ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ចេញ​វិធានការ​៥​ចំណុច ដើម្បី​លើកកម្ពស់​ការអនុវត្ត​របាយការណ៍​សិទ្ធិមនុស្ស​កម្ពុជា សម្រាប់ អសប

ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងនាម​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​វិធានការ​ចំនួន​៥ ចំណុច ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការអនុវត្ត​យន្តការ​របាយការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្រាប់​អង្គការសហប្រជាជាតិ បើ​តាម​សារាចរ ដែល​ចេញផ្សាយ​នៅ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​។

ពាក់ព័ន្ធ​នឹង​វិធានការ​ទាំង​៥ ចំណុច​នេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែ​ផ្តល់​តម្លៃ​ខ្ពស់ និង​យកចិត្តទុកដាក់​ដល់​ការងារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​លោក​ចាត់ទុកថា នេះ​ជា​របត់​ថ្មី​នៃ​ការងារ និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​កើតចេញពី​ស្នាដៃ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។

យោងតាម​សារាចរ ដែល​ទទួលបាន បាន​ឲ្យ​ដឹងថា វិធានការ​ទាំង​៥​នោះ​រួមមាន​ ទី​១, ដោយ​ការងារ​សិទ្ធិមនុស្ស​ជា​ការ​ងារ​អន្តរ​វិស័យ គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ​ឲ្យ​បាន​ជិតស្និទ្ធ ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មាន​ជាអាទិ៍ ការងារ​ស្រាវជ្រាវ អប់រំ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិមនុស្ស ការងារ​ទទួល​និង​ដោះស្រាយ​ពាក្យបណ្តឹង និង​ការងារ​ស៉ើ​ប​អង្កេត​និង​ត្រួតពិនិត្យ ស្ថានភាព​សិទ្ធិមនុស្ស នៅតាម​ពន្ធនាគារ និង​កន្លែង​ឃាត់ខ្លួន និង​ឃុំខ្លួន​ផ្សេងៗ​ទៀត​។

​ទី​២, គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី​-​ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ធ្វើ​ការ​សហការ​ឲ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក្នុង​ដំណើរការ​រៀបចំ​របាយ​ការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា សម្រាប់​អង្គការសហប្រជាជាតិ មាន​ជាអាទិ៍ ការ​ផ្តល់​ព័ត៌មាន និង​ទិន្នន័យ ការចូលរួម​កិច្ចប្រជុំ និង​ការផ្តល់​របាយការណ៍​ឆ្លើយតប ឲ្យ​បាន​ទៀងទាត់​តាម​កាលកំណត់​។

ទី​៣, គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​រាជធានី ខេត្ត និង​អង្គភាព​ជំនាញ​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ផ្តល់​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេល​វេលា​ទៅ​នឹង​របាយការណ៍​ទាំងឡាយ ពាក់ព័ន្ធ​ទៅ​នឹង​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​បានដាក់​ជូនទៅ​អង្គការសហប្រជាជាតិ ដោយ​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស​ប្រចាំ​នៅ​កម្ពុជា របាយការណ៍​អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​របាយការណ៍​សិទ្ធិមនុស្ស​កម្ពុជា​ដទៃទៀត ដែល​ពាក់ព័ន្ធ​នឹង​សមត្ថភាព​របស់ខ្លួន​។

​ទី​៤, ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការ​រៀបចំ​បញ្ជូន​តំណាង​ចូលរួម​ជាមួយ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ដើម្បី​ទៅ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស តាម​សន្ធិសញ្ញា​នីមួយៗ នៅ​អង្គការសហប្រជាជាតិ តាម​ការ​ស្នើសុំ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា​។

ទី​៥, តាម​សំណើ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ទីស្តីការគណៈរដ្ឋមន្ត្រី​ស្នើសុំ​ថវិកា​ក្នុង​កញ្ចប់​ថវិកា​ពិសេស របស់​រាជរដ្ឋាភិបាល​ក្នុងការ​បញ្ជូន ប្រតិភូ​តំណាង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ទៅ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ សម្រាប់​ប្រតិភូ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រតិភូ​តំណាង​ក្រសួង ស្ថាប័ន​ដែល​ចាំបាច់​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114