ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រុងប្រយ័ត្នងផង ! ស្ពាន​ចំណាស់​​ក្នុងសម័យ​បារាំងមួយ​កន្លែង​ត្រូវ ​​​​​ផ្អាក​ចរាចរណ៍​ជាង​​កន្លះ​ខែ​ ដោយ​សារ​ឡាន​ដឹក​ឥដ្ឋ​បើក​បុក​

ភ្នំពេញ៖ ផ្លូវជួរមាត់ទន្លេមេគង្គមួយខ្សែ ស្ថិននៅត្រង់ចំណុចស្ពានទី៤ ស្របផ្លូវជាតិលេខ៦ នៅក្នុងភូមិ បាក់ខែងក្រោម សង្កាត់ព្រែកលៀប  ខណ្ឌជ្រោយចង្វារ ត្រូវបានកាត់ផ្តាច់បិទចរាចរណ៍អស់ប្រមាណជាងកន្លះខែមកហើយ បន្ទាប់ពីក្លោងទ្វារស្ពានព្រែកតា ស៊ុន ដែលមានកំពស់ ២ម៉ែត្រ​ ៣តឹក ដែលជាអំណោយរបស់ប្រទេសបារាំង ត្រូវបានរថយន្តដឹកឥដ្ឋបើកទាក់បាក់ធ្លាក់ ដោយប្រជាពលរដ្ឋរិះគន់ថាអាជ្ញាធរមិនរវីរវល់មិនបានយកចិត្តទុកដាក់ ជួសជុលដើម្បីអោយបានឆ្លងកាត់វិញទុកអោយពួកគាត់ជិះវៀង ។
ប្រជាពលរដ្ឋ បានលើកឡើងតាមរយៈបណ្តាញសង្គមហ្វេសបុក​ថា  ប្រមាណជិត១ខែមកហើយ ដែលក្លោងទ្វារស្ពានព្រែកតាស៊ុន នេះ ត្រូវបានរថយន្តដឹកឥដ្ឋ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកទ្វារ បណ្តាលអោយបាក់ ស្ទើរតែធ្លាក់។ ដោយសារតែខ្លាចគ្រោះថ្នាក់  ភូមិ  សង្កាត់ រួមទាំងប្រជាពលរដ្ឋ ក៍បាននាំគ្នាយកដើមស្លាមកទល់ ព្រមទាំងយកធាងដូង មកដាក់ឃាំងហាមធ្វើចរាចរណ៍ ។

ប្រភពបន្តថា មុនពេលកើតហេតុ រថយន្តបន្តបង្កបានបើកបុកគេស្លាប់ម្នាក់នៅម្តុំរង្វង់មូលនាងទេព មច្ឆា ហើយក៏រត់មកតាមផ្លូវជាតិលេខ៦ ក៏មានរថយន្តមួយគ្រឿងដេញតាមហើយក៏គេចបាត់នៅម្តុំស្ពានលេខ៣ ហើយក៏មកផ្លូវក្រោយបុកស្ពានព្រែកតាស៊ុននេះតែម្តង ពេលនោះប្រជាពលរដ្ឋក៍បានថតស្លាកលេខ រថយន្តបង្ក ហើយ រាយការណ៍ទៅនគរបាល អោយជួយរករថយន្តហើយក៍ស្ងាត់រហូតមក ។

ដោយ ឡែក អាជ្ញាធរភូមិ ក៍បានរាយការណ៍ទៅរដ្ឋបាលខណ្ឌជ្រោយចង្វារ    ហើយខណ្ឌក៍បានរាយការណ៍ ទៅសាលារាជធានីភ្នំពេញ ជាម្ចាស់ថែទាំស្ពាននេះដែលប្រទេសបារាំងប្រគល់ឱ្យ តែក៍បានស្ងាត់រហូតដោយទុកអោយក្លោងទ្វារ ដែលបាក់បែកនៅចោល មិនអាចធ្វើដំណើរឆ្លងកាត់បានតាំងពីថ្ងៃទី១៦ ខែវិច្ឆកាឆ្នាំ២០១៩មកម្លេះ ។ រឿងនេះដោយសារតែមិនអើពើ ប្រជាពលរដ្ឋ ក៍បានបង្ហោះនៅបណ្តាញសង្គមរិះដល់អាជ្ញាធរ សង្កាត់ និងខណ្ឌជ្រោយចង្វារផងដែរ ។

ចៅសង្កាតព្រែកលៀប លោក ព្រែក មុន្នី បានប្រាប់កម្ពុជាថ្មី កាលពីព្រឹកថ្ងៃទី២ ខែធ្នូថា ស្ពានព្រែកតាស៊ុន ត្រូវបានរថយន្តដឹកឥដ្ឋពាក់ស្លាកលេខ ភ្នំពេញ ៣B.៦១៦១ បើកទាក់បាក់កាលពីវេលាយប់ថ្ងៃទី ១៦ខែវិឆ្ឆិកាឆ្នាំ ២០១៩ ហើយរថយន្តបង្កក៏រត់បាត់ទៅ ។ បន្ទាប់ពីរថយន្ត បង្កឱ្យ​បាក់ក្លោងទ្វារលោកបានក៍បានរាយការណ៍ទៅសាលាខណ្ឌភ្លាមៗ ដើម្បី មានវិធានការណ៍ ជួសជុល ទៅតាមរចនាប័ទ្ម ដើម ព្រោះសង្កាត់មិនមានលទ្ធភាព ហើយម្យ៉ាងទៀត មិនអាចវាយ ក្លោងទ្វារ នោះចោលខុសពីទំម្រង់ដើមបានឡើយ ។

ប្រភពបន្ថែម ឱ្យ​ដឹងទៀតថា  ដោយសាតែមានការគិតគូរ  លោកឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ ក៍បានណែនាំ ឱ្យ​សង្កាត់រកជាងជួសជុលក្លោងទ្វារនោះដើម្បីបើកឱ្យ​ធ្វើចរាចរណ៍ឡើងវិញដោយលោកអភិបាលជាអ្នកចេញលុយ។លោកចៅសង្កាត់ក៍បាន ឱ្យ​ដឹងថា ស្ពាននេះត្រូវបានរថយន្តបើកទាក់បាក់ចំនួន ៣លើកមកហើយ គិតទាំងលើកនេះ ។

សូមបញ្ជាក់ថា ស្ពានព្រែកតាស៊ុន មានបណ្តោយជិត១០ម៉ែត្រ ទទឹងជាង៣មែ៉ត្រ និងកំពស់២ម៉ែត្រ៣តឹក ត្រូវបារាំងកសាងតាំងពីសម័យបារាំង ក្រោយមកក៏ចាស់ទ្រុតទ្រមហើយប្រទេសបារាំងក៏បានចាប់ផ្តើមកសាងឡើងវិញនៅខែមេសាឆ្នាំ២០០២ ដែលរចនាបទដើមទាំងស្រុងរួចក៏ប្រគល់ជូនឱ្យសាលារាជធានីភ្នំពេញ ជាអ្នកថែរក្សា តែពេលរថយន្តបុកបាក់ម្តងៗ សាលារាជធានីភ្នំពេញមិនអើពើនោះ ៕

អត្ថបទ៖ ឌីរៀ