្រធាន​សហព័ន្ធ​បានដឹង។ ជាមួយគ្នានេះ គេថែមទាំង​ត្អូញត្អែរ​ថា បើបងប្អូន​ណាស្រឡាញ់ក្បាច់​គុនបូរាណ​ខ្មែរ ចង់លើកស្ទួយក្បាច់គុនបូរាណខ្មែរ ជួយ​ឧបត្ថម្ភ​ខ្ញុំផងជាដើម។ លោកបានចាត់ទុកថា នេះ​ជា​ទង្វើ​ខុស​ទំាង​ស្រុង ទៅនឹង​លក្ខន្តិកៈ​របស់​សហព័ន្ធ ហើយ​អ្នក​ដែល​បង្ហោះ​សារ​ បើ​មាន​លើក​ក្រោយ លោក​នឹង​ចាត់ការ​តាម​បទបញ្ជា​របស់​សហព័ន្ធ​ហើយ។ សកម្មភាពបែបនេះ គឺជាការ​ឆបោក​ដល់​អ្នក​ដែល​ស្រឡាញ់​គាំទ្រ​កីឡា​ប្រដាល់​គុន​ខ្មែរ​ហើយ។ សហព័ន្ធ​ជា​អាណាព្យាបាល មិនមែន​បណ្ដោយ​ឲ្យធ្វើ​អ្វីស្រេចតែនឹងចិត្តនោះទេ។ បើមានការប្រកួតនៅក្រៅប្រទេស ត្រូវតែប្រាប់មកសហព័ន្ធ ប្រសិន​បើការ​ប្រកួតនោះមានតម្លៃអាច​ល្មម​ចូលរួមបាន សហព័ន្ធ​មិន​ត្រឹមតែ​អនុញ្ញាត​ប៉ុណ្ណោះ​ទេ បើ​គ្មាន​លិខិត​ឆ្លង​ដែន​សហព័ន្ធ​ចេញ​លុយ​ធ្វើឲ្យ។

លោក​ឧត្ដមសេនីយ៍​ឯក តែម ម៉ឺន បញ្ជាក់​ថា មាន​តែ​សហព័ន្ធ​កីឡា​ជាតិ ក្រសួង​អប់រំ​យុវជន ​និង​កីឡា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ទេ ទើប​មាន​សិទ្ធិ​បញ្ជូន​កីឡាករ​ទៅប្រកួត​នៅក្រៅ​ប្រទេស។ សហព័ន្ធ​ជាតិ ប្រសិន​បើ​មាន​ការ​អញ្ជើញ​ពី​សហព័ន្ធ​អន្តរជាតិ ទ្វីប ឬ តំបន់ ក៏​ត្រូវ​តែសុំ​គោលការណ៍​ពី​ក្រសួង​អប់​រំ​ យុវជន និង កីឡា​ដែរ។

កុំ​របៀប​លួច​ចេញ​ទៅ​ប្រកួតក្រៅ​ប្រទេស​ដោយគ្មាន​ការ​អនុញ្ញាត ហើយ​ហ៊ាន​យកទង់ជាតិ​របស់​កម្ពុជា​ទៅ​គ្រវី​សំ​​ញែង​ទៀត​នោះ ខុស​រឿង​ហើយ។សូម​ប​ញ្ឈប់​ជា​បន្ទាន់​នូវទង្វើបែប​នេះតទៅ​ទៀត​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114