ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​៖ ចិន​ឃុំឃាំង​បុរស​តៃវ៉ាន់​ទី​៣​លើ​មូលដ្ឋាន​សន្តិសុខ

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​ថា ទីក្រុង​ប៉េកាំង​កំពុង​ស៊ើបអង្កេត​បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ពីបទ​សង្ស័យថា​បាន​ចូលរួម​ក្នុង​សកម្មភាព​នានា​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ដោយ​នេះ​គឺជា​ករណី​ទី​៣​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​៣​ខែ។

លោក Shih Cheng-ping ដែលជា​សាស្ត្រាចារ្យ​ចូលនិវត្តន៍​នៅ​សកលវិទ្យា​ល័យ National Taiwan Normal និង​ជា​ប្រធាន​សេដ្ឋវិទូ​នៃ​ក្រុមហ៊ុន​ចិន Huaxia Group បាន​បាត់​ខ្លួន​បន្ទាប់ពី​ចូល​ចិនដីគោក​កាលពី​ខែសីហា​ឆ្នាំមុន​។​

លោក Ma Xiaoguang អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការរដ្ឋ​កោះ​តៃវ៉ាន់​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា លោក Shih កំពុង​ត្រូវបាន​ស៊ើបអង្កេត​ចំពោះ​សកម្មភាព​ដែល​គេ​សង្ស័យថា​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​រដ្ឋ People’s Daily​។​

លោក Shih គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​ជនជាតិ​តៃវ៉ាន់​បីនាក់​ដែល​ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់ថា​ខ្លួន​កំពុង​ឃុំឃាំង​លើ​មូលដ្ឋាន​សន្តិសុខ​ជាតិ​បន្ទាប់ពី​បាន​ចូល​ចិនដីគោក​។​

កាលពី​ខែកញ្ញា ទីក្រុង​ប៉េកាំង​បាន​បញ្ជាក់ថា អ្នកប្រាជ្ញ​តៃវ៉ាន់​លោក Tsai Chin-shu ដែល​ដឹកនាំ​អង្គការ​មួយ​លើកកម្ពស់​ទំនាក់ទំនង​រវាង​តៃវ៉ាន់​និង​ចិន​បាន​ស្ថិតនៅក្រោម​ការស៊ើបអង្កេត​បន្ទាប់ពី​គាត់​បាន​បាត់​ខ្លួន​ក្នុង​ខែកក្កដា​ឆ្នាំ​២០១៨​។​

ក្នុង​ខែ​ដដែល​នោះ ចិន​ក៏បាន​បញ្ជាក់​ពី​ករណី​ទី​២​ផងដែរ​គឺ​សកម្មជន​ប្រជាធិបតេយ្យ​តៃវ៉ាន់​ឈ្មោះ Lee Meng-chu​ដែល​បាន​បាត់​ខ្លួន​បន្ទាប់ពី​ឆ្លង​ចូល​ប្រទេស​ចិន​ពី​ហុងកុង​ក្នុង​ខែសីហា​។​

គួរ​បញ្ជាក់ថា ទំនាក់ទំនង​មាន​ភាព​តានតឹង​រវាង​ចិនដីគោក​ដែល​ដឹកនាំ​ដោយ​របប​កុម្មុយនីស្ត​និង​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​លទ្ធិប្រជាធិបតេយ្យ​។​

កោះ​តៃវ៉ាន់​ត្រូវបាន​គ្រប់គ្រង​ក្នុងនាម​ជា​ប្រទេស​ឯករាជ្យ​អស់​រយៈពេល​៧​ទសវត្សរ៍​មកហើយ​ប៉ុន្តែ​ទីក្រុង​ប៉េកាំង​នៅតែ​មើលឃើញថា កោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ដែល​កំពុង​រង់ចាំ​ការបង្រួបបង្រួម​ដោយ​កម្លាំង​បើសិនជា​ចាំបាច់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114