BREAKING NEWS
Search

ផ្ដន្ទាទោស​លោក សួន សេរី​រដ្ឋា ដាក់ពន្ធនាគារ​៥​ឆ្នាំ ​និង​ពិន័យ​ប្រាក់​ ១០​លាន​រៀល​

​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី២៥ ខែ​សីហា ឆ្នាំ២០១៧​នេះ បានប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​លោក​ សួន សេរី​រដ្ឋា ​ដាក់ពន្ធនាគារ​កំណត់​៥​ឆ្នាំ និងពិន័យ​ជា​ប្រាក់​ដាក់ចូល​ថវិការដ្ឋ ​ចំនួន​១០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ​ ធ្វើឱ្យ​ខូចទឹកចិត្ត​កងទ័ព បទ​ញុះញង់​មិនឱ្យកងទ័ព​ស្ដាប់​បញ្ជា ​និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍។

សេចក្ដីសម្រេច​នេះ ​ធ្វើឡើង​នៅ​ចំពោះមុខ​ជនជាប់ចោទ ឈ្មោះ ​សួន សេរី​រដ្ឋា បើកផ្លូវ​ប្ដឹងឧទ្ធរណ៍​តាម​កំណត់​ច្បាប់។ ជាការ​កត់សម្គាល់ ជនជាប់ចោទ​មិនត្រូវ​បាន​គេ​អនុញ្ញាត​​ ឱ្យ​ប្រាស្រ័យ​ទាក់ទងជាមួយនឹងក្រុមគ្រួសារ ​និង​អ្នក​សារ​ព័ត៌មាន​ឡើយ ហើយ​ក៏មាន​បម្រាម​ហាមឃាត់​មិនឱ្យ​ថត​រូបផងដែរ។

កាលពី​រសៀល​ថ្ងៃទី​២៤ ខែសីហា នេះ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានីភ្នំពេញ បាន​បើកសវនាការ​លើ​រឿងក្ដី​លោក​ សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ហើយ​បាន​លើក​ពេល​មក​ប្រកាស​សាល​ក្រម នៅ​រសៀល​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០១៧​នេះ​វិញ។​

លោក សួន សេរី​រដ្ឋា ត្រូវបាន​លោក ​រស់ ពិសិដ្ឋ ជា​ចៅក្រម​ជំនុំជម្រះ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែសីហា ក្រោម​ការចោទប្រកាន់​ចំនួន​៣​បទល្មើស។​ ក្នុង​សវនាការ លោក​ សួន សេរី​រដ្ឋា បាន​សារភាព​ទទួលស្គាល់​កំហុស​ អំពី​ការ​សរសេរ​សារ​នៅលើ​គណនី​ហ្វេ​ស​ប៊ុករបស់លោក ប៉ុន្តែ​លោក​បញ្ជាក់ថា ​នោះ​គឺជា​ការ​បញ្ចេញមតិ​រប​ស់​អ្នកនយោបាយ។​ តំណាងអយ្យការ លោក​ សៀង សុខ និង​លោក​ សេង ហៀ​ង បានស្នើ​ឱ្យ​តុលាការ​ផ្ដន្ទាទោស​ជន​ត្រូវចោទ​តាមច្បាប់។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា បាន​បញ្ជាក់ថា បន្ទាប់ពី​បាន​សាកសួរ និង​ពិនិត្យ​សំណុំ​រឿងនេះ​ចប់សព្វគ្រប់​រួចមក អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានរកឃើញថា អង្គហេតុ​ខាងលើ​បាន​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សន្តិសុខ​នៃ​កងយោធពលខេមរភូមិន្ទ ជា​បទល្មើស​ព្រហ្មទណ្ឌ រួមមាន បទ​ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់តាម​បញ្ញត្តិ​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ បទ​ធ្វើឱ្យ​ខូច​ទឹកចិត្ត​កងទ័ព តាម​បញ្ញត្តិ​មាត្រា​៤៧២ ​នៃក្រមព្រហ្មទណ្ឌ និងបទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ តាម​បញ្ញត្តិ​មាត្រា​៤៩៤​ និង​មាត្រា៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ដោយហេតុថា​ ករណី​ខាងលើ​ជា​បទមជ្ឈិម​ជាក់ស្តែង ហើយ​សំណុំ​រឿងនេះ​បាន​បំពេញ​លក្ខខណ្ឌ​នៃនីតិវិធី​ នៃ​ការ​បង្ហាញខ្លួន​ភ្លាម តាម​បញ្ញត្តិ​មាត្រា​៤៧ និង​មាត្រា៤៨ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​បានសម្រេច​ចោទប្រកាន់​ និង​បញ្ជូនជនជាប់ចោទ​ឈ្មោះ សួន សេរី​រដ្ឋា រួមទាំង​សំណុំរឿង តាម​កំណត់ហេតុ​ស្តីអំពី​ការបង្គាប់ឱ្យចូល​បង្ហាញខ្លួន​ភ្លាម ​លេខ០១៨ អ​.​យ​.​ឋ ចុះ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧ ទៅសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ជំនុំជម្រះ។​

សូមបញ្ជាក់ថា ​នៅក្នុង​សារ​របស់លោក សួន សេរី​រដ្ឋា ដែល​បង្ហោះ​លើ Facebook កាលពី​ថ្ងៃទី​១២ ​ខែសីហា ឆ្នាំ​២០១៧ មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ពេល​សង្គ្រាមកើតឡើង​ជាមួយនឹងប្រទេស​លាវនោះ​ លទ្ធផល​វា​នឹង​មិន​ខុសពី​សង្គ្រាម ដែល​កើតឡើង​ជាមួយនឹងប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ នឹង​ឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ ​សប្បាយ​ជាមួយ​ស្រី​ញីយ៉ាង​គគ្រឹកគគ្រេង​!​។ ពីព្រោះ​កន្លងមក​ដូច​យើង​ដឹងហើយ សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នកស្នេហាជាតិ ដែលចូល​ប្រយុទ្ធ​នៅ​ជួរមុខ​ទេ​។ ចំណែកឯ​ពួក​មេៗពាក់​ផ្កាយ និង កូន​លោកធំៗ ដែល​នៅ​ជួរ​ក្រោយចេញមុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់ ជាមួយ​ស្រីកំដរក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​» ។​

​សារ​របស់លោក សួន សេរី​រដ្ឋា បានធ្វើឱ្យ​មានការ​ប្រតិកម្ម​យ៉ាងខ្លាំង​ពី​សំណាក់​កងទ័ព និងមេបញ្ជាការ​កងទ័ព​នៅ​ទូទាំងប្រទេស ហើយ​ពួកគាត់​ចាត់ទុកថា ជាពិសេស​សម្ដេច​ ហ៊ុន សែន​បានបញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា ​ទង្វើ​របស់លោក​ សួន សេរី​រដ្ឋា មិនអាច​​អត់ឱន​ឱ្យបាន​ឡើយ ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114