ប្រពន្ធ​សរសៃប្រសាទ​កូន​៤​នាក់ ប្តី​លួច​សែន​យកប្រពន្ធ​ទី​២ មាន​គេ​ឡាយ​វីដេអូ ​ផ្អើល​ដល់​ថ្នាក់​ដឹកនាំ​

កំពង់ឆ្នាំង ៖ បុរស​ម្នាក់​ បាន​លួច​សែនព្រេន​យកប្រពន្ធ​ថ្មី ដោយ​ទុក​កូន​៤​នាក់ ឲ្យ​រស់នៅ​ជាមួយ​ម្ដាយ​ដែល​មាន​សតិ​មិន​ហ្នឹងន ( សរសៃប្រសាទ ) ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​/ឃុំ​ជាមួយគ្នា។ រឿងនេះ​ បើ​តាម​ការ​ឡាយ​វីដេអូ​ ​កាលពី​ថ្ងៃទី​១៩​មករា បាន​ប្រតិកម្ម​ដល់​ថ្នាក់​ដឹកនាំ (​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ​ហ៊ុនសែន ) ទើប​នៅ​ល្ងាច​ថ្ងៃទី​២១ ខែ​មករា ​ឆ្នាំ​២០២០​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​កោះហៅ​ភាគី​ទាំងសងខាង មក​ធ្វើការ​សាកសួរ​ដោះស្រាយ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ប៉ុន្តែ​ការសម្របសម្រួល​មិនបាន​សម្រេច ដោយ​ភាគី​ម្ដាយ​បង្កើត​ខាង​ប្រពន្ធដើម​មិន​សុខចិត្ត និង​ប្តឹង​បន្តទៅ​តុលាការខេត្ត។

នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ​ស្ត្រី​ឈ្មោះ ស សុ​ធឿន អាយុ​៦០​ឆ្នាំ ត្រូវជា​ម្តាយ​បង្កើត​របស់​ស្ត្រី​ឈ្មោះ កង សំហេង ជា​ប្រពន្ធដើម មានកូន​៤​នាក់ ​​ក្នុងបន្ទុក​នោះ បាន​រៀបរាប់​ថា​ ៖ កូនស្រី​របស់គាត់​ ឈ្មោះ កង សំហេង និង​កូនប្រសា​ប្រុស ឈ្មោះ តេង ផាន អាយុ​៤០​ឆ្នាំ បាន​សែន​ព្រេន​យកគ្នា​ជា​ប្តី​ប្រពន្ធ​នៅ​ឆ្នាំ​២០០៣ នៅ​ឯ​ស្រុក​កោះធំ ខេត្ត​កណ្តាល ដល់​បច្ចុប្បន្ន ពួកគេ​មាន កូន​៤​នាក់ ​ក្នុងបន្ទុក​(​ស្រី​២​ ប្រុស​២) ដោយ​កូនច្បង​ប្រុស មាន​អាយុ​១៦​ឆ្នាំ និង​កូនពៅ​ស្រី មាន​អាយុ​៧​ឆ្នាំ។​

នៅក្នុង​ឆ្នាំ​២០១៦ ក្រោយពី​សម្រាលកូន​ទី​៤ កូនស្រី​របស់គាត់​បាន​ទាស់​សរសៃ​រហូត​ធ្វើទុក្ខ​ដល់​ខួរ​ក្បាល និយាយ​មិន​ដឹង​ខុសត្រូវ (​សរសៃ​ប្រសាទ​)​។ ដូច្នេះ​បន្ទុក ចៅៗ​ទាំង​៤​នាក់ រស់នៅក្នុង​បន្ទុក​ជា​មួយ​គាត់ ដែលជា​អ្នក​មើលថែ និង​ចិញ្ចឹម​បីបាច់។ ចំណែក​កូនប្រសា​រប​ស់​គា​ត់ បាន​ចេញ​ទៅ​ធ្វើ​ការ​រក​លុយ​នៅ​ខេត្ត​ឆ្ងាយៗ យូរ​ៗ​ទើប​មក​ផ្ទះ​ម្តង តែ​មិនសូវ​បាន​ផ្ញើ​លុយ​សម្រាប់​ចិញ្ចឹម​កូនៗ គេ​ឡើយ​។

