ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​អង្គការសហប្រជាជាតិ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មាន​គោលបំណង​ចង់​ស្វែងយល់ អំពី​ទស្សនៈ​វែងឆ្ងាយ​លើ​ការរក្សា​កំណើន និង​ការអភិវឌ្ឍន៍​របស់​រាជ​ធានី

ភ្នំពេញ ​៖ ប្រធាន​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា លោកស្រី ជូ​លីន ថា​ម៉េស៊ី​ស បាន​មានប្រសាសន៍ថា លោកស្រី​មាន​គោលបំណង​ចង់​ស្វែងយល់ អំពី​ទស្សនៈ​វែងឆ្ងាយ​របស់​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ការ​រក្សា​កំណើន និង​ការអភិវឌ្ឍន៍​របស់​រាជ​ធានី ស្រប​ពេល​ដែល​រាជធានី​ភ្នំពេញ​កំពុង​មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

ការ​លើក​ឡើង​របស់​លោក​ស្រី ជូ​លីន ថា​ម៉េ​ស៊ី​ស បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា ក្នុងជំនួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ស្តី​ពី​កិច្ចការ នគរូបណីយកម្ម និង​កាលានុវត្តនភាព​ក្នុងការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋបាល​រាជធានី​ភ្នំពេញ​អង្គការសហប្រជាជាតិ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​។

លោកស្រី ជូ​លីន ថា​ម៉េ​ស៊ី​ស បាន​មានប្រសាសន៍ថា ការ​ជួបពិភាក្សា​នេះ​គឺ​មាន​គោលបំណង​ចង់​ស្វែងយល់ អំពី​ទស្សនៈ​វែងឆ្ងាយ​របស់​រាជធានី​ភ្នំពេញ ក្នុង​ការ​រក្សា​កំណើន​អភិវឌ្ឍន៍​របស់​រាជធានី​ភ្នំពេញ នៅ​ក្នុង​ពេល​អនាគត​។ គោលបំណង​ទី២ គឺ​មាន​គោលបំណង​ចង់​ជម្រាបៗ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ឲ្យ​បាន​ដឹង​ជុំវិញ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ​ ដែល​គ្រោង​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​នៅ​ថ្ងៃ​ទី​២៧​ វិច្ឆិកា​ខាងមុខនេះ​ ពាក់ព័ន្ធ​នឹង​នគរូបណីយកម្ម ដែល​រៀបចំ​ដោយ​ក្រសួង​ដែនដី នគរូបណីយកម្ម និង​សំណង់​ជាមួយ​អង្គការសហប្រជាជាតិ​។ ដូច្នេះ​ទេ​លោកស្រី​ចង់​អញ្ជើញ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ចូលរួម​នៅក្នុង​ពិធី​នេះ​ដើម្បី​ធ្វើ​បទ អន្តរាគមន៍​ពាក់ព័ន្ធ​នឹង​វិស័យ​នគរូបនីយកម្ម​នៅក្នុង​រាជធានី​ភ្នំពេញ​។

ក្រៅពី​ការ លើកឡើង​ខាងលើ​លោកស្រី​ក៏បាន​លើកឡើង​ពី​ការ​រីក​ចំរើន​របស់​រាជធានី​ភ្នំពេញ​ពិសេស​លើ​ការ​ទុកដាក់​សំរាម​ឃើញ​ថា​ មាន​លក្ខណៈ​ល្អប្រសើរ​ដោយសារតែ​លោកស្រី​បាន​ដើរ​ហាត់ប្រាណ​នៅ​លើ​សួនច្បារ គឺ​មិន​មាន​សំរាម ទេ ។ លោកស្រី​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​មួយចំនួន​ជុំវិញ​បញ្ហា​សន្តិសុខ ដោយ​លោកស្រី​អាច​ដើរ ទៅ​កន្លែង​ផ្សេងៗ​ដោយ​មិន​មាន​ការព្រួយបារម្ភ​អ្វី​ឡើយ​។

លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នៅក្នុង​ជំនួប​នោះ​បាន​លើកឡើង​ពី​ការអភិវឌ្ឍន៍​រីកចម្រើន​របស់​រាជធានី​ភ្នំពេញ ដោយ​លោក​បញ្ជាក់ថា បច្ចុប្បន្ន​នេះ​យើង​មាន​អគារ​ខ្ពស់ៗ​ច្រើន ក្នុង​នោះ​រួមមាន អគារ​ដែលមាន​កម្ពស់ ៥ ជាន់​ទៅ​៩​ជាន់​មាន​ចំនួន​៧១៦ អគារ កម្ពស់ ១០ ជាន់​ទៅ ១៩ ជាន់​មាន​ចំនួន​៣៥០ អគារ កំពស់​២០​ទៅ ២៩​ជាន់ មាន​ចំនួន ៨២ អគារ កំពស់​ពី ៣០​ជាន់​ទៅ ៣៩ ជាន់​មាន​ចំនួន ៤០ អគារ អគារ​ដែល​មាន​កម្ពស់​ពី ៤០​ជាន់​ឡើង​ទៅ​មាន​ចំនួន​២៦ អគារ​និង​មាន​បុរី​ចំនួន​២១៨​បុរី។ នេះ​ជា​ការ​រីកចម្រើន​លើ​វិស័យ​នគរូបណីយកម្ម។ ទន្ទឹម​នឹង​ការ​​ឲ្យ​រីកចម្រើន​លើ​វិស័យ​តែ​រាជធានី​ភ្នំពេញ​ក៏​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ផង​ដែរ​ដូចជា​បញ្ហា​ប្រឈម​ទៅលើ​បញ្ហា​បរិស្ថាន ការកកស្ទះ​ចរាចរ និង​កាកសំណល់​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​បញ្ហា​ប្រឈម​ទាំងនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើការ​ដោះស្រាយ​ផងដែរ​។

លោក​ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា ​ពាក់ព័ន្ធ​នឹង​នគរូបនីយកម្ម​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ​ដែល​មាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ បាន​ធ្វើការ​ប្រទានកម្ម​ដី​ជូន​ប្រជាពលរដ្ឋ​យ៉ាង​ច្រើន ដូចជា​ប្រជាពលរដ្ឋ​រស់នៅ​លើដី​សាធារណៈ​របស់​រដ្ឋ យើង​បាន​ប្រទានកម្ម​ជូន​ពួកគាត់​បាន​ជាង​៣០០​សហគមន៍ និង​យើង​បាន​ប្រទានកម្ម​ដី​ឯកជន​របស់​រដ្ឋ​ជូន​ពួកគាត់​បាន​ចំនួន ១១៦១៤​ក្បាលដី​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​មាន​សិទ្ធិ​រស់នៅ​ស្របច្បាប់ ហើយ​ការងារ​នេះ រាជរដ្ឋាភិបាល​នឹង​ប្រទានកម្ម​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ចប់​សព្វគ្រប់​នៅក្នុង​ឆ្នាំ​២០២១ ដែល​នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មិនមាន​ផ្ទះសំបែង​ស្នាក់នៅ​៕
ស្រីរ័ត្ន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114