BREAKING NEWS
Search

ផឹកស៊ី​វាយ​គ្នា​រហូត​ដល់​ស្លាប់​ម្នាក់ អូស​សព​ដាក់​ក្បែរ​ថ្នល់ បន្លំថាជាគ្រោះថ្នាក់ចរាចរណ៍

កំពង់ចាម ៖ កម្លាំង​សមត្ថកិច្ច​ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​ជនរងគ្រោះ​ម្នាក់​។ ប៉ូលិស​បានឲ្យដឹងថា ​កាលពី​ថ្ងៃទី​១២ ​ខែ​កុម្ភៈ ​ឆ្នាំ២០១៩ ​វេលា​ម៉ោង​២២​និង​១៥​នាទី សមត្ថកិច្ច​ប្រទះ​ឃើញ​ជនរងគ្រោះ​ ឈ្មោះ​ អាង​ តា​រ៉ា ហៅ​ខ្នៅ​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ នៅ​ភូមិ​ទួល​ពោន ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បាន​ដេក​ស្លាប់​ដោយមាន​ស្នាមរបួស​ពេញ​ខ្លួន ​ដេក​លើ​កំណាត់​ផ្លូវជាតិ​លេខ៧ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង ឃុំ​ត្រពាំង​ព្រះ ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្លាមៗ ​ជំនាញ​បានធ្វើការ​ពិនិត្យ​ស្លាកស្នាម​សព​ ឃើញថា​ មាន​ភាព​មិន​ប្រក្រតី​ ក៏បាន​បើក​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត រហូតដល់​វេលា​ម៉ោង​១២​ ថ្ងៃទី១៣ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៩ ​ទើប​កំណត់​បាន​ថា ​ជា​ករណី​ឃាតកម្ម មិនមែន​គ្រោះថ្នាក់ ​និង​បាន​នាំ​ជន​ពាក់ព័ន្ធ ០២​នាក់ មក​សាកសួរ​មានឈ្មោះ​ដូចខាងក្រោម ៖
១-ជនដៃដល់​ ឈ្មោះ ​សុខ​ ហៀ​ង ​ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ​នៅ​ភូមិ​ដី​ឡូត៍​ ឃុំ​ត្រពាំង​ព្រះ​ ស្រុក​ព្រៃ​ឈរ​ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ដាល់​លើ​ផ្ទៃមុខ​ជនរងគ្រោះ​ចំនួន៣​ដៃ​ចំ​ផ្ទៃមុខ​បណ្តាល​ឲ្យ​ដួល​សន្លប់​។ ​ហើយ​ ឈ្មោះ ​វ​រ័​ ពៅ ​ភេទ​ស្រី​ ជា​ម្ចាស់​តូប​លក់​ ប្រាប់​ខ្លួនឲ្យ​អូស​យក​ទៅ​ទុក​ចោល​ក្បែរ​ថ្នល់ជាតិ​ពិតប្រាកដ​មែន​។

ជនសង្ស័យ​បាន​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​កើត​ហេតុ ខ្លួន ​និង​ជនរងគ្រោះ​ ផឹកស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​ឈ្មោះ ​វ​រ័​ ពៅ​ ហើយក៏​មានទំនាស់​វាយ​គ្នា​ទៅវិញទៅមក​រហូតដល់​ស្លាប់​។

ចំណែក ឈ្មោះ វ​រ័ ពៅ ភេទ​ស្រី ​អាយុ​៤៨​ឆ្នាំ​ ជា​អ្នកលក់ដូរ​ស្រា​ និង​សាច់​ក្លែម​បាន​ឆ្លើយ​សារភាពថា​នៅពេលដែល​ជនសង្ស័យ ​និង ជនរងគ្រោះ​ផឹកស៊ី​ជាមួយគ្នា​ មានទំនាស់​ ហើយ​វាយតប់​គ្នា​ទៅ​វិញ​ទៅ​មក នៅពេលនោះ ​ជនសង្ស័យ​បាន​ដាល់ ហើយ​ឡើង​ជិះ​ច្រក​គៀវ​សង្កត់​ពី​លើ​ជនរងគ្រោះ​ និង​កាន់​ដុំថ្ម​អុក​ទៅលើ​ជនរងគ្រោះ​ជាច្រើន នៅ​នឹង​មុខផ្ទះ​របស់​ខ្លួន​ ហើយ​ខ្លួន​បាន​ប្រាប់​ទៅ​ជនសង្ស័យ​ថាបើ​ឯង​វាយ​វា​ងាប់​ហើយ ឯង​អូ​សវា​ចេញ​ឲ្យ​​ផុតពី​ដី​អញ​ទៅ​។

​ក្រោយពី​ជនសង្ស័យ​អូស​ជនរងគ្រោះ​យកទៅ​ទុក​ក្បែរ​ចិញ្ចើមថ្នល់ ខ្លួន​ក៏បាន​បណ្ដើរ​កង់​របស់​ជនរង​គ្រោះ​យកទៅដាក់​លើ​ថ្នល់ជាតិ ​ស្ថិតនៅ​ខាងត្បូង​ក្បែរ​ជនរងគ្រោះ ដើម្បី​បន្លំ​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​បង្វែរ​ឲ្យ​ផុតពី​ករណី​ឃាតកម្ម​ និង​មិន​រាយការណ៍​ពី​រឿង​អ្វីដែល​កើតឡើង​ទាំងអស់​។

ប៉ូលិស​បាន​បញ្ជាក់ថា​ ជំនាញ​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ មកកាន់​អធិការដ្ឋាន​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114