ដោយឡែក​រយៈពេល​ជាង​២​ខែ​នេះ កូនប្រសា​គាត់ តេង ផាន បាន​សុំឲ្យ​គាត់​ជួយ​ផ្ដិតមេដៃ អនុញ្ញាត​ឲ្យ​គាត់​យកប្រពន្ធ​មួយទៀត តែ​គាត់​មិនបាន​ព្រម​ឡើយ​។ ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២០ កូនប្រសា​គាត់​ក៏បាន​រៀបចំ​សែនព្រេន​ជាមួយ​ប្រពន្ធ​ទី​២ នៅក្នុង​ភូមិ/​ឃុំ​ជាមួយគ្នា ដែលមាន​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ ពី​ផ្ទះ​គាត់​រស់នៅ​ជាមួយ​ចៅៗ​បច្ចុប្បន្ននេះ​តែប៉ុណ្ណោះ ហើយក៏​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ ពេលនោះ​ គាត់​ក៏បាន​ទៅប្តឹង​អាជ្ញាធរ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែម្ដង​។​ ចំណែក​បុរស ឈ្មោះ តេង ផាន អាយុ​៤០​ឆ្នាំ ជា​ប្តី​របស់ កង សំហេង (​ស្ត្រី​សតិ​មិនល្អ​) បាន​ឲ្យ​ដឹងថា ប្រពន្ធ​គាត់​ឈ្មោះ កង សំហេង ក្រោយពី​បាន​សម្រាលកូន​ទី​៤​ នៅ​ឆ្នាំ​២០១៦​រួចមក ក៏​មាន​ជំងឺ​ពាក់ព័ន្ធ​សរសៃ​ប្រសាទ​ ហើយ​ចេះតែ​ដើរ​ចោល​ផ្ទះ មិន​មើល​កូន​ឡើយ​។ ដោយសារ​ប្រពន្ធ​គាត់​ចេះ​តែ​ដើរ​ចោល​ផ្ទះ​បែបនេះ​ និង​នៅពេល​នាង​ត្រឡប់មកផ្ទះ​វិញ​ ថែមទាំង​មាន​ផ្ទៃពោះ​ជា​កូន​ទី​៥​ទៀត ដែល​កូន​នោះ​មិនមែន​កូន​ជាមួយ​គាត់​ឡើយ។ ក្រោយពី​ប្រពន្ធ​មាន​ផ្ទៃពោះ​មិនដឹង​ជាមួយ​អ្នក​ណា គាត់​មានការ​ខ្មាស​គេ​ផង ក៏បាន​ចេញទៅ​ធ្វើការ​នៅ​ខេត្ត​ឆ្ងាយៗ យូរៗ​ទើប​មកលេង​ជាមួយ​កូន​ម្តង និង​ក៏បាន​ផ្ញើ​លុយកាក់​សម្រាប់​ចិញ្ចឹម​កូន​ប្រពន្ធ​ជា​រៀងរាល់ខែ​ផងដែរ​។ ក្រោយមក​នៅ​ចុងឆ្នាំ​២០១៩​នេះ គាត់​បាន​ស្រឡាញ់​​ស្ត្រី​មេម៉ាយ​មានកូន​៤​ដូចគ្នា រស់នៅក្នុង​ភូមិ​ស្វាយ​ក្រោម ឃុំ​តា​ជេស​ជា​មួយគ្នា ​និង​បានរៀបចំ​សែនព្រេន​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២០ តែ​ត្រូវ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះមក​ឃាត់​មិនឲ្យ​យកគ្នា​។​

ដោយឡែក​ ស្ត្រី ឈ្មោះ សឿង ចិន្តា អាយុ​៣៣​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​មានកូន​៤​នាក់ នៅក្នុង​បន្ទុក​ដែរ​នោះ ត្រូវជា​ប្រពន្ធ​ទី​២ បានឲ្យ​ដឹង​ដែរ​ថា គាត់​បាន​លែងលះ​ជាមួយ​ប្តី​គាត់ កាលពី​២​ឆ្នាំមុន ហើយ​ប្តី​គាត់​ក៏បាន​ទៅ​រៀបការ​ជាមួយ​ប្រពន្ធ​ថ្មី​មួយទៀត ដោយ​បន្សល់ទុក​កូន​៤​នាក់​ឲ្យ​គាត់​ចិញ្ចឹម​។ បន្ទាប់ មក​ គាត់​ក៏បាន​ស្រឡាញ់​គ្នា​ជាមួយ​ ឈ្មោះ តេង ផាន និង​ បាន​ស្ម័គ្រ​ចិត្ត​សែនព្រេន​យកគ្នា​ជា​ប្តី​ប្រពន្ធ ដោយ​គាត់​ដឹងថា ប្រពន្ធដើម​របស់ តេង ផាន មាន​សតិ​មិនល្អ ទើប​គាត់​សម្រេចចិត្ត​សែន​ព្រេន​ជាមួយ​។

