ប្រារព្ធ​ពិធី​ក្រុង​ពាលី ឆ្លង​សាលា​កុដិ វត្ត​អង្គរ​ខាងត្បូង​ ក្រុង​សៀមរាប​

​សៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​១៤​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​វត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងត្បូង មាន​ប្រារព្ធ​ធ្វើ​ពិធី​ក្រុង​ពាលី ឆ្លង​សាលា​កុដិ​២​ខ្នង ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​របស់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង លោក​ឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាង​រាស្ត្រ​មណ្ឌល​សៀម​រាប ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ ​ឯកឧត្ដម លោកជំទាវ ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខា​ធិការ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត អាជ្ញាធរ​អប្សរា មន្ត្រីរាជការ សីលវន្ត សីលវតី​ជា​ច្រើន​ចូល​រួម​ផងដែរ។​

ពិធី​ក្រុង​ពាលី​នេះ បាន​ធ្វើឡើង​តាមបែប​ព្រហ្មញ្ញសាសនា​សុទ្ធសាធ ដែល​នៅ​ក្នុងនោះ​រួមមាន ពិធី​ថ្វាយ​នូវ​គ្រឿង​សក្ការៈ ប្រកាស​ឧទ្ទិស​បួងសួង និង ប្រគំ​ថ្វាយ​ភ្លេង​ពិណពាទ្យ​ចំពោះ​បារមី​វត្ថុ​ស័ក្ដិ​សិទ្ធិ ហើយ​ដែល​មួយផ្នែក នៃ​ពិធី​នេះ គឺ​បូជា​ព្រះ​ភូមិ និង បូជា​ថ្វាយ​ស្តេច​ក្រុង​ពាលី ដើម្បី​សុំ​នូវ​សេចក្តី​សុខ ក្នុងឱកាស​រៀបចំ​ធ្វើ​ពិធីបុណ្យ​ឆ្លង​សាលា​កុដិ ដើម្បី​ប្រគេន​ថ្វាយ​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​ទីវ​ត្ត​ឥន្ទ្រ​ប​ត្ត​បុរី ហៅ​វត្ត​អង្គរ​ខាងត្បូង ​ទៅតាម​ពុទ្ធា​និ​ញ្ញា ​នៃ​ព្រះសម្មាសម្ពុទ្ធ​ព្រះ​បរមគ្រូ​ នៃ​យើង។​

សូម​បញ្ជាក់​ផង​ដែរ​ថា សមិទ្ធផល​នេះ​កើតឡើង​ដោយ​ទឹកចិត្ត​សប្បុរស​របស់ លោក ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន និង ​លោកជំទាវ ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រី​រាជការ​ក្រោម​ឱវាទ ព្រះសង្ឃ ពុទ្ធបរិស័ទ ក្រោម​ដំបូល​សន្តិភាព​តែមួយ នៃ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ម្យ៉ាងទៀត​ការ​ក្រុង​ពាលី​នេះ គឺ​ដើម្បី​បូជា​ថ្វាយ​ចំពោះ​ព្រះពុទ្ធសាសនា និង ជា​វត្ថុ​សម្រាប់​តម្កល់​បូជា​នី​ក្នុង​ទី​វត្ត​អារាម នៃ​ទឹកដី​មហានគរ​ នៃ​យើង​នេះ។

ពិធីបួងសួង ក៏ដូចជា​ពិធី​ក្រុង​ពាលី​ផងដែរ គឺជា​ពិធី​ដែល​ស្ថិតក្នុង​ជំនឿ​តាមបែប​ព្រលឹង​ដែល​ប្រជា​ជន​ខ្មែរ​យើង​មាន​ជំនឿ​ជឿថា នៅលើ​លោក​នេះ អ្នកខ្លាំង​ពូកែ​ដែល​បាន​ចែក​ឋាន​ទៅ ពិតជា​បាន​ប្រើប្រាស់​ព្រលឹង​របស់ខ្លួន នៅ​តាម​ថែរក្សា​កូនចៅ​ជំនាន់​ក្រោយៗ និង​មើល​ការខុសត្រូវ​ដោយឫទ្ធានុភាព​ជួយ​គាំទ្រ​កូនចៅ​ដែល​ប្រព្រឹត្តិ​អំពើ​ល្អ និង មាន​មនសិការ​ស្នេហា​ជាតិ ស្រឡាញ់​ការពារ​ទឹកដី​មាតុភូមិ កេរដំណែល​ដូនតា​ដោយ​ពិតប្រាកដ។ ការ​ក្រុង​ពាលី​នា​បច្ចុប្បន្ននេះ បងប្អូន​ពុទ្ធ​បរិស័ទ​ខ្មែរ​យើង តែង​មាន​ជំនឿ​ទៅលើ​ពិធី​កម្ម​មួយ​ជា​ចេតនាកម្ម មុននឹង​ធ្វើ​ពិធី​អ្វីមួយ គឺ​តែងតែ​រៀប​ចំ​ពិធី​សែន​ក្រុង​ពាលី ក្នុងការ​ឧទ្ទិស​ចំ​ណែក​បុណ្យ​ជូន​ដល់​សេ្ត​ច​ក្រុង​ពាលី​តែមួយគត់ មិន​គិត​ដល់​ការ​ផ្សាយ​មេត្តា​ចិត្ត ការចែករំលែក​បុណ្យ​ជា​ទូលាយ ស្របទៅតាម​កុសល​ចេតនា​ នៃ​សទ្ធា​ឡើយ។​

ក្នុងនោះ​លោកតា​អាចារ្យ ក៏បាន​ធ្វើការ​បួងសួង​ដល់​ព្រះ​បារមី​ដែល​គង់ប្រថាប់​នៅលើ​ទឹកដី​ប្រវត្តិ​សាស្ត្រ​ខេត្តសៀមរាប ដែល​មាន​បារមី​ព្រះអង្គ​ចេក ព្រះអង្គ​ចម លោកយាយ​ទេព តា​ដំបង​ដែក បារមី​លោក​រាជ្យ ព្រះអង្គ​ធំ​ខ្នងភ្នំ​គូលែន ព្រមទាំង​បារមី​ព្រះឥន្ទ ព្រះព្រហ្ម ដែល​គង់​នៅ​តាម​ប្រាង្គ​ប្រាសាទ​នៅលើ​ទឹកដី​អង្គរ តាម​ជួយ​បីបាច់​ថែរក្សា​ដល់​ថ្នាក់ដឹកនាំ​កំពូលៗ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង លោកជំទាវ រួម​ទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​កសាង​នូវ​សមិទ្ធផល​ជា​មរតក​សម្រាប់​វិស័យ​ព្រះពុទ្ធសាសនា​ឲ្យ​ជួបតែ​សេចក្តី​សុខ​ចម្រើន​តទៅ​អនាគត។​

បន្ទាប់ពី​លោកតា​អាចារ្យ​បាន​បញ្ចប់​តាមបែប​ព្រហ្មញ្ញសាសនា​រួចមក ក៏​មានការ​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត ដែល​ប្រព្រឹត្តទៅ​តាមបែប​ព្រះពុទ្ធសាសនា ដែល​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ​យើង​ប្រារព្ធ​ប្រតិបត្តិ​តរៀងមក៕


អត្ថបទ ៖ គឿន​វេត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114