ប្រធាន Premier League មាន​ជំនឿ​ចិត្ត​ថា​នឹង​អាច​ចាប់ផ្តើម​រដូវ​កាល​បាល់ទាត់​ឡើងវិញ​នៅ​ខែមិថុនា​ខាងមុខ

ប្រធាន​ប្រតិបត្តិ​ក្របខណ្ឌ Premier League លោក Richard Masters​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា រដូវ​កាល​បាល់ទាត់​កំពូល​អង់គ្លេស នឹង​អាច​ចាប់ផ្តើម​ឡើងវិញ​នៅក្នុង​ខែមិថុនា​ខាងមុខនេះ។

ក្លិប​ជាច្រើន បាន​វិល​ត្រឡប់មក​ហ្វឹកហាត់​វិញ​ជាមួយនឹង​វិធានការ​ដាក់​គំលាត​សុវត្ថិភាព​ក្នុង​សប្តាហ៍​នេះ ហើយ​ក្រុម League​សង្ឃឹមថា នឹង​ចាប់ផ្តើម​លេង​ការប្រកួត​ដែល​នៅ​សេសសល់​៩២​ប្រកួត​នៅ​ថ្ងៃទី​១២ ឬ​ទី​១៩ ខែមិថុនា​ខាងមុខនេះ​។

ក្រុម​កីឡាករ និង​បុគ្គលិក Premier League បានធ្វើ​តេស្ត​រក​ជំងឺ COVID-19 ក្នុងនោះ​មនុស្ស​៦​នាក់ បានធ្វើ​តេស្ត​វិជ្ជមាន ដែល​រួមទាំង​ខ្សែការពារ Adrian Mariappa របស់​ក្លិប Watford​ផងដែរ។

លោក Masters បាន​និយាយប្រាប់ BBC​កាលពី​ថ្ងៃ​សុក្រ​ថា ពួកយើង​បាន​បោះជំហាន​ដំបូង​រួចហើយ ។ វា​អស្ចារ្យ​ខ្លាំងណាស់​សម្រាប់​អ្នក​រាល់គ្នា ដែល​រួមទាំង​ក្រុម​អ្នកគាំទ្រ ដើម្បី​មើល​ក្រុម​កីឡាករ​របស់​ពួកយើង​វិលត្រឡប់​មកកាន់​ទីលាន​ហ្វឹកហាត់​វិញ​។

លោក Masters បាន​និយាយថា លោក​មាន​ជំនឿ​ចិត្តខ្លាំង​ណាស់​ថា​យើង​អាច​វិលត្រឡប់​មកវិញ​នៅក្នុង​ខែមិថុនា​ខាងមុខ​។

នៅពេល​សួរថា​ តើ​ក្របខណ្ឌ Premier League​ពិតជា​វិលត្រឡប់​មកវិញ​នៅ​កាលបរិច្ឆេត​ខាងលើ​មែនឬ​? លោក Masters បាន​និយាយថា​ការរៀបចំ​ត្រូវតែ​ចេះ​បត់បែន​តាម​កាលៈទេសៈ​។

ខណៈពេលដែល​ក្រម​ខណ្ឌ​បាល់ទាត់​កំពូល Bundesliga វិលត្រឡប់​មកកាន់​កា​រ​ប្រកួត​វិញ​នោះ ក្រុម League​នៅ​ប្រទេស​បារាំង ស្កុ​តលែ​ន និង​ហូ​ឡង់ បាន​លុបចោល​រដូវ​កាល​របស់​ពួកគេ ដោយសារតែ​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19៕
សា​រ៉ាត់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114