ប្រមុខ​រាជរដ្ឋាភិបាល ​សុំ​ការយោគយល់​ពី​បងប្អូន​ខ្មែរឥស្លាម​ ចំពោះ​ការ​ផ្អាក​ពិធី​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​ថ្នាក់​ជាតិ​
BREAKING NEWS
Search

ប្រមុខ​រាជរដ្ឋាភិបាល ​សុំ​ការយោគយល់​ពី​បងប្អូន​ខ្មែរឥស្លាម​ ចំពោះ​ការ​ផ្អាក​ពិធី​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​ថ្នាក់​ជាតិ​

​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​នៅ​ព្រលប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២០​នេះ​បាន​បង្ហោះ​សារ​សុ​ការ​យោគ យល់​ពី​សាសនិក​ខ្មែរឥស្លាម​ដែល​ត្រូវ​លុបចោល​កម្មវិធី​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ថ្នាក់​ជាតិ​លើក​ទី​៧​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃ​ទី​២៩ ខែមេសា​ ឆ្នាំ​២០២០​ខាងមុខ​និង​ផ្អាក​ការ​ថ្វាយ​បង្គំ​ នៅ​តាម​វិហារ​ស៊ូ​រ៉ាវ។ ការ​ផ្អាក​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន ថ្នាក់ជាតិ​លើក​ទី​៧ នេះ​ក៏​ដោយសារតែ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ​១៩។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​បុក​ផ្លូវការ​ នៅ​កាល​ពី​ល្ងាច​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២០​នេះ​ថា​៖ «​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ខ្ញុំ​និង​ភរិយា​សូម​អបអរសាទរ​និង​សូម​ជូន​នូវ​ពរជ័យ​សិរី​សួស្ដី សុភមង្គល បវរ​មហាប្រសើរ ជូន​ដល់​បងប្អូន​សាសនិក​ខ្មែរ ឥស្លាម​កម្ពុជា​ក្នុង និង​ក្រៅ​ប្រទេស​រួមទាំង​បងប្អូន​សាសនិក​ឥស្លាម​នៅ​ទូទាំង​ពិភពលោក​ផង​ដែរ​ ដែល​បាន​ចូល​បួស​ខែ​រ៉ា​ម៉ា​ឌន ដែល​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ទី​០១ ខែ​រ៉ា​ម៉ា​ឌន ឆ្នាំ​១៤៤១ មូ​ហាំ​ម៉ាត់​សករាជ ត្រូវ​នឹង​ថ្ងៃ​ទី​៣​កើត ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៣ ដែល​ត្រូវ​នឹង​ថ្ងៃទី​២៤​ខែមេសា ឆ្នាំ ២០២០»​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ បាន​បន្ត​ថា​៖«​ខ្ញុំ​សូម​ផ្ញើ​នូវ​ក្តី​នឹករលឹក​និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ ចំពោះ​បងប្អូន​ខ្មែរឥស្លាម​កម្ពុជា​ ដែល​បាន​ចូលរួម​ថែរក្សា សុខ​សន្តិភាព ហើយ​មាន​ជំនឿ​ជឿជាក់ លើ​ការដឹកនាំ​របស់ខ្ញុំ និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាំង​ពីដើម​រៀងមក​រួម​នឹង​ប្រជាជន​កម្ពុជា​។​ ជាមួយគ្នា​នេះ ខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​សុំ​ការយោគយល់​ពី​បងប្អូន​សាសនិក​ខ្មែរឥស្លាម ​ដែល​ត្រូវ​លុប​កម្មវិធី​ជួបជុំ​ស្រាយ​បួស​រ៉ា​ម៉ា​ឌន​ថ្នាក់ជាតិ​លើក​ទី​៧​ ដែល​បាន​គ្រោង​ថ្ងៃទី ២៩​ខែមេសា ឆ្នាំ​២០២០​ការផ្អាក​ការ​ថ្វាយ​បង្គំ​នៅតាម​វិហារ​ស៊ូ​រ៉ាវ ការ​ជួបជុំ​លក្ខណៈ​សាសនា និង​សុំ​បន្ត​ការអនុវត្ត​តាម​សារាចរ​ណែនាំ​ពី​វិធី​បង្ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​១៩​ក៏ដូចជា​សេចក្តីណែនាំ​របស់​ចាងហ្វាង​នៃ​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា​ ទៅតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ បើ​ទោះ​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​ហាក់​មាន​សភាព​ធូរស្រាល​ ប៉ុន្តែ​យើង​មិន​ត្រូវ​ភ្លេចខ្លួន​និង​ធ្វេសប្រហែស ​មើលស្រាល​ដល់​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឡើយ​ គឺ​ត្រូវ​រួមគ្នា​ការ ពារ​ជាប់​ជានិច្ច​»​។​

​នៅ​ក្នុង​សារ​ជា​ចុងក្រោយ​សម្តេច​មានប្រសាសន៍​ថា​៖«​ខ្ញុំ​សូម​បួងសួង​សុំ​ឲ្យ​បងប្អូន​ទាំងអស់​ទទួល​បាន​នូវ​សេចក្តីសុខ​ស្លា​ម៉ាត់ ករុណា​រ៉ោះ​ម៉ាត់​និង​ចំរើន​ញ្ហ​រ៉ កាត់​គ្រប់ៗ​គ្នា ពី​ព្រះ​អ​ល់​ឡោះ​និង​សុំ​ឲ្យ​ព្រះ​អ​ល់​ឡោះ​ ទទួលយក​នូវ​កុសលផល​បុណ្យ​ខែ​បួស​រ៉ា​ម៉ា​ឌន​ទាំងអស់​ ដែល​បងប្អូន​បាន​ប្រតិបត្តិ​សាង​ឡើង​កុំបី អាក់ខាន​ឡើយ​» ។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​លុបចោល​កម្មវិធី​ជួបជុំ​ជាច្រើន​បន្ទាប់ពី​ជំងឺ​កូ​វីដ​១៩​បានចាប់ផ្តើម​រាតត្បាត​នៅ​កម្ពុជា។ កម្មវិធី​ជាច្រើន​ដូចជា​ការ​ជួប​ជាមួយ កីឡាករ កីឡា​ការិនី​នៅ​ថ្ងៃទី​៤​មេសា​។ កាលពី​សប្តាហ៍​មុន​ប្រមុខ​រាជរដ្ឋាភិបាល​ បាន​ប្រកាស​ផ្អាក​ការ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដើម្បី​ជៀសវាង​ការ ប្រមូល​ផ្តុំ​មនុស្ស​ច្រើន​ ដែល​អាច​ជា​ហានិភ័យ​នាំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​នៅ​ចំពោះ​មុខ​អាយុជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ ​គឺ​សំខាន់​ខ្លាំង​បំផុត​ហើយ​ទន្ទឹម​នឹង​នេះ ​គឺ​មាន​វិធី​ចាំបាច់​ងាយៗ​មួយចំនួន​ ដែល​ពលរដ្ឋ​អាច​ធ្វើ​បាន​ដើម្បី​ការ ពារ​រោគ​ឆ្លង​កូ​វីដ​១៩ គឺ​ត្រូវ​ពាក់​ម៉ាស់​ឬ​ក្រមា ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល​ឬ​ជែ​ល​សម្លាប់​មេរោគ កុំ​នៅ​ផ្តុំគ្នា​ច្រើន និង​កុំ​បន្លាស់​ប្តូរ​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក្នុងពេលដែល​មានការ​រីក​រាលដាល​ឆ្លង​ជំងឺ​នេះ​ជាដើម​៕​

ចុចអាន៖ លោក យក់ ប៊ុន​ណា​៖​ ការ​ផ្អាក​ជ្រើសរើស​ក្របខណ្ឌ​ថ្មី​ សម្រាប់​ឆ្នាំ​២០២០ ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​ដំណើរការ​ក្រសួង