BREAKING NEWS
Search

ប្រាសាទ​អង្គរ​របស់​ខ្មែរ ជា​សំណង់​ប្រវត្តិសាស្ត្រដ៏អស្ចារ្យ​បំផុត ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក​

ភ្នំពេញ ៖ ក្រសួងទេសចរណ៍​សូម​អរគុណ​ដល់ ទេសចរអន្តរជាតិ​ ដែល​តាមរយៈគេហទំព័រ​ដ៏​ធំ​បំផុត​លើ​ពិភពលោក​ Trip Adviser បាន​បោះឆ្នោត​ជូន​ប្រាសាទ​អង្គរ​របស់​ខ្មែរ ជា​សំណង់​ប្រវត្តិសាស្ត្រដ៏​អស្ចារ្យ​បំផុត ជាប់​ចំណាត់ថ្នាក់​លេខ​១ លើ​ពិភពលោក សម្រាប់​ឆ្នាំ​២០១៧​។​

​កាលពីពេល​ថ្មីៗ​នេះ គេហទំព័រ​ប្រឹក្សា​យោបល់​នៃ​ការធ្វើដំណើរ (TripAdvisor) ដ៏​ល្បីល្បាញ និង ធំជាងគេ​របស់​ពិភពលោក បានផ្តល់​ចំណាត់ថ្នាក់​លេខ​១​ ដល់​ប្រាសាទអង្គរវត្ត​របស់​ខ្មែរ ជា​សំណង់​ដ៏​មាន​សារៈសំខាន់​ផ្នែក​ប្រវត្តិសាស្ត្រ​អស្ចារ្យ​បំផុត​របស់​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៧​នេះ (Best Landmark in the World) ក្រោយពី​មានការ​ចូលរួម​បោះឆ្នោត​គាំទ្រ​ពី​ភ្ញៀវទេសចរណ៍​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​។​

​នេះ​ជា​ឆ្នាំ​ទី​៤​ហើយ ដែល​ប្រាសាទអង្គរវត្ត​ត្រូវបាន​ភ្ញៀវទេសចរ​ណ៍លើ​ពិភពលោក​បោះឆ្នោត​គាំទ្រ ហើយ​ទទួលបាន​ចំណាត់​លេខ​១​ ជាប់ៗ​គ្នា​តាមរយៈ​គេហទំព័រ​ដ៏​ល្បីល្បាញ​ផ្សេងៗ​គ្នា​។ ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៤ អង្គរវត្ត​បានជា​ប់​ចំណាត់ថ្នាក់​ជា​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​លេខ​មួយ​លើ​ពិភពលោក ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​គេហទំព័រ ArchaeoMadness ​ដែលជា​គេហទំព័រ​មួយ​ដែល​តែងតែ​យក​តំបន់​បុរាណវិទ្យា និង​ប្រវត្តិសាស្ត្រ​ទាំងអស់​លើ​ពិភពលោក​មក​ប្រៀបធៀប​គ្នា​។

នៅ​ឆ្នាំ​២០១៥ សៀមរាប​-​អង្គរ ក៏បាន​ជាប់​ជា​គោលដៅ​ទេសចរណ៍​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ណ៍លេខ​១​ក្នុង​តំបន់​អាស៊ី និង​លេខ២លើ​ពិភពលោក ដែល​ត្រូវ​រៀបចំឡើង​ដោយ​គេហទំព័រ​ប្រឹក្សា​យោបល់​នៃ​ការធ្វើដំណើរ TripAdvisor(TripAdvisor Traveler’s Choice Destination Award) ព្រមជាមួយ​ការទទួលបាន​លេខ១ ​ជា​គោលដៅ​ទេសចរណ៍​លំដាប់​កំពូល​របស់​ពិភពលោក ដែល​ជ្រើសរើស​ដោយ​ស្ថាប័ន​ធ្វើដំណើរ Lonely Planet(Lonely Planet’s Ultimate Travelist 2015)​។​