ប្តី​ និង​ប្រពន្ធ​ដែល​ទើបតែនឹង​សែន​យកគ្នា​ជា​ប្តី​ប្រពន្ធ​ថ្មីៗ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជំនាញ ប្ដី​បាន​ស្ម័គ្រ​ចិត្ត​ជួយឧបត្ថម្ភ​លុយ ចំនួន​៤០​ម៉ឺន​រៀល ដែលជា​អាហារកិច្ច​ដល់​កូនៗ​ទាំង​៤​ជា​រៀងរាល់​ខែ តែ​ម្ដាយបង្កើត​របស់​ប្រពន្ធដើម បាន​ទាមទារ​យកប្រាក់​បង់​ផ្ដាច់​ចំនួន​ ១៥ ០០០​ ដុល្លារ ដើម្បី​ទុក​ចិញ្ចឹម​ចៅៗ ជា​ថ្នូរ​នឹង​ការមិន​រំខាន​ដល់​ប្ដី​ប្រពន្ធ​ថ្មី​ខាងលើនេះ។​

ឆ្លងតាម​ការសម្របសម្រួល​ដោះស្រាយ​អស់​រយៈពេល​ជាច្រើន​ម៉ោង​នៅក្នុង​អធិការនគរបាល​ស្រុក​កំពង់ត្រឡាច គឺ​មិនត្រូវ​គ្នា​ឡើយ។ ដោយ​ភាគី​ខាង​ម្ដាយក្មេក​បានសម្រេច​ចិត្ត​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ឲ្យ​ជួយ​រក​យុត្តិធម៌​ឲ្យ​កូនស្រី និង​ចៅៗ​របស់គាត់ ដោយ​គាត់​មិន​ព្រម​ទទួលយក​ប្រាក់​ដែល​បង់​ជា​រៀងរាល់​ខែ​ពី​កូនប្រសា​គាត់​ឡើយ។​

នៅក្នុង​រឿងនេះ លោកស្រី​ឧត្ដមសេនីយ៍​ត្រី មាស សុ​ម៉ាលី ស្នងការ​រង​ទទួលបន្ទុក ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ ចុះ​ដោះស្រាយ​ករណី​ខាងលើនេះ បានឲ្យ​ដឹងថា​ ឈ្មោះ តេង ផាន និង ​នាង កង សំហេង បាន​រៀប​ចំ​សែនព្រេន​យកគ្នា ជា​ប្ដី​ប្រពន្ធ ​ដោយ​ពុំមាន​ចុះ​លិខិត​អាពាហ៍ពិពាហ៍ (​អេតាស៊ីវិល​) ឡើយ។​

ដូចនេះ​ សមត្ថកិច្ច មិនអាច​អនុវត្តតាម​ច្បាប់​បានទេ​ ព្រោះ​តាម​មាត្រា​ទី​៧ នៃ​ច្បាប់​ ស្ដីពី​ឯកពន្ធន​ភាព បាន​ចែងថា​ ៖ ប្រុស​ ឬ​ស្រី ដែលមាន​ចំណង​អាពាហ៍ពិពាហ៍​មិនទាន់​រលាយ ហើយ​លួច​ទៅ​មាន​អ្នក​ទី​៣ ក្រៅពី​ប្ដី ប្រពន្ធ ខ្លួន​ទៀត​នោះ មិន​អាច​ចោទប្រកាន់ ពីបទ​ផិត​ក្បត់​បាន​ឡើយ​។​

ដូច្នេះ ​ប្ដី​ប្រពន្ធ​មួយគូ​នេះ ដែល​មិនមាន​លិខិត​អាពាហ៍ពិពាហ៍​ទេ សមត្ថកិច្ច​ មានតែ​ធ្វើការ​សម្រប​សម្រួល តែ​ក្នុងករណី​សម្របសម្រួល​មិនត្រូវ​គ្នា ភាគី​ទាំងសងខាង អាច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ​ដើម្បី​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច​រឿងក្តី​នេះ​ទៅតាម​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម៕


អត្ថបទ ៖ ឈៀង ថា​រិ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114