ព័ត៍មានទាន់​ហេតុការណ៏
Search

ប្លន់​រថយន្ត​នៅ​ច្បារអំពៅ ​ចាប់​បាន​អ្នកទិញ​ និង​រថយន្ត​ នៅ​ចំការមន

ភ្នំពេញ​ ៖ ​ករណី​ប្លន់​រថយន្ត​ ទើប​កើត​មាន​ដំបូង​នៅ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ តែ​ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​រថយន្ត​ និង​អ្នកទិញ​នៅ​ខណ្ឌ​ចំការមន​ ខណៈ​ដែល​ជន​ដៃដល់​បាន​គេច​ខ្លួន​បាត់។

យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ម៉ៅ សឿត​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា​ ហេតុការណ៍​ប្លន់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា​ ស្ថិត​នៅមុខ​ដីឡូត៍​គ្មាន​លេខ​ផ្លូវ​ថៃ​ហ្គឺ​រ​ ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ ពុធ រិទ្ធី ភេទ ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ រត់​តាក់ស៊ី ​ស្នាក់នៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ ព្រៃ​គគីរ ស្រុក​ច​ន្ទា ខេត្ត​ស្វាយរៀង។

ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ យ៉ាន សំអុល ភេទ ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ទិញ​-​លក់​រថយន្ត ស្នាក់នៅ ភូមិ​១ សង្កាត់​ទួល​ទំពូង​១ ខណ្ឌ​ចំការមន (​ពាក់ព័ន្ធ​ទទួល​ផល​ចោរកម្ម ទិញ​រថយន្ត​ពី​ចោរប្លន់)។

តាម​ប្រភព​ពី​លោក​អធិការរង​បាន​រៀបរាប់​ពី​ហេតុការណ៍​នេះ​ថា​ មុន​ពេល​កើតហេតុ​ជនរងគ្រោះ​​​ បាន​បើក​រថយន្ត​ម៉ាក Toyota Hight Lander ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ ស្វាយរៀង ២B-៤៥១៧ លេខ​តួ JTEHF២១A៧២០០៤៦០០៧ លេខ​ម៉ាស៊ីន ១MZ១២៣៨២៩៧ ​​ទៅ​ខេត្ត​ស្វាយរៀង​វិញ ពេល​មក​ដល់​ផ្លូវជាតិ​លេខ​១​កែង​ផ្លូវ​ថៃ​ហ្គ័​រ ក៏​ឈប់​រថយន្ត​បត់ជើងតូច ស្រាប់​តែ​មាន​ជនសង្ស័យ ២​នាក់​មិន​ស្គាល់​ឈ្មោះ​ដើរមក​ជិត​ជនរងគ្រោះ ដក​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​ភ្ជង់​ជនរងគ្រោះ​ឲ្យ​បើក​រថយន្ត​ដឹក​ពួកវា​តាម ផ្លូវជាតិ​លេខ​១ ដល់​ម្តុំ​រោងចក្រ​ក្តារ​បន្ទះ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល​ ក៏​ឲ្យ​ដឹក​ត្រឡប់​មកវិញ បត់​ចូល​តាមផ្លូវ​ថៃ​ហ្គ័​រ ដល់​មុខ​ដីឡូត៍​គ្មាន​លេខ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ពួក​ជនសង្ស័យ​ឲ្យ​ជនរងគ្រោះ​ឈប់​រថយន្ត ស្រាត​ខោ​ចេញ ប្លន់​យក​រថយន្ត និង​កាបូប​ពណ៌​ខ្មៅ​មាន ៖ ប័ណ្ណ​សំគាល់​រថយន្ត​០១​សន្លឹក​, អត្តសញ្ញាណ​ប័ណ្ណ សញ្ជាតិ​ខ្មែរ ០១​សន្លឹក (​ឈ្មោះ ពុធ រិទ្ធី​), ប័ណ្ណ​បើកបរ ០១​សន្លឹក (​ឈ្មោះ ពុធ រិទ្ធី​) និង​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក Oppo A៣S ពណ៌​ក្រហម ប្រើ​ស៊ីម​ពីរ (០៧១ ៤៥១៧៧៧៥,០៩៦៨៤៥៨៨៧៥) គេចខ្លួន​ទៅ​ដេក​នៅផ្ទះ​សំណាក់ ស្រែ​ថ្មី (​បន្ទប់​លេខ​៤) ភូមិ​៣ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រួច​ជនសង្ស័យ​ក៏​បើករថយន្ត​ប្លន់​បាន​ ចេញទៅ​ក្រៅ ដោយ ប្រាប់​បុគ្គលិក​ផ្ទះសំណាក់​ថា ព្រឹក​ឡើង​ទើប​ត្រលប់​មកវិញ​។ លុះដល់​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ដដែល ម្ចាស់ផ្ទះ សំណាក់​ចូលទៅ​ត្រួតពិនិត្យ​បន្ទប់​លេខ​៤ រកឃើញ​អាវុធ​វែង​០១​ដើម ម៉ាក AK-៤៧ លេខ ១៩៧៤៤៥០៦៨០, បង់ ០១, គ្រាប់ ២៦​គ្រាប់​, កន្សែងពោះគោ​០១, ស្រោមដៃ​ពណ៌​ខ្មៅ​០១, កាបូប​ពណ៌​ខ្មៅ​០១ ប្រគល់​មក​សមត្ថកិច្ច​ខណ្ឌ ច្បារអំពៅ​ចាត់ការ​បន្ត​។ លុះដល់​ថ្ងៃទី ១៥-១១-២០១៩ ម៉ោង​១៨​និង​២០​នាទី សមត្ថកិច្ច​នគរបាល​ខណ្ឌ​ច្បារអំពៅ សហ​ការ​​ជាមួយ​នគរបាល​ខណ្ឌចំការមន និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ឃាត់ខ្លួន​ឈ្មោះ​យ៉ាន សំអុល (​ទិញ​រថយន្ត​ពី​ចោរប្លន់​តម្លៃ​១៤០០០$) និង​ដកហូត​រថយន្ត​០១​គ្រឿង​ម៉ាក​ខាងលើ បញ្ជូន​មក​អធិដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ចាត់ការ​បន្ត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114