ផាន់ គ្រាន់ មិនដឹងថា ​អាច​យកជ័យ​ជម្នះ​លើ ​យ៉​ត មឿង ឬក៏​បរាជ័យ​នោះ​ទេ​?

•​លាភ រដ្ឋា សាក​កណ្ដាប់ដៃ​ជាមួយ​ ភេត ទ្រី
​ផាន់​ គ្រាន់ អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជសីហ៍ ត្រូវបាន​ផ្គូផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​យ៉​ត មឿង (Yorth Moeung) លើ​ស​ង្វៀន​អាស៊ីអាគ្នេយ៍ នា​រសៀល​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​មករា ឆ្នាំ​២០២០​នេះ​។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម។​

ផាន់ គ្រាន់ មួយរយៈ​ចុងក្រោយ​នេះ ការប្រកួត​របស់គេ​ជួប​បរាជ័យ​ភាគច្រើន គឺ​ព្រោះតែ​ការខិតខំ​ទម្លាក់​ទម្ងន់​ពី​៦៥ ដល់ ៦៣,៥០០​គីឡូក្រាម​នោះ។ ប៉ុន្តែ​ពេលនេះ ទម្ងន់​របស់​គេ​លោត​ឡើង​ដល់​៦៥​គីឡូក្រាម​វិញ​ដដែល។ ការឡើង​ទម្ងន់​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​ ផាន់ គ្រាន់ មួយរយៈ​នេះ ការ​ប្រកួត​របស់​គេ​ជួប​បរាជ័យ​ភាគច្រើន​នោះ​។​

សម្រាប់​ការប្រកួត​ជា​យ៉​ត មឿង លើក​នេះ​ មិនដឹងថា ផាន់ គ្រាន់​ អាច​ប្រជែង​បាន​ជ័យជំនះ ​ឬ​ក៏​យ៉ាង​ណា​ទេ​មួយ​រយៈ​នេះ គេ​ច្រើនតែ​ចាញ់​គូប្រកួត​មុន​ទឹក​ទី​៥។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​ចុង​ក្រោយ​ជាមួយ​ថៃ​ កាលពី​ថ្ងៃទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ កន្លងទៅ ផាន់ គ្រាន់​ បាន​ឈ្នះ​ថៃ​គៀត​ភិ​ច វ៉រ​.​ស៊ូ​ង​នឺ​ន​ ក្នុង​ទឹក​ទី​៣ ដែល​ការ​ឈ្នះ​របស់​គេ​នោះ គឺ​បានមក​ដោយ​ការ​ស៊ី​ឡាក​ប៉ុណ្ណោះ បន្ទាប់ពី ថៃ​អុក​ជង្គង់​ត្រូវ​ចំ​លើ​ប្រដាប់​ការពារ​ពង​របស់គេ​នោះ។​

អ្នក​ប្រដាល់​កម្ពុជា​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៧​លើក ឈ្នះ​១១១​លើក ចាញ់​២៣​លើក និង​ស្មើ​ពិន្ទុ​២​លើក។ ចំពោះ​អ្នក​ប្រដាល់​ថៃ​យ៉​ត មឿង​វិញ​នោះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​លើក ឈ្នះ​៥៧​លើក ចាញ់​១៣​លើក និង​ស្មើ​ពិន្ទុ​១​លើក។ នរណា​ជា​អ្នកឈ្នះ​ក្នុងការ​ប្រកួត​នេះ?។​

ចំពោះ​លាភ រដ្ឋា អ្នក​ប្រដាល់​កម្ពុជា​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ផេ​ត ទ្រី​(Phat Trey) ដែល​ទើបតែ​ឆ្លងដែន​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ជា​លើក​ដំបូង​នោះ​។​

លាភ រដ្ឋា ក៏​ជា​អ្នកលេង​កណ្ដាប់ដៃ​មួយរូប​ដែល​មិនធម្មតា​ដែរ មាន​អ្នក​ប្រដាល់​ជាច្រើន​ដែល​សន្លប់​ដោយសារ​កណ្ដាប់ដៃ​របស់​គេ។ មិនតែប៉ុណ្ណោះ​អ្នក​ដែល​ប្រកួត​ជាមួយ​ រដ្ឋា​ តែងតែ​រក​គ្រប់​វិធី​ដើម្បី​រារាំង​អ្នក​ប្រដាល់​រូប​នេះ កុំ​ឲ្យ​មាន​ឱកាស​បញ្ចេញ​កណ្ដាប់ដៃ។​

ចំណែក​អ្នក​ប្រដាល់​ចំណូល​ថ្មី ផេ​ត ទ្រី វិញ គេ​ក៏​ជា​អ្នកជំនាញ​ខាង​កណ្ដាប់ដៃ​ដែរ បើ​តាម​អ្នក​ផ្គូផ្គង​និយាយ​ប្រាប់​ឲ្យ​ដឹង។ មិនតែប៉ុណ្ណោះ អ្នក​ប្រដាល់​ថៃ​រូបនេះ ថែមទាំង​បានបង្ហាញ​ពី​ភាព​ក្លាហាន​ថា នឹង​ប្រើ​កណ្ដាប់ដៃ​លេង​ជាមួយ ​រដ្ឋា​ ឲ្យ​ដឹង​ដៃ​ម្ដង។ ដូច្នេះ​មើល​ទៅ យ៉​ត មឿង ទំនងជា​ខ្លាំង​របស់​គេ​មែនហើយ​មើល​ទៅ​នោះ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៩​លើក ឈ្នះ​៤៦​លើក ចាញ់​១២​លើក និង​ស្មើ​ពិន្ទុ​១​លើក។ ចំពោះ​អ្នក​ប្រដាល់​កម្ពុ​ជា ​លាភ រដ្ឋា ​វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​លើក ឈ្នះ​៥៦​លើក ចាញ់​១៣​លើក និង​ស្មើ​ពិន្ទុ​២​លើក។ ជំនួប​នេះ​ ទោះបី ​ភេត ទ្រី ក្អេងក្អាង​យ៉ាង​នេះ​ក៏ដោយ ក៏​គេ​ជឿ​ថា ​រដ្ឋា ​នឹង​ឈ្នះ​ជាមិនខាន។ សូមបញ្ជាក់ថា អ្នក​ប្រដាល់​ទាំង​២​រូបនេះ ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម៕​


អត្ថបទ ៖ វិ​សិទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114