ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ជំរុញ​ឲ្យ​មានការ​ចរចា​បញ្ចប់​កិច្ចព្រមព្រៀង​ស្តីពី​ភាពជា​ដៃគូ ​គ្រប់​ជ្រុងជ្រោយ​នៃ​សេដ្ឋកិច្ច​តំបន់

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​ឲ្យ​មានការ​បញ្ចប់​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង​ស្តីពី ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នៃ​សេដ្ឋកិច្ច​តំបន់ ដើម្បី​បន្ត​ជំរុញ​គាំទ្រ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ដ៏​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​ដែលជា​មូលដ្ឋានគ្រឹះ សម្រាប់​វិបុលភាព​សេដ្ឋកិច្ចពិភពលោក​។

យោង​តាម​ប្រភព​ព័ត៌មាន​ដែល​ផ្តល់​ឲ្យ​ដោយ​អ្នករាយការណ៍​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​បែបនេះ​នៅ​ក្នុង​បទ​អន្តរា​គន៍​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​៣ (​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​, ជប៉ុន ,​សាធារណរដ្ឋ​កូរ៉េ )​នា​ព្រឹក​ថ្ងៃទី ៤ ខែ វិច្ឆិកា នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើ​បទ​អន្តរាគមន៍​ទៅកាន់​ប្រទេស​បូក​៣​ថា «​ឥឡូវនេះ​គឺជា​វេលា​ដ៏​ចំ​បាច់​សម្រាប់​ការ​បញ្ចប់​កិច្ចចរចា​លើ​កិច្ចព្រមព្រៀង ស្តីពី​ភាពជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​នៃ​សេដ្ឋកិច្ច​តំបន់​ដើម្បី​បន្ត​ជំរុញ​គាំទ្រ​ការធ្វើ​ពាណិជ្ជកម្ម​សេរី​ដ៏​មាន​សារៈសំខាន់​នៅក្នុង​តំបន់​អាស៊ាន​ដែល​ជា​មូលដ្ឋាន គ្រឹះ​សម្រាប់​វិបុលភាព​សេដ្ឋកិច្ចពិភពលោក​»​។

សម្តេច​ក៏បាន​ស្នើ​ដល់​មេដឹកនាំ​អាស៊ាន​ និង ​ប្រទេស​បូក​បី​បង្កើន​ការ​យកចិត្តទុកដាក់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​កិច្ចការ​ពារបរិស្ថាន​និង​ធនធាន ធម្មជាតិ​ពិសេស​តាមរយៈ​ការ​ចែករំលែក​បទពិសោធន៍​ជំនាញ​ចំណេះដឹង​និង​សកម្មភាព​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​ដល់​ប្រទេស​សមាជិក​អាស៊ាន​ដែល កំពុង​ត្រូវការ​នូវ​ការពង្រឹង​សមត្ថភាព​លើ​វិស័យនេះ​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន បូក ៣ នោះ​ដែរ​មេដឹកនាំ​អាស៊ាន​បាន​ស្តាប់​នូវ​របាយការណ៍​លើកឡើង​ពី​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​បូក​បី​ដែល បាន​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព បញ្ហា​ប្រឈម​នានា និង​ការដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​បណ្តា​ឆ្នាំ​ខាងមុខ​នៃ​កិច្ច​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ យូរអង្វែង​រវាង​ប្រទេស​អាស៊ាន​ជា​មួយ​នឹង​ប្រទេស​បូក​បី​។ មេដឹកនាំ​អាស៊ាន​និង​ប្រទេស​បូក​បី​បាន​ធ្វើ​ការ​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​នានា​ដែល​ទាក់ទិន​ទៅនឹង​វិស័យ​សុខាភិបាល​បញ្ហា​ជំងឺឆ្លង​បម្រែបម្រួល​អាកាសធាតុ រួម​ទាំង​បញ្ហា​ពាក់ព័ន្ធ​នានា​ដែល​មេដឹកនាំ​ទាំងអស់​មានការ​យកចិត្ត​ទុក ដាក់​ដូចគ្នា​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ មេដឹកនាំ​ទាំងអស់​បាន​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​ដែល​ប្រទេស​អាស៊ាន​និង​ប្រទេស​បូក បី​សម្រេច​បាន​ក្នុង​រយៈ​ជាង​២០ឆ្នាំ ​កន្លងទៅ​ពិសេស​ការ​កើនឡើង​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​អាស៊ាន​ជា​មួយ​នឹង​ប្រទេស​បូក​បី​ក្នុង​នោះ​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ​ទំហំ​ពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​ប្រទេស​បូក​បី​បាន​កើន​ឡើង​ដល់ ៨០៧,៣ ប៊ី​លាន​ដុល្លារ​អាមេរិក​ ស្មើនឹង​៣១,៦​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​របស់​អាស៊ាន​។ ក្នុង​ឆ្នាំ​ដដែល​នោះ​ដែរ​ទុន​វិនិយោគ​ផ្ទា​ល់ពី​បរទេស​ហូរ​ចូល​ប្រទេស​បូក​បី​និង​ចូល​អាស៊ាន​ឡើងដល់ ២៩,៩ ប៊ី​លាន​ដុល្លារ ស្មើនឹង​២១,៨​ភាគរយ​ទុនវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​អាស៊ាន​។

ជា​មួយ​គ្នា​នេះ​ មេដឹកនាំ​អាស៊ាន​និង​មេដឹកនាំ​នៃ​ប្រទេស​បូក​បី​បាន​គូសបញ្ជាក់​ម្តង​ទៀត​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​ទាំងអស់​ចំពោះ​ការអនុវត្ត​យ៉ាង​ពេញលេញ​នៃ​សេចក្តី​សម្រេច​ពាក់ព័ន្ធ​នានា​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​និង​កត់សំគាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​អន្តរជាតិ​ដើម្បី​នាំមក​នូវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ ពេញលេញ​នៅ​ឧបទ្វីប​កូរ៉េ និង​បញ្ជាក់​ពី សារៈសំខាន់​នៃ​វេទិកា​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ក្នុង​នោះ​រួមមាន​វេទិកា​តំបន់​អាស៊ាន​ដើម្បី​លើកកម្ពស់​បរិយាកាស​អំ​ណោ​យ​ផល​ដល់​កិច្ចពិភាក្សា​ប្រកប ដោយ​សន្តិភាព​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះដែរ​មេដឹកនាំ​អាស៊ាន​និង​ប្រទេស​បូក​បី​បាន​ឈានទៅ​ចេញ​សេចក្តីប្រកាស​របស់ ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី ២២ អនុម័ត​សេចក្តីប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​បី​ស្តីពី​ការតភ្ជាប់​គំនិត​ផ្តួចផ្តើម​ការតភ្ជាប់​។ ជាមួយ គ្នា​នេះ​មេដឹកនាំ​ទាំងអស់​ក៏បាន​ធ្វើការ​កត់សំគាល់​របាយការណ៍​វឌ្ឍនភាព​ស្តីពី​ការអនុវត្ត​ផែនការ​ការងារ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​បូក​បី (២០១៨-២០២២) កត់សំគាល់​អនុស្សរណៈ​លេខ ១៦ នៃ​បណ្តា​ក្រុមអ្នកវិភាគ​អាស៊ី​បូព៌ា​និង​កត់សំគាល់​របាយការណ៍​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៧ និង​ឯកសារ​គោលនយោបាយរ​បស់​ការិយាល័យ​អាស៊ាន​បូក​បី​ស្តីពី​ការស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច៕
ណា​រី



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114