​ទន្ទឹមនឹងនេះ កាលពី​ខែឧសភា ឆ្នាំ២០១៦​កន្លងមក លោក Anton Caragea​ ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អឺរ៉ុប (European Council on Tourism and Trade) និង​លោក Mircea Constantinescu ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប (European Tourism Academy) បានធ្វើ​ដំណើរ​ផ្ទាល់​មក​កម្ពុជា ​ប្រកាស​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ល្អ​បំផុត​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៦ (2016 World Best Destination) និង​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ពេញនិយម (Favorite Cultural Destination Distinction 2016) ដោយ​ចាត់ទុក​ព្រះរាជាណាចក្រ​កម្ពុជា ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​លើ​៤​ចំណុច​គឺ​៖ – អច្ឆរិយ​ភាព​ខាង​វប្បធម៌ ជាពិសេស​ប្រាសាទអង្គរវត្ត ដែលជា​ស្នាដៃ​របស់​មនុស្ស​ខ្មែរ​តំណាង​ឲ្យ​មនុស្សជាតិ​ទាំងមូល និង​អច្ឆរិយ​ភាព​ខាង​ធម្មជាតិ​។​ -​បឹង​ទន្លេសាបដ៏​ធំ​នៅ​អា​ស៊ី ​ដែលមាន​ទឹក​ហូរ​ត្រលប់ និង​គ្មាន​ពី​រលើ​ពិភពលោក​។​ – ភាព​ពិសេស​របស់​ព្រះពុទ្ធសាសនា​នៅ​កម្ពុជា ដែល​មិន​ត្រឹមតែ​អប់រំ​មនុស្ស​ឲ្យ​ក្លាយជា​ពុទ្ធសាសនិក​ប៉ុណ្ណោះ​ទេ តែ​ថែម​អប់រំ​មនុស្ស​ទូទៅ​ឲ្យ​ធ្វើ​តែ​អំពើ​ល្អ​។ ​- ភាព​ញញឹមរួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ដែល​លោក Anton Caragea បាន​គូសបញ្ជាក់ថា បើ​ចង់ឃើញ​ភាព​ញញឹម​រួសរាយ​រាក់ទាក់​ពិត​ប្រាក​ដរ​បស់​មនុស្ស​ គឺ​ត្រូវ​មក​កម្ពុជា​។ ​- ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ឈ្លាសវៃ​របស់សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បាន​បញ្ចូល​វិស័យ​ទេសចរណ៍ និង​វប្បធម៌​រួមគ្នា​សម្រាប់​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ព្រម​ជាមួយនេះ លោក Mircea Constantinescu ប្រធាន​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប (European Tourism Academy) បាន​បោះឆ្នោត​ជា​ឯកច្ឆាន ​ជ្រើសតាំង សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​សមាជិក​កិត្តិយស​នៃ​បណ្ឌិតសភា​ទេសចរណ៍​អឺរ៉ុប (European Tourism Academy) ដោយ​លោក​បាន​គូសបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​វីរជន​ដ៏​កម្រ​មួយ​របស់​ពិភពលោក ​ដែល​បាន​អភិវឌ្ឍ​ប្រទេស​តាំងពី​ចំណុចសូន្យ​រហូតដល់​មានការ​អភិវឌ្ឍ​ន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ ដែលមាន​ការទទួលស្គាល់​លើ​ឆាក​អន្តរជាតិ និង​បាន​ប្រសិទ្ធ​នាមសម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ជា​បុគ្គល​ពូកែ​ធ្វើ (Man of Action) បុគ្គល​ពូកែ​ចរចា (Man of Dialogue) និង​ជា​បុគ្គល​ពូកែ​គិត និង​ឆ្លុះបញ្ចាំង (Man of Reflection)​។​

​លទ្ធផល​នេះ​ពិតជា​សក្ដិសម​ណាស់​សម្រាប់​កម្ពុជា ជាពិសេស​ប្រាសាទអង្គរវត្ត ដែល​ទទួលបាន​ការគាំទ្រ​ពី​ភ្ញៀវទេសចរ​ណ៍នៅ​ជុំវិញ​ពិភពលោក ដោយ​អច្ឆរិយភាព​របស់ខ្លួន​ផ្ទាល់​ ក្នុងនាម​ជា​បេតិកភណ្ឌ​ដ៏​ល្បីល្បាញ​របស់​ពិភពលោក ព្រមជាមួយ​អ​ឆ្ឆ​រិ​យ​ភាព​ធម្មជាតិ និង​អ​ឆ្ឆ​រិ​យ​ភាព​វប្បធម៌​ដ៏​សំបូរបែប​នៅ​ទូទាំងប្រទេស​។

​ការទទួលបាន​ចំណាត់ថ្នាក់​លេខ១ ជា​បន្តបន្ទាប់​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ជោគជ័យ​របស់​រាជរដ្ឋាភិបាល ក្រោម​ម្លប់​នៃ​សន្តិភាព និង​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ស្ថាបនិក​នៃ​គោលនយោបាយ «​ឈ្នះ – ឈ្នះ​» និង​គោលនយោបាយ «​បើក​ចំហ​ជើងមេឃ​» ព្រមទាំង​គោលនយោបាយ​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​មាតុភូមិ​ជាទី​ស្នេហា​នៃ​យើង​ប្រកបដោយ​ចីរភាព​។

​សូមបញ្ជាក់ថា តាម​របាយការណ៍​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក បច្ចុប្បន្ន​ទេសចរ​ដែល​មាន​និន្នាការ​ចូលចិត្ត​ទៅ​ទស្សនា​តំបន់​ទេសចរណ៍វប្បធម៌​មាន​ប្រមាណ៤០% ប្រមាណ​២៥% ទស្សនា​តំបន់​សមុទ្រ។​ ក្រៅពីនេះ​ទៅ​ទស្សនា​តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ទេ​ចរណ៍ផ្សេងៗ​ទៀត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114