ផ្ទុះប្រតិកម្មទៀតហើយនៅពេលក្រុមអ្នកតវ៉ា ដោយសន្តិវិធីត្រូវប៉ូលិសបំបែកដើម្បីឲ្យលោក Trump អាចថតរូបបាន
BREAKING NEWS
Search

ផ្ទុះប្រតិកម្មទៀតហើយនៅពេលក្រុមអ្នកតវ៉ា ដោយសន្តិវិធីត្រូវប៉ូលិសបំបែកដើម្បីឲ្យលោក Trump អាចថតរូបបាន

ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្កឲ្យមានកំហឹងជាថ្មីកាលពីថ្ងៃចន្ទបន្ទាប់ពីប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ាចេញពីខាងក្រៅសេតវិមានដូច្នេះគាត់អាចថតរូបនៅព្រះវិហារក្បែរនោះដែលរងការខូចខាតក្នុងអំឡុងពេលភាពវឹកវរស៊ីវិល។ រឿងនេះបានធ្វើឲ្យគាត់ទទួលរងការស្តីបន្ទោសយ៉ាងខ្លាំងពីសំណាក់អភិបាលក្រុង នាយកព្រះវិហារនិងមេដឹកនាំប្រជាធិបតេយ្យរួមទាំងអតីតអនុប្រធានាធិបតីលោក Joe Biden ផងដែរដែលបានរិះគន់ចំពោះការប្រើប្រាស់កម្លាំងដោយគ្រាន់តែសម្រាប់ “រូបថតមួយសន្លឹក”។

ដំណើររបស់លោក Trump ទៅកាន់ព្រះវិហារ St John’s ជាប្រវត្តិសាស្រ្តនៅតាមផ្លូវពីសេតវិមានបានកើតឡើងបន្ទាប់ពីលោកបានថ្លែងសុន្ទរកថាថ្កោលទោសការបំផ្លិចបំផ្លាញដែលបានកើតឡើងបន្ទាប់ពីមានបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ដែលបានធ្វើឲ្យប្រទេសនេះចលាចលអស់រយៈពេលមួយសប្តាហ៍មកហើយ។

នៅពេលលោកថ្លែង មន្ត្រីអនុវត្តន៍ច្បាប់រួមទាំងប៉ូលិសផងដែរអាចត្រូវបានគេមើលឃើញបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបណ្តេញក្រុមអ្នកតវ៉ាដោយសន្តិវិធីនៅឧទ្យាន Lafayette ខាងក្រៅសេតវិមានដូច្នេះលោកប្រធានាធិបតីអាចដើរទៅព្រះវិហារបាន។ ដោយត្រូវបានគេស្គាល់ថាជា “ព្រះវិហាររបស់ប្រធានាធិបតី”, ព្រះវិហារ St. John’s ត្រូវបានគេបាញ់ដោយរូបគំនូរនិងត្រូវបានខូចខាតផ្នែកខ្លះដោយសារតែអគ្គិភ័យក្នុងអំឡុងពេលនៃភាពចលាចលកាលពីថ្ងៃអាទិត្យ។

ដោយលើកគម្ពីរមួយ លោក Trump បានប្រកាសនៅខាងក្រៅព្រះវិហារនេះថា “យើងមានប្រទេសដ៏អស្ចារ្យមួយ”។ លោកមិនបានឆ្លើយសំណួរពីអ្នកសារព័ត៌មានទេមុនពេលចាកចេញ។ ទោះបីជាយ៉ាងណាក៏ដោយ មានប្រតិកម្មយ៉ាងច្រើនចំពោះសកម្មភាពនេះ។ លោក Biden ដែលជាបេក្ខជនប្រធានាធិបតី ក្នុងការបោះឆ្នោតខែវិច្ឆិកាបានស្តីបន្ទោសលោក Trump ចំពោះការប្រើប្រាស់យោធាអាមេរិកប្រឆាំងនឹងប្រជាជនអាមេរិកបន្ទាប់ពីលោកប្រធានាធិបតីបានប្តេជ្ញាបញ្ជាឲ្យមានការបង្ក្រាបដោយកងទ័ពទៅលើភាពវឹកវរស៊ីវិល។

លោក Biden បានបង្ហោះ Twitter កាលពីល្ងាចថ្ងៃចន្ទថា “គាត់បានបំបែកក្រុមអ្នកតវ៉ាដោយសន្តិវិធីនិងបានបាញ់គ្រាប់កាំភ្លើងជ័រសម្រាប់រូបថតមួយសន្លឹក។ សម្រាប់កូនៗរបស់យើង សម្រាប់ព្រលឹងនៃប្រទេសរបស់យើង យើងត្រូវតែយកឈ្នះគាត់”។ អភិបាលក្រុងវ៉ាស៊ីនតោនលោក Muriel Bowser បានហៅទង្វើនេះថា“គួរឲ្យអាម៉ាស់ណាស់”។

ចំណែកអភិបាលក្រុងញូវយ៉កលោក Andrew Cuomo ក៏បានបង្ហាញនូវការខឹងសម្បាផងដែរចំពោះឧប្បត្តិហេតុនេះ៕

ប្រភព៖ AFP
អត្ថបទ៖ វណ្ណវណ្ណ