BREAKING NEWS
Search

ប្រមូលផ្ដុំ​គ្នា​ជក់​ថ្នាំញៀន​លើ​ម៉ូតូ​កង់​បី ​ត្រូវ​នគរបាល​ចាប់ខ្លួន

​ភ្នំ​ពេ​ញ៖ មុខសញ្ញា​ចែក​ចាយ និង​ប្រើប្រាស់គ្រឿងញៀន​ថ្នាំញៀន​ចំនួនបីនាក់ ​ដែល​កំពុង​ប្រមូលផ្តុំគ្នា​ជក់​ថ្នាំញៀន ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​ចាប់ខ្លួន​ដោយ​ដកហូត​បានថ្នាំញៀន ​៩ ​កញ្ចប់​ ជា​ភស្តុតាង​ទៀតផង​។​

ប្រភពពី​លោក​អនុសេនីយ៍ឯក ទេព បូរ៉ា​ នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២ ​នៃ​អធិការដ្ឋាន​ខណ្ឌច្បារអំពៅ​បាន​ឲ្យ​ដឹងថា​ នៅ​រសៀល​ថ្ងៃទី​២១​ ខែ​មីនា​ មាន​ប្រជាពលរដ្ឋ​មក​រាយការណ៍ថា ​មានជនសង្ស័យ​បីនាក់​ កំពុង​ជក់​ថ្នាំញៀន​លើម៉ូតូ​កង់​បី​នៅក្រោម​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់​ ស្ថិតក្នុងភូមិ​ដើម​ចាន់ ​សង្កាត់​ច្បារអំពៅ​ទី​២ ​ហើយ​ភ្លាមៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចុះទៅ​ដល់ ​និងបានធ្វើការ​ត្រួតពិនិត្យ​ទៅ​ឃើញ​មាន​ថ្នាំញៀន​ចំនួន​ ៩ ​កញ្ចប់ ​ក្នុង​ខ្លួន​ពួកគេ​ទាំងបី​នាក់​។

​លោក​មេ​ប៉ុស្តិ៍​បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំងបីនាក់ដែល​ឃាត់ខ្លួន​បាន​មាន ១.ឈ្មោះ​ ណៃ ចន្ថា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ មុខរបរ​រត់​ម៉ូតូឌុប ​ស្នាក់​នៅផ្ទះ​លេខ​៥៧ ​ភូមិ​ដើម​អំពិល ​សង្កាត់​ច្បារអំពៅ​ទី១​ ខណ្ឌ​ច្បារអំពៅ​, ២.​ឈ្មោះ ​ពៅ វិបុល ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​ជួសជុល​ទូរ​ស័ព្ទ​ ស្នាក់​នៅភូមិ​ដើម​ស្លែង​ សង្កាត់​ច្បារអំពៅ​ទី​២​ និង ​ម្នាក់ទៀត​ឈ្មោះ ​វ៉ុ​ន វ៉ាន់ឌី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​ជាម្ចាស់​ម៉ូតូ​កង់​បី​ ស្នាក់នៅ​ផ្ទះជួល ​ភូមិ​ដើម​ស្លែង ​សង្កាត់​ច្បារអំពៅ​ទី​២​។

​លោក​ ទេព បូរ៉ា បាន​ឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំងបី​នាក់ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​ គឺ​ពួកគេ​ធ្លាប់បានធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំញៀន​ជាច្រើនលើក​ច្រើនសា​ ​ប៉ុន្តែ​សមត្ថកិច្ច​យើង​មិនទាន់មានភស្តុតាង​ដើម្បី​ចាប់ខ្លួន​។​ មកដល់​ព្រឹក​ថ្ងៃទី​២២​ នេះ​ជនសង្ស័យ​ទាំង​បី​នាក់ ​និង​វត្ថុតាង ត្រូវបាន​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114