ប្រធាន និង​បុគ្គលិក​ ធនាគារ​អេស៊ីលីដា​សាខា​ក្រុង​បាត់ដំបង​៦​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន
BREAKING NEWS
Search

ប្រធាន និង​បុគ្គលិក​ ធនាគារ​អេស៊ីលីដា​សាខា​ក្រុង​បាត់ដំបង​៦​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន

បាត់ដំបង ៖ បន្ទាប់ពី​មានការ​សម្រេច​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​លោក​សៀង សុខ​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចមក កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើ​ការ​សហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចុះ​ប្រតិបត្តិ​ការអនុវត្ត​ដីកា​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ប្រធាន​សាខា និង​បុគ្គលិក​ធនាគារ​អេ​ស៊ីលីដា សាខា​ក្រុង​បាត់ដំបង សរុប​ចំនួន​៦​នាក់​ យកទៅ​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​អំពី​ដំណើររឿង ពាក់ព័ន្ធ​នឹង​បទ រំលោភ​លើ​សេចក្តីទុកចិត្ត ដោយ​អភិបាល​ការងារ ​ នូវ​សាច់ប្រាក់​ប្រមាណ ជាង​១​លាន​ដុល្លារ។

យោង​តាម​ការ​បញ្ជាក់​ពី​កម្លាំង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​នេះ​គឺ​បាន​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី​១៤​ ខែមករា ឆ្នាំ​២០១៧ ដោយ​ធ្វើឡើង​ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​លោក អ៊ិ​ន ចាន់នី ប្រធាន​ធនាគារ​អេ​ស៊ីលីដា ចុះ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៦ ដោយ​ប្តឹង​ជនសង្ស័យ​ទាំង​៦​រូប​ពីបទ «​រំលោភ​លើ​សេចក្តីទុកចិត្ត​ដោយ​អភិបាល​ការងារ​» ប្រព្រឹត្តទៅ​កាលពី​ឆ្នាំ​២០១៤-២០១៥ ដែលមាន​ទំហំ​ទឹកប្រាក់ ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក ដោយមាន​ការដឹកនាំ​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល រតនា អនុប្រធាន​នាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ដោយមាន​លោក​ឧត្ដមសេនីយ៍ត្រី​ជេ​ត វណ្ណ​នី ស្នងការរង នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​បាត់ដំបង​ បាន​ធ្វើ​ការ​សហការ​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​ផង​ដែរ។

កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ មាន​៥​នាក់​ជា​បុគ្គលិក​ធនាគារ​អេ​ស៊ី​លីដា សាខា​ក្រុង​បាត់ដំបង ត្រូវបាន​ឃាត់ខ្លួន នៅ​សាខា​ធនាគារ ក្រុង​បាត់ដំបង និង​ម្នាក់ទៀត ដែលជា​ប្រធាន​សាខា​ ត្រូវបាន​ឃាត់ខ្លួន នៅ​រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង​៦​នោះ​រួមមាន​៖ ១៖ ឈ្មោះ ស៊ី​វ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ២៖ ឈ្មោះ ឡេវ ឆាយ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៣៖ ឈ្មោះ បឿន សំណង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៤៖ ឈ្មោះ ជា សិលា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៥៖ ឈ្មោះ ញឹក សារ៉ន អាយុ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​, ៦៖ ឈ្មោះ ឈន ទឹ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ហើយ​ពួកគេ​សុទ្ធសឹង​ជា​អ្នក​រស់នៅក្នុង​ខេត្តបាត់ដំបង។
ពាក់ព័ន្ធ​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ លោក​អ៊ិន ចាន់នី ប្រធាន​ធនាគារ​អេ​ស៊ី​លីដា បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា ធនាគារ​អេ​ស៊ី​លីដា ពិតជា​បាន​ប្តឹង ទៅ​សមត្ថកិច្ច ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៦​នាក់​នោះ ប្រាកដ​មែន។


លោក​បាន​បញ្ជាក់ទៀតថា បណ្តឹង​ឲ្យ​ឃាត់ខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី​ពិនិត្យឃើញ​ភាពមិនប្រក្រតី​ជាច្រើន ក្នុង​ធនាគារ​អេ​ស៊ី​លីដា សាខា​ក្រុង​បាត់ដំបង ដោយ​ភាព​មិនប្រក្រតី​នោះ មាន ដូចជា​បញ្ហា​ទំហំ​ឥណទាន និង​ការ​បន្លំ​ឯកសារ​សាធារណៈ​ជាដើម​។​
ដោយឡែក​លោកស្នងការ​រង ជេ​ត វណ្ណ​នី ដែល​បាន​ចូលរួម​សហការ​ក៏បាន​មានប្រសាសន៍ថា ការអនុវត្ត​តាម​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ គឺ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​តែ​៥​នាក់​ប៉ុណ្ណោះ នៅ​ក្នុង​សាខា​ក្រុង​បាត់ដំបង ដែល​ពួកគេ​ទាំងអស់​គឺជា​បុគ្គលិក​ធនាគារ ដោយឡែក​លោក​ប្រធាន​សាខា គឺ​ក្រសួង​បាន​អនុវត្ត​​ដីកា​ឃាត់ខ្លួន​នៅឯ​ទីក្រុង​ភ្នំពេញ​រួចទៅហើយ។

សូមបញ្ជាក់ថា បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់ កំពុង​ឃាត់ខ្លួន​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114