ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្ទេច​អស់ ​ម្តាយ​ទ្រាំលែង​បាន​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន

​ភ្នំពេញ ៖ បុរស​ម្នាក់​កំហូច​ដែល​ប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​រហូត​វង្វេងវង្វាន់​ស្មារតី​ បាន​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់ នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​ ឆ្នាំ​២០២០​នេះ។

បន្ទាប់ពី​កម្លាំង អាវុធហត្ថ​ខណ្ឌ​មានជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១២:១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លេខ​៣៦៥ ស្ថិតនៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​រួចមក​។ ជនសង្ស័យ​ឈ្មោះ យ៉េ​ស សម័យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រត់​ម៉ូត​កង់​បី ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាងលើ។ កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឈាន​ដល់​ការ​ឃាត់​ខ្លួន​នេះ គឺ​ធ្វើ​ឡើង​តាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​ជនសង្ស័យ​ឈ្មោះ ចាន់ ណែ​ត ភេទ​ស្រី អាយុ​៦០​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​កន្លែង​កើត​ហេតុ​ខាងលើ​ផង​ដែរ។

​ប្រភព​ព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​គេ​តែងតែ​បង្ក​នូវ​បញ្ហា​មិន​ចេះ​ចប់​រហូត​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ពិសេស​ម្ដាយ​របស់​គេ​មានការ​លំបាក​ចិត្ដ​យ៉ាង​ខ្លាំង​ រហូតដល់​ទ្រាំ​ពុំបាន​ទើប​ដាក់ពាក្យ​បណ្តឹង​ដល់​អាវុធហត្ថ​មានជ័យ​ឲ្យ​ឃាត់ខ្លួន​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​បែក​ថ្នាំ​ខាងលើ​ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​នីតិវិធី​ច្បាប់​នៅ​ថ្ងៃ​នេះ៕

អត្ថបទ៖ វិមាន

សូមចុចអាន